ជាឱកាសសម្រាប់សិស្សនិស្សិតកម្ពុជាដែលចង់បន្តការសិក្សានៅប្រទេសវៀតណាម, ក្នុងឆ្នាំសិក្សា ២០២៦-២០២៧នេះ សាកលវិទ្យាល័យ Ton Duc Thang ប្រទេសវៀតណាម នឹងផ្តល់អាហារូបករណ៍ចំនួន ៤០កន្លែង ដល់និស្សិតកម្ពុជា សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ អាហារូបករណ៍នេះត្រូវបានចែកចេញជាពីរ គឺអាហារូបករណ៍ពេញលេញ (១០០%) ចំនួន ២០កន្លែង និង អាហារូបករណ៍មិនពេញលេញ (៧៥%) ចំនួន ២០កន្លែង។
ជំនាញសំខាន់ៗនៅ Ton Duc Thang University រួមមាន ៖ ការគ្រប់គ្រងពាណិជ្ជកម្ម, ហិរញ្ញវត្ថុ-ធនាគារ, គណនេយ្យអន្តរជាតិ, វិស្វកម្មស្វ័យប្រវត្តិកម្ម, វិស្វកម្មកម្មវិធី, វិទ្យាសាស្រ្តកុំព្យូទ័រ, វិស្វកម្មសំណង់ស៊ីវិល, វិទ្យាសាស្រ្តសង្គម និងមនុស្សសាស្រ្ត, ជីវបច្ចេកវិទ្យា, វិស្វកម្មគីមី, គណិតវិទ្យាអនុវត្ត, ស្ថិតិ, ឱសថស្ថាន, គ្រប់គ្រងទីផ្សារ។ល។
ការសិក្សាជាទូទៅមានរយៈពេល៤ឆ្នាំ ហើយជំនាញឱសថស្ថាន មានរយៈពេល៥ឆ្នាំ។ សម្រាប់និស្សិតបរទេស នឹងត្រូវសិក្សាភាសាវៀតណាមបន្ថែមមួយឆ្នាំ។

ឯកសារដាក់ពាក្យសម្រាប់បេក្ខជនមកពីប្រទេសកម្ពុជា ៖ ពាក្យសុំចុះឈ្មោះចូលរៀន, សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បកប្រែជាភាសាវៀតណាម ឬអង់គ្លេស បន្ទាប់មកត្រូវមានការបញ្ជាក់ដោយក្រសួងអប់រំ ស្ថានទូតវៀតណាម), ព្រឹត្តិបត្រពិន្ទុ មធ្យមសិក្សា (ចាំបាច់ត្រូវបកប្រែជាភាសាវៀតណាម ឬអង់គ្លេស បន្ទាប់មកការបកប្រែត្រូវតែមានការបញ្ជាក់ដោយក្រសួងអប់រំ ស្ថានអគ្គកុងស៊ុលវៀតណាម ឬស្ថានទូតវៀតណាម), ប័ណ្ណពិនិត្យសុខភាព (ភាសាអង់គ្លេស ឬវៀតណាម), លិខិតឆ្លងដែន (ច្បាប់ចម្លងដែលមានការបញ្ជាក់)។ បេក្ខជនត្រូវផ្ញើច្បាប់ចម្លងឯកសារខាងលើនេះ ទៅកាន់អ៊ីមែល (ឯកសារ PDF) ៖ admission.undergraduate@tdtu.edu.vn ។
សម្រាប់ព័ត៌មានបន្ថែម និងលក្ខខណ្ឌកំណត់ផ្សេងៗ នៃកម្មវិធីអាហារូបករណ៍ សូមបេក្ខជនទំនាក់ទំនងផ្ទាល់ជាមួយ Research and Training Institute (INCRETI) at Ton Duc Thang University តាមរយៈអ៊ីមែល dinhhoangbach@tdtu.edu.vn៕














































































