ពីពិធីប្រកាសដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី នៅវិទ្យាល័យទ្រៀល ក្នុងស្រុកតាំងគោក ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី៣ វិច្ឆិកា សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា ទោះបីជាការបង្រៀនតាមប្រព័ន្ធឌីជីថលមានភាពទំនើប និងជឿនលឿនយ៉ាងណាក៏ដោយ ក៏មិនត្រូវបោះបង់ចោលការអាន និងការរៀនសូត្រតាមរយៈសៀវភៅនោះឡើយ។
សម្តេចនាយករដ្ឋមន្រ្តីបានណែនាំឱ្យរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងរដ្ឋមន្រ្ដីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សហការរៀបចំការសិក្សាដោយបង្កើនលើការអានជាចំបង ចំណែកថ្នាក់រៀនឌីជីថល គឺសម្រាប់ការជំរុញបន្ថែម។
“ការរៀនមិនត្រូវចោលទេការអានសៀវភៅ, ការអានសៀវភៅត្រូវតែជាអានសៀវភៅក្រដាស ដោយមិនត្រូវឱ្យសិស្សអានសៀវភៅឌីជីថល…”
សម្ដេចធិបតី បានលើកឡើងជាឧទាហរណ៍ថា ប្រទេសរីកចម្រើនមួយចំនួនដូចជា ប្រទេសដាណឺម៉ាក ស៊ុយអែត និងបណ្តាប្រទេសដទៃទៀត បាននិងកំពុងកែប្រែទម្រង់ពីការប្រើប្រាស់ថ្នាក់រៀនឌីជីថលសុទ្ធសាធ ឱ្យងាកមកបញ្ចូល និងប្រើប្រាស់សៀវភៅឡើងវិញ បន្ទាប់ពីការសិក្សាស្រាវជ្រាវ និងការអនុវត្តកន្លងមកបានបង្ហាញថា ការពឹងផ្អែកលើប្រព័ន្ធឌីជីថលទាំងស្រុង បានធ្វើឱ្យកម្រិតនៃការសិក្សារបស់សិស្សានុសិស្សមានភាពថយចុះ ឬរៀនខ្សោយជាងមុន។

តាមរយៈចំណុចនេះ សម្តេចធិបតីបានសង្កត់ធ្ងន់ថា ការបញ្ចូលគ្នារវាងការប្រើប្រាស់បច្ចេកវិទ្យាទំនើប និងការអានសៀវភៅបែបបុរាណដោយការកាន់ផ្ទាល់ដៃ គឺជា មធ្យោបាយដ៏មានប្រសិទ្ធភាពបំផុត ដើម្បីធានាបាននូវគុណភាពអប់រំ និងការចងចាំរបស់សិស្សានុសិស្សឱ្យកាន់តែប្រសើរឡើងថែមទៀត៕













































































