ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាលពីពេលថ្មីៗនេះ បានប្រកាសពីការបើកកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតា សម្រាប់ឆ្នាំ២០២៥ ដោយអនុញ្ញាតឱ្យសាធារណជន ក៏ដូចជាយុវជនអាចចូលរៀនជំនាញដូនតាចំនួន១៤ជំនាញដោយឥតគិតថ្លៃ នៅទីតាំងចំនួន១៦ ក្នុងខេត្តចំនួន៧។
ឯកឧត្តម ឈុំ ម៉េងហុង អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានប្រសាសន៍ថា សម្រាប់ឆ្នាំ២០២៥នេះ ក្រសួងគ្រោងនឹងបើកថ្នាក់បណ្តុះបណ្តាលជំនាញដូនតារហូតទៅដល់២០ថ្នាក់ ដែលនឹងទទួលសិក្ខាកាមឱ្យចូលរៀនចំនួន៣០០នាក់ ច្រើនជាងឆ្នាំទៅដែលទទួលសិក្ខាកាមតែចំនួន ១៨៥នាក់ប៉ុណ្ណោះ។

ដោយឡែកជំនាញដែលនឹងបណ្តុះបណ្តាលរួមមាន តម្បាញសូត្រ និងអំបោះ, តម្បាញក្រមាពណ៌ត្រុំ, ប៉ាក់ឌិន, ជម្លាក់ប្រាក់/ស្ពាន់, ចម្លាក់ស្បែក, ចម្លាក់ថ្ម, ខ្មុកស្មាច់, ខ្មុកម្រក្ស័ណ៍, ធ្វើសាជី, តម្បាញកន្ទេលផ្អាវ, ស្មូនឆ្នាំង, ផលិតឧបករណ៍ភ្លេង, ចម្លាក់ពុម្ព, កុលាលភាជន៍ និងគំនូរបុរាណ។
បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ការរៀនជំនាញដូនតា សម្រាប់សិស្សដែលមកពីគ្រួសារក្រីក្រដែលមានបណ្ណសមធម៌ និងគ្រួសារងាយរងហានិភ័យដែលមានបណ្ណសម្គាល់គ្រួសារងាយរងហានិភ័យ រាជរដ្ឋាភិបាលនឹងឧបត្ថម្ភប្រាក់ចំនួន ២៨ម៉ឺនរៀលក្នុងមួយខែថែមទៀត តែត្រូវបំពេញលក្ខខណ្ឌសិក្សាឱ្យបានត្រឹមត្រូវ។
យ៉ាងណាក៏ដោយ ឯកឧត្តម ឈុំ ម៉េងហុង បានធ្វើការអំពាវនាវដល់យុវជន សូមនាំគ្នាចុះឈ្មោះចូលរៀនជំនាញដូនតាឱ្យបានច្រើនកុះករ ដើម្បីមានជំនាញបន្ថែមអាចយកទៅប្រកបមុខរបរដើម្បីបង្កើនចំណូល ហើយការរៀនជំនាញដូនតានេះទៀតសោត គឺមានន័យថា យើងបានជួយចូលរួមថែរក្សានូវមរតកដូនតាឱ្យបានគង់វង្ស។

គួរជំរាបជូនថា ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតា គឺស្ថិតក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនចំនួន ១លាន៥សែននាក់ របស់រាជរដ្ឋាភិបាល ដែលកម្មវិធីសិក្សានេះមានការសម្របសម្រួលបណ្តុះបណ្តាលដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
យោងតាមអនុក្រឹត្យស្តីពីការអនុវត្តកម្មវិធីជាតិជំនួយសង្គមផ្នែកបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ត្រូវទទួលខុសត្រូវលើការចុះឈ្មោះចូលរៀន កម្មវិធីសិក្សាជំនាញវិជ្ជាជីវៈ និងបញ្ជាក់លក្ខខណ្ឌសិក្សារបស់យុវជនមកពីគ្រួសារមានបណ្ណសមធម៌ និងបណ្ណសម្គាល់គ្រួសារងាយរងហានិភ័យ តាមរយៈគ្រឹះស្ថានអប់រំបណ្ដុះបណ្តាល និងសាលាបណ្តុះបណ្តាលជំនាញ វិជ្ជាជីវៈដូនតា នៅតាមសហគមន៍ ដែលទទួលស្គាល់ដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ៕































