ខណៈប្រទេសជាច្រើននៅលើពិភពលោកកំពុងរឹតត្បិតការប្រើប្រាស់ទូរស័ព្ទនៅក្នុងថ្នាក់រៀន, សម្រាប់ប្រទេសកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា រំពឹងថា នៅឆ្នាំ២០២៧ខាងមុខនេះ សាលារៀននៅទូទាំងប្រទេស នឹងគ្មានថ្នាក់រៀនណាដែលសិស្សប្រើប្រាស់ទូរស័ព្ទដៃក្នុងថ្នាក់ ដោយគ្មានការអនុញ្ញាតពីគ្រូបង្រៀនឡើយ។
ក្នុងពិធីសម្ពោធអគារសិក្សា និងសមិទ្ធផលនានាក្នុងវិទ្យាល័យទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី៣ វិច្ឆិកា សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា បច្ចេកវិទ្យាឌីជីថលកាន់តែមានភាពរីកចម្រើនឆាប់រហ័ស ការសិក្សាមួយផ្នែកបានងាកចេញពីការបង្រៀនបែបប្រពៃណីទៅជាការបង្រៀនតាមប្រព័ន្ធឌីជីថល។ ទោះជាមានគុណសម្បត្តិច្រើនក៏ពិតមែន តែគុណវិបត្តិនៃការប្រើប្រាស់ឌីជីថលហួសហេតុ អាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ការគិតរបស់កុមារ និងយុវជន ដែលទាមទារឱ្យមានការថ្លឹងថ្លែងគ្រប់ជ្រុងជ្រោយ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត សង្កត់ធ្ងន់ថា ការប្រើប្រាស់ឌីជីថលទាំងអស់ នឹងធ្វើឱ្យសិស្សកាន់តែខ្ជិលច្រអូស ការចងចាំអន់ថយ ឃ្លាតឆ្ងាយពីសង្គម ជាពិសេសស្របពេលបញ្ញាសិប្បនិម្មិត AI កំពុងរីកចម្រើនផងនោះ កាន់តែត្រូវយកចិត្តទុកដាក់បន្ថែមទៀត។ សម្ដេច ណែនាំដល់គ្រប់សាលា ពិនិត្យលើការគ្រប់គ្រងការប្រើប្រាស់ទូរស័ព្ទរបស់សិស្ស ជៀសវាងការប្រើប្រាស់មិនចំគោលដៅ។
“លើកលែងតែម៉ោងរៀនដែលគ្រូអនុញ្ញាតឱ្យសិស្សប្រើប្រាស់ទូរស័ព្ទសម្រាប់ស្រាវជ្រាវ ក្រៅពីនេះ គឺសូមកុំឱ្យប្រើប្រាស់ទូរសព្ទដាច់ខាតក្នុងម៉ោងរៀន”
បើតាមសម្តេចធិបតី ហ៊ុន ម៉ាណែត ការហាមប្រើប្រាស់ទូរសព្ទដៃក្នុងម៉ោងរៀន គឺដើម្បីឱ្យសិស្សផ្តោតទៅលើការសិក្សាដោយទទួលបាននូវលទ្ធផលល្អគ្រប់ៗគ្នាពេលប្រឡងបញ្ចប់ការសិក្សាក្នុងរយៈពេល១២ឆ្នាំ។
លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា យល់ស្របចំពោះការហាមឃាត់ការប្រើប្រាស់ទូរសព្ទមិនចំគោលដៅនៅក្នុងថ្នាក់រៀននេះ។ លោកលើកឡើងថា តាមរយៈការអានព័ត៌មានស្ដីពីបច្ចេកវិទ្យាវិទ្យាសាស្រ្ត លោកឃើញថា កុមារប្រើប្រាស់ទូរស័ព្ទដៃស្មាតហ្វូន ថេបប្លេត ច្រើនម៉ោងពេក ការសម្លឹងកញ្ចក់អេក្រង់ អាចធ្វើឱ្យពួកគេបាត់នូវការផ្ចង់អារម្មណ៍ ហើយនៅក្នុងការសិក្សារៀនសូត្រ កាលណាបាត់ការផ្ចង់អារម្មណ៍ គឺមិនអាចរៀនចូលទេ។ តែជាមួយគ្នានេះ លោកបណ្ឌិតយល់ថា ការអនុញ្ញាតពីគ្រូឱ្យប្រើប្រាស់ទូរសព្ទដៃជាមុននេះ ជារឿងមួយដែលត្រឹមត្រូវ ពីព្រោះកម្មវិធីខ្លះត្រូវការប្រើប្រាស់ស្មាតហ្វូន៕













































































