ការផ្លាស់ប្តូរ ការបាត់បង់ និងហានិភ័យនានា តែងបន្តកើតមានក្នុងការរស់នៅពុំអាចជៀសបាន ហើយការបន្តសម្របខ្លួនជាមួយបទពិសោធន៍លំបាកៗ ឬក៏សកម្មភាពប្រកួតប្រជែង គឺជាជំនាញពង្រឹងភាពធន់របស់ខ្លួនឯង។ គន្លឹះសាមញ្ញៗក្នុងការពង្រឹងជំនាញបត់បែន ភាពធន់ គឺការបន្សាំខ្លួនទៅនឹងការប្រកួតប្រជែង ដោយបញ្ជ្រាបការយល់ដឹងចំពោះខ្លួនឯង ការបង្កើតផែនការសកម្មភាព និងចាប់ផ្ដើមអនុវត្តន៍ផែនការជាដើម។ តែយ៉ាងណា តាមរយៈ Everydayhealth បានបង្ហាញវិធីសាស្រ្តក្នុងការពង្រឹងភាពធន់ ដោយយកចិត្តទុកដាក់ជាមួយសុខភាពផ្លូវចិត្ត អាកប្បកិរិយាវិជ្ជមាន ក៏ដូចជាការសម្របខ្លួនជាដើម។
មើលភាពប្រកួតប្រជែងជាឱកាស ៖ ផ្នត់គំនិតវិជ្ជមានមានឥទ្ធិពលយ៉ាងខ្លាំងក្នុងការយកឈ្នះបញ្ហា និងការសម្រេចចិត្តដែលឆ្លើយតបនឹងតម្រូវការ។ ហើយការជឿជាក់ថា រាល់បញ្ហាដែលត្រូវប្រឈម គឺជាឧបករណ៍ក្នុងការពង្រីកសមត្ថភាព និងពង្រឹងភាពធន់ គឺជាការមើលភាពប្រកួតប្រជែងជាឱកាស។ ដើម្បីបណ្តុះផ្នត់គំនិតទាំងនេះទៅបាន ត្រូវបង្កើតសំណួរក្រោយពេលជួបបញ្ហាដូចជា តើរៀនសូត្របានអ្វីខ្លះ? ឬធ្វើយ៉ាងដូចម្តេចដើម្បីបង្កើនភាពខ្លាំងជាងមុន? ហើយឱកាសអ្វីខ្លះដែលអាចទាញបានពីបញ្ហាដែលបានជួប។

ផ្តោតទៅលើអ្វីដែលអាចគ្រប់គ្រងបាន ៖ ភាពមិនប្រាកដប្រជាពីការងារជាច្រើន បានជំរុញឱ្យមានអាការថប់បារម្ភ និងបាត់បង់ថាមពល ដូច្នេះវិធីមួយដែលមានប្រសិទ្ធភាពក្នុងការតទល់នឹងបញ្ហានេះ គឺផ្តោតលើអ្វីដែលអាចគ្រប់គ្រងបានជាមុនសិន ទើបចាប់គិតដោះស្រាយទៅលើបញ្ហាបន្ទាប់ទៀត។

ពិនិត្យមើលទម្លាប់រស់នៅប្រចាំថ្ងៃ ៖ ភាពធន់មិនមែនសំដៅលើតែការដាក់វិន័យ និងបង្កើនភាពតឹងតែងជាមួយខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែជាការស្វែងរកឱ្យឃើញថា សកម្មភាពថែទាំខ្លួន និងការគិតគួរពីសុខភាពស្ថិតនៅក្នុងអាទិភាពដែរទេ? ការមិនត្រួតពិនិត្យអំពីការថែទាំខ្លួន បានបង្កនូវផលអវិជ្ជមានដូចជា អាការតានតឹង ពិបាកទំនាក់ទំនង និងបាត់បង់តុល្យភាពរវាងជីវិត និងការងារ ក៏ដូចជាការចុះថយនូវផលិតភាព។ ការពិនិត្យទៀតសោត គួរផ្ដោតលើសកម្មភាពមួយចំនួនដូចជា សម្រាកខ្លីៗឱ្យបានទៀងទាត់អំឡុងពេលធ្វើការ ប្រើប្រាស់ពេលឈប់សម្រាកធ្វើសកម្មភាពដែលពេញចិត្ត រក្សាទម្លាប់នាំឱ្យសុខភាពល្អមិនថា បរិភោគ គេង និងលំហាត់ប្រាណ៕




























