មនុស្សជាច្រើនយល់ច្រឡំថា ពាក្យថា «វិន័យ» គឺជាទ្រុងដែកដែលរឹតត្បិតសេរីភាព ឬជាទោសទណ្ឌដែលបង្ខំចិត្តឱ្យធ្វើរឿងដែលមិនចូលចិត្ត។ ផ្ទុយទៅវិញ នៅក្នុងសៀវភៅល្បីល្បាញទូទាំងពិភពលោក Discipline Equals Freedom របស់លោក Jocko Willink បានបង្ហាញនូវទស្សនវិជ្ជាជាក់ស្តែងមួយ “បើគ្មានវិន័យទេ អ្នកនឹងគ្មានថ្ងៃទទួលបានសេរីភាពពិតប្រាកដឡើយ”។
សេរីភាពផ្នែកហិរញ្ញវត្ថុកើតចេញពីវិន័យក្នុងការសន្សំ និងចាត់ចែងលុយកាក់, សេរីភាពពីរោគា តម្រូវឱ្យមានវិន័យក្នុងការហាត់ប្រាណ និងបរិភោគ, សេរីភាពនៃពេលវេលា គឺកើតចេញពីការគ្រប់គ្រងខ្លួនឯងមិនឱ្យខ្ជះខ្ជាយពេល។ សម្រាប់យុវជនដែលចង់រំដោះខ្លួនចេញពីភាពស្រពិចស្រពិល និងការរស់នៅតាមយថាកម្ម នេះជាគន្លឹះទាំង ៥ ដើម្បីកសាងការគ្រប់គ្រងខ្លួនឯងឱ្យបានរឹងមាំបំផុត៖
១. ចាប់ផ្តើមពីថ្ងៃនេះ កុំរង់ចាំ «ពេលវេលាល្អឥតខ្ចោះ»
មេរោគដ៏កាចសាហាវបំផុតដែលសម្លាប់ក្តីស្រមៃរបស់អ្នក គឺជំងឺ «ចាំស្អែក» ឬចាំដើមខែ ចាំឆ្នាំថ្មី។ លោក Jocko Willink រំឭកថា «Tomorrow does not exist. There is only now» (ថ្ងៃស្អែកមិនមានពិតទេ មានតែពេលឥឡូវនេះប៉ុណ្ណោះ)។ បើអ្នកចង់អានសៀវភៅ ចង់ហាត់ប្រាណ ឬរៀនជំនាញថ្មី ចូរចាប់ផ្តើមភ្លាមៗក្នុងពេលនេះ ទោះបីជាការអានតែមួយទំព័រ ឬការអាវ៉ង់តែ ៥ ដងក៏ដោយ។ ជំហានតូចៗដែលធ្វើភ្លាមៗ មានឥទ្ធិពលជាងគម្រោងការធំធេងដែលត្រូវពន្យារពេលជានិច្ច។
២. ធ្វើវាទោះគ្មានអារម្មណ៍ចង់ធ្វើ (The War of Attrition)

អារម្មណ៍ និងការចង់បាន គឺជារឿងមិនអាចទុកចិត្តបានឡើយ។ ខួរក្បាលរបស់មនុស្សត្រូវបានរចនាឡើងដើម្បីស្វែងរកភាពងាយស្រួល និងសុវត្ថិភាព ដូច្នេះវានឹងស្រែកតវ៉ាជានិច្ចនៅពេលអ្នកត្រូវធ្វើកិច្ចការលំបាក។ វិន័យពិតប្រាកដ គឺសមត្ថភាពក្នុងការផ្ដាច់សកម្មភាពចេញពីអារម្មណ៍។ នៅពេលដែលអ្នកទន់ជ្រាយ ហត់នឿយ ឬខ្ជិល ចូរប្រើពាក្យមួយម៉ាត់របស់ Jocko គឺ «Do it anyway» (ធ្វើវាទោះជាយ៉ាងណាក៏ដោយ)។ ការយកឈ្នះសំឡេងតវ៉ាក្នុងចិត្តនៅពេលនេះហើយ ដែលកម្លាំងចិត្តពិតប្រាកដត្រូវបានបង្កើតឡើង។
