ក្នុងបាឋកថាស្តីពី ៖ “ខ្ញុំចង់ក្លាយជាគ្រូបង្រៀនល្អ” កាលពីពេលថ្មីៗនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា គ្រូ ជាកត្តាចម្បងក្នុងការសម្រេចគុណភាពអប់រំ។
ឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន មានប្រសាសន៍បញ្ជាក់ថា ការអប់រំពេលបបច្ចុប្បន្ន ត្រូវលើកកម្ពស់ចំណេះដឹង ជំនាញវិជ្ជាជីវៈ សមត្ថភាព សហគ្រិន ការច្នៃប្រឌិត នវានុវត្តន៍ គុណធម៌ មនសិការស្នេហាជាតិ និងស្មារតីទទួលខុសត្រូវ សុខភាពល្អ និងកាយសម្បទារឹងមាំ តួនាទីស្រ្តី និងកិច្ចគាំពារសង្គម ដើម្បីប្រែក្លាយកម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០ ដែលពលរដ្ឋត្រូវមានបំណិនសតវត្សទី២១ និងភាពជាពលរដ្ឋសកល។
ឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន បានរំលេចថា ចំណុចស្នូលដែលគ្រូបង្រៀនល្អមាន គឺគុណវុឌ្ឍិរឹងមាំ និងទូលំទូលាយ (សញ្ញាបត្រ ការបណ្តុះបណ្តាល), សម្បទាគរុកោសល្យ (ការសមប្រកបដោយគរុកោសល្យ), បទពិសោធការងារ (ស្រាវជ្រាវ នវានុវត្តន៍), ភាសាបរទេស បច្ចេកវិទ្យា ស្រាវជ្រាវជាប្រចាំ ដោយបណ្តុះស្មារតីការសិក្សាពេញមួយជីវិត និងសីលធម៌វិជ្ជាជីវៈវិជ្ជាជីវៈ រួមមាន ១. លើកកម្ពស់សីលធម៌របស់គ្រូបង្រៀន ២. លើកកម្ពស់សេចក្តីថ្លៃថ្នូររបស់គ្រូបង្រៀន ៣. លើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការអប់រំ។
ឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន លើកឡើងទៀតថា ដើម្បីសម្រេចគោលដៅដ៏ជាក់លាក់នេះ លោកគ្រូ អ្នកគ្រូ ត្រូវមាន ឆន្ទៈ ការប្តេជ្ញាចិត្តខ្ពស់ សមត្ថភាព ឱកាស និងការចូលរួមគាំទ្រពីសំណាក់ភាគីពាក់ព័ន្ធទាំងអស់។ ទន្ទឹមនឹងនេះ ក្នុងនាមជាអ្នកដឹកនាំ ក៏ត្រូវតែមានវិន័យ គោរពពេលវេលា ទន់ភ្លន់តែម៉ឺងម៉ាត់ រៀនស្តាប់ រៀនគិត រៀនកត់ រៀនសួរ រៀនឆ្លើយ រៀននិយាយ រៀនធ្វើឱ្យសង្គមទទួលស្គាល់ ឱ្យតម្លៃ និងត្រូវការ ដូចពាក្យចាស់ពោលថា “គ្រូជាឪពុកម្តាយទីពីរ” ស្រឡាញ់សិស្ស យកចិត្តទុកដាក់ បារម្ភពីសិស្ស និងជួយសិស្សគ្រប់កាលៈទេសៈ។

គួរជំរាបជូនថា ដើម្បីឆ្លើយតបទៅនឹងបរិបទសកលភាវូនីយកម្ម ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំគោលនយោបាយស្តីពីគ្រូបង្រៀន ដែលមានចក្ខុវិស័យ កសាងគ្រូបង្រៀន ឱ្យមានចំណេះដឹង ជំនាញ សីលធម៌ និងមានសមត្ថភាពអនុវត្តវិជ្ជាជីវៈ ដោយមានការទទួលស្គាល់ពីសង្គម, ការកសាងគ្រូបង្រៀនឆ្នើមដែលមានឧត្តមភាព សក្កដានុពល សង្គមកោតស្ងប់ស្ងែង ដើម្បីផលិតមូលធនមនុស្សកម្ពុជា ឆ្លើយតបទៅនឹងសង្គមពុទ្ធិ និងវិបុលភាព៕































