បើនិយាយអំពីការសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Oxford នៃចក្រភពអង់គ្លេស សម្រាប់សិស្ស-និស្សិតអន្តរជាតិ គេនឹងនឹកឃើញមុនគេដល់កម្មវិធីអាហារូបករណ៍ Rhodes (Rhodes Scholarship) ដែលជាអាហារូបករណ៍មានអាយុចំណាស់ជាងគេលើពិភពលោក ពោលគឺតាំងពីឆ្នាំ១៩០៣។
តើអាហារូបករណ៍ Rhodes ជាអ្វី?
យោងតាមគេហទំព័រ Rhodes Trust បានបង្ហាញថា Rhodes ជាអាហារូបករណ៍ដែលផ្ដល់ជូនការសិក្សាសម្រាប់ថ្នាក់ក្រោយឧត្ដមសិក្សា ដែលមានរយៈពេលសិក្សាចាប់ពី ២ ទៅ ៣ឆ្នាំ ហើយតែងតែផ្ដល់ឱកាសសិក្សាច្រើនជាង១០០នាក់ក្នុងមួយឆ្នាំ និងគាំទ្រលើការសិក្សា និងស្នាក់នៅកំឡុងពេលសិក្សាជាច្រើនដូចជា តម្លៃសិក្សា កន្លែងស្នាក់នៅ ប្រាក់ឧបត្ដម្ភប្រចាំខែ និងអត្ថប្រយោជន៍ជាច្រើនទៀត។
តាមគេហទំព័រដដែលបានលើកឡើងថា លក្ខណៈវិនិច្ឆ័យនៃការជ្រើសរើសសិស្ស-និស្សិត របស់អាហារូបករណ៍ Rhodes គឺតម្រូវទៅតាមលក្ខខណ្ឌរបស់បុគ្គល ដែលទាក់ទងទៅតាមជំនាញផ្សេងៗគ្នាដែលនិស្សិតចង់ស្នើទៅសិក្សា។ អាហារូបករណ៍ Rhodes ផ្ដល់ជូនមូលនិធិនេះទៅកាន់សិស្ស-និស្សិតទូទាំងពិភពលោកឱ្យទទួលបានឱកាសសិក្សាជំនាញផ្សេងៗ នៅក្រោមមហាវិទ្យាល័យចំនួន៣៩ នៃសាកលវិទ្យាល័យ Oxford។ ក្រៅពីសិស្ស និស្សិត អាហារូបករណ៍ក៏ផ្ដល់ឱ្យ មន្ត្រីរាជការក្នុងជួររដ្ឋាភិបាល អ្នកនៅក្នុងផ្នែកអប់រំ អ្នកសិល្បៈ អ្នកបម្រើការងារនៅអង្គការក្រៅរដ្ឋាភិបាល អ្នកជំនួញពាណិជ្ជកម្ម អ្នកស្រាវជ្រាវ អ្នកសារព័ត៌មាន អ្នកនៅក្នុងវិស័យវេជ្ជសាស្ត្រ និងវិស័យផ្សេងៗជាច្រើនទៀត។

បើតាមគេហទំព័រ Arizona State University ក៏បានបង្ហាញពីលក្ខខណ្ឌនៃការស្នើពាក្យអាហារូបករណ៍ Rhodes ដោយបេក្ខជនត្រូវមានអាយុចន្លោះពី១៨ឆ្នាំ ដល់២៤ឆ្នាំ (គិតត្រឹមថ្ងៃទី១ ខែតុលា រៀងរាល់ឆ្នាំ) ត្រូវមានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រ ឬសញ្ញាបត្រមានតម្លៃស្មើ និងលក្ខខណ្ឌផ្សេងៗដែលអាចនឹងមានការប្រែប្រួលទៅតាមឆ្នាំ។ ជាមួយគ្នានេះ បេក្ខជនដែលមានជំនាញផ្នែកអក្សរសាស្ត្រ មានចំណេះដឹងភាសាអង់គ្លេស មានឆន្ទៈក្នុងការសិក្សា មានគំនិតច្នៃប្រឌិត មានភាពជាអ្នកដឹកនាំ និងមានឆន្ទៈក្នុងការជួយសង្គមក្រោយបញ្ចប់ការសិក្សា ក៏ជាបេក្ខជនដែលមានអាទិភាពក្នុងការស្នើពាក្យទៅសិក្សាផងដែរ។

គួរបញ្ជាក់ថា Rhodes Scholarship ជាអាហារូបករណ៍ដែលផ្ដល់ជូនមូលនិធិសិក្សាពេញលេញ ការសិក្សាពេញម៉ោងនៅសាកលវិទ្យាល័យ និងផ្ដល់ឱកាសជាច្រើនសម្រាប់បេក្ខជនក្នុងកំឡុងពេលស្នាក់នៅ និងសិក្សា។ ក្រៅពីសាកលវិទ្យាល័យ Oxford អាហារូបករណ៍ Rhodes ក៏ផ្ដល់ឱ្យសិក្សានៅសាកលវិទ្យាល័យល្បីៗជាច្រើនដូចជា សាកលវិទ្យាល័យ Harvard សាកលវិទ្យាល័យ Yale, សាកលវិទ្យាល័យ Princeton, សាកលវិទ្យាល័យ Standford, សាកលវិទ្យាល័យ Chicago និងសាកលវិទ្យាល័យផ្សេងៗជាច្រើនទៀត។ នេះបើតាមការផ្សាយរបស់គេហទំព័រ Collegevine។
ជាមួយគ្នានេះ ប្រសិនបើបេក្ខជនមានចំណាប់អារម្មណ៍ក្នុងការដាក់ពាក្យស្នើសុំអាហារូបករណ៍ Rhodes 2025 បេក្ខជនអាចរងចាំ តាមដាន ព័ត៌មាននៃអាហារូបករណ៍ដែលតែងតែប្រកាសបើកទទួលពាក្យនៅក្នុងខែកក្កដា រៀងរាល់ឆ្នាំ និងអាចចូលទៅកាន់តំណរភ្ជាប់ https://rhodes.embark.com/login/apply?target=2025 ដើម្បីស្នើពាក្យឆ្នាំសិក្សា២០២៥៕































