នៅក្នុងបរិយាកាសសិក្សាដ៏មមាញឹក សិស្សនិស្សិតតែងប្រឈមមុខនឹងបន្ទុកសិក្សា ព្រមជាមួយកាតព្វកិច្ចផ្សេងៗទៀតជាច្រើន, ដូច្នេះ ជំនាញគ្រប់គ្រងពេលវេលាបានក្លាយជា ថ្នាលដ៏សំខាន់ មួយក្នុងការបង្កើនគុណភាពនៃការសិក្សា និងផលិតភាព។ តាមរយៈការគ្រប់គ្រងពេលវេលាប្រកបដោយប្រសិទ្ធភាព សិស្សអាចរក្សាតុល្យភាពរវាងការសិក្សា ជីវិតផ្ទាល់ខ្លួន និងការងារបន្ថែមបានយ៉ាងល្អ។ អត្ថបទនេះនឹងបង្ហាញពីភាពចាំបាច់ និងអត្ថប្រយោជន៍ដ៏សំខាន់នៃជំនាញគ្រប់គ្រងពេលវេលា ដែលជាគន្លឹះនាំទៅរកភាពជោគជ័យក្នុងការសិក្សា និងការរក្សាតុល្យភាពក្នុងជីវិតប្រចាំថ្ងៃ។
ភាពសំខាន់ចំពោះសិស្ស ៖ ជំនាញគ្រប់គ្រងពេល ជាដំណើរការមួយដែលត្រូវការសិក្សារៀនសូត្រពេញមួយជីវិត ឬជាដំណើរការសិក្សាក្នុងរយៈពេលវែង ដែលជួយឱ្យសិស្សមានផែនការសិក្សា ធ្វើការងារសាលាទាន់ពេល និងមានភាពទៀងទាត់ក្នុងការបង្កើតទម្លាប់រៀនសូត្រប្រចាំថ្ងៃ ហើយជំរុញទៅដល់ផលិតភាព និងការរក្សាតុល្យភាពចំពោះជីវិតនៅក្នុងដំណើរសិក្សា និងការប្រើប្រាស់ពេលផ្ទាល់ខ្លួន ដូចជាការទំនាក់ទំនងសង្គម ការចំណាយពេលជាមួយគ្រួសារ ការហាត់កីឡា និងអនុវត្តន៍សកម្មភាពមួយចំនួនដែលជួយឱ្យខ្លួនឯងកាន់តែមានភាពរីករាយដូចជាតន្រ្តី និងការគូសរូបជាដើម។

កាត់បន្ថយស្រេ្តស ៖ អត្ថប្រយោជន៍មួយទៀតដែលបានមកពីការមានជំនាញគ្រប់គ្រងពេលគឺការបន្ធូរបន្ថយស្រេ្តស និងអាការថប់បារម្ភដែលកើតមានជាទូទៅ នៅពេលដែលសិស្សមានលទ្ធភាពក្នុងការគ្រប់គ្រងស្ថានភាពនីមួយៗបានទៀងទាត់ពេលវេលា នោះនឹងនាំឱ្យពួកគេអាចជៀសចាកពីការពន្យារពេល កាត់បន្ថយភាពស្លន់ស្លោរ និងមានពេលគ្រប់គ្រាន់ក្នុងការឆ្លើយតបនឹងការដោះស្រាយបញ្ហាប្រកបដោយភាពវិជ្ជមាន។

អភិវឌ្ឍន៍ជំនាញផ្តោត និងការផ្ចង់ស្មារតី ៖ សិស្សដែលអាចរក្សាអាកប្បកិរិយាធ្វើតាមកាលវិភាគដែលបានកំណត់ បានជំរុញឱ្យសមត្ថភាពនៃការផ្តោតមានភាពនឹងធឹងជាងមុន ហើយដើម្បីរក្សាស្មារតីទៅលើការងារណាមួយបានល្អនិងគុណភាព គឺការជ្រើសរើសធ្វើការងារមួយក្នុងពេលតែមួយ ។
អភិវឌ្ឍន៍ជំនាញនៃការសម្រេចចិត្ត ៖ ដោយសារតែមានទម្លាប់រៀបចំបានល្អ គឺជាកត្តារួមផ្សំជួយឱ្យជំនាញនៃការសម្រេចចិត្តមានភាពរីកចម្រើនដូចគ្នា ព្រោះសិស្សមានសមត្ថភាពក្នុងការកំណត់អំពីកិច្ចការដែលមានអាទិភាព និងកិច្ចការបន្ទាប់បន្សំ និងបន្តអនុវត្តន៍សកម្មភាពដែលឆ្លើយតបនឹងតម្រូវការក្នុងនាមជាសិស្ស៕