៣. ឈ្នះសមរភូមិពេលព្រឹក (Master the Alarm Clock)
រាល់ថ្ងៃថ្មីនីមួយៗចាប់ផ្តើមដោយការសាកល្បងមួយ, នៅពេលម៉ោងរោទ៍រោទ៍ឡើង តើអ្នកចុចពន្យារពេល (Snooze) ឬអ្នកក្រោកឈរភ្លាម? ការចុចពន្យារពេលគឺជាការចុះចាញ់លើកដំបូងនៃថ្ងៃថ្មី ដែលជាសញ្ញាប្រាប់ subconscious ថាអ្នកកំពុងពន្យារពេលជីវិតរបស់អ្នក។ នៅក្នុងសៀវភៅ Discipline Equals Freedom ការក្រោកពីព្រលឹម (ជាទូទៅម៉ោង ៤:៣០ ព្រឹកសម្រាប់ Jocko) គឺជាការដណ្តើមយកជ័យជម្នះមុនគេបង្អស់។ វាមិនត្រឹមតែផ្តល់ពេលវេលាស្ងប់ស្ងាត់សម្រាប់រៀបចំផែនការ និងពង្រឹងរាងកាយប៉ុណ្ណោះទេ ប៉ុន្តែវាជាការប្រកាសយ៉ាងច្បាស់ថា អ្នកគឺជាអ្នកបញ្ជាលើជីវិតខ្លួនឯង មិនមែនឱ្យគ្រែដេកជាអ្នកបញ្ជាឡើយ។
៤. កុំពឹងលើការលើកទឹកចិត្ត ព្រោះវាជា «អ្នកបោកប្រាស់»
មនុស្សជាច្រើនបរាជ័យ ដោយសាររង់ចាំឱ្យមាន «កម្លាំងចិត្ត» (Motivation) ទើបព្រមធ្វើសកម្មភាព។ ការលើកទឹកចិត្តប្រៀបដូចជាផ្កាភ្លើង វាឆេះសន្ធោសន្ធៅមួយភ្លែត រួចក៏រលត់បាត់ទៅវិញនៅពេលជួបឧបសគ្គ ឬភាពនឿយហត់។ ផ្ទុយទៅវិញ វិន័យគឺជាម៉ាស៊ីនចំហេះខាងក្នុងដែលដំណើរការដោយស្វ័យប្រវត្តិ។ វិន័យមិនខ្វល់ថា អាកាសធាតុត្រជាក់ ភ្លៀងធ្លាក់ ឬអ្នកមិនសប្បាយចិត្តនោះទេ វានៅតែរុញច្រានអ្នកទៅមុខ។ ចូរឈប់ស្វែងរកវីដេអូបំផុសកម្លាំងចិត្ត ហើយចាប់ផ្តើមកសាងទម្លាប់ជាក់ស្តែងជំនួសវិញ។
៥. ភាពជាប់លាប់មានតម្លៃជាងភាពល្អឥតខ្ចោះ

មនុស្សភាគច្រើនឆាប់បោះបង់ ដោយសារតែការរំពឹងលទ្ធផលល្អឥតខ្ចោះលឿនពេក។ នៅពេលធ្វើមិនបានល្អដូចចិត្ត ឬភ្លាត់ស្នៀតមួយថ្ងៃ ពួកគេក៏សម្រេចចិត្តបោះបង់ចោលទាំងស្រុង។ ការអនុវត្តវិន័យមិនមែនជាការរត់ប្រណាំងចម្ងាយខ្លីទេ វាជាការរត់ម៉ារ៉ាតុង។ ការហាត់ប្រាណត្រឹម ២០ នាទីរាល់ថ្ងៃជាប់គ្នារយៈពេល ៦ ខែ ផ្តល់ផលប្រសើរជាងការហាត់ ៣ ម៉ោងក្នុងមួយថ្ងៃតែធ្វើបានតែមួយសប្តាហ៍។ ការសន្សំបន្តិចម្តងៗជារៀងរាល់ថ្ងៃគឺជាយុទ្ធសាស្ត្រដែលកសាងភាពអស្ចារ្យ៕














































































