ភ្នំពេញ – សិស្សថ្នាក់ទី១០ ១១ និងទី១២ នៃសាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ ប្រមាណជាង១០០០នាក់ បានចូលរួមសិក្ខាសាលាស្តីពី “ការរៀបចំផែនការអាជីព និងការជ្រើសរើសជំនាញសិក្សាសម្រាប់សិស្សមធ្យមសិក្សាទុតិយភូមិ” ដើម្បីទទួលបានគន្លឹះក្នុងការជ្រើសរើសអាជីពការងារមួយដ៏ត្រឹមត្រូវ និងស័ក្តិសមនឹងចំណេះដឹង ជំនាញ ទេព្យកោសល្យ និងទីផ្សារការងារនៅពេលអនាគត។
ថ្លែងក្នុងសិក្ខាសាលាដែលធ្វើឡើងកាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ លោក តែ ឡាយ ប្រធាននាយកអប់រំនៃបណ្តាញគ្រឹះស្ថាអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប បានលើកឡើងថា សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងជំរុញសិស្សានុសិស្សឱ្យចេះរៀបចំផែនសម្រាប់អាជីពការងារមួយដ៏ច្បាស់លាស់សម្រាប់អនាគតរបស់ខ្លួនឯង ក៏ដូចជាលើកទឹកចិត្តសិស្សានុសិស្សខិតខំសិក្សារៀនសូត្រលើមុខវិជ្ជាសំខាន់ៗ ដើម្បីត្រៀមចូលសិក្សានៅកម្រិតឧត្តមសិក្សាផងដែរ។
លោកបន្ថែមថា សិស្សានុសិស្សត្រូវចេះឈ្វេងយល់ និងស្គាល់ពីខ្លួនឯងឱ្យបានច្បាស់ពីទេព្យកោសល្យ ការស្រឡាញ់ ចំណង់ចំណូលចិត្ត ចំណុចខ្លាំង ចំណុចខ្សោយ និងបុគ្គលិកលក្ខណៈ ដើម្បីងាយស្រួលជ្រើសរើសជំនាញសិក្សាបន្ត បន្ទាប់ពីបញ្ចប់ថ្នាក់ទី១២ខាងមុខនេះ។
លោក តែ ឡាយ បានសង្កត់ធ្ងន់ថា “ក្រៅពីចាប់យកចំណេះ ជំនាញសិក្សាគោលហើយ សិស្សានុសិស្សក៏ត្រូវផ្តោតសំខាន់លើជំនាញទាំងបួនក្នុងសតវត្សទី២១ គឺជំនាញគិត ត្រិះរិះពិចារណា ជំនាញទំនាក់ទំនង ជំនាញសហការ និងជំនាញច្នៃប្រឌិត”។
សូមជម្រាបថា សិក្ខាសាលាខាងលើនេះសហការរៀបចំឡើងដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហភាពសហព័ន្ធយុវជនកម្ពុជា វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងសាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍។ ហើយកម្មវិធីនេះរៀបចំដោយផ្ទាល់នៅសាលារៀនវ៉េស្ទឡាញន៍ សាខាច្បារអំពៅ និងតាមប្រព័ន្ធអនឡាញ(Zoom) ដល់សាខាទាំង១០បន្តទៀត។
ទទ្ទឹមនឹងនេះ លោកស្រី អ៊ូច ជាច័ន្ទមល្លិកា អនុប្រធាន NEA បានឱ្យដឹងថា ការណែនាំតម្រង់ទិសជ្រើសរើសជំនាញសិក្សា ដើម្បីបន្តទៅថ្នាក់ឧត្តមសិក្សាគឺជារឿងសំខាន់ខ្លាំង ដើម្បីជួយដល់សិស្សានុសិស្សក្នុងការរៀបចំផែនការអាជីព និងការសិក្សា ដែលផ្សារភ្ជាប់នឹងតម្រូវការទីផ្សារការងារ។
លោកស្រី មល្លិកា បន្ថែមថា “ជាការពិត ការសម្រេចចិត្តលើផ្នែកនេះមិនមែនជាការងាយស្រួលនោះទេ ពីព្រោះសិស្សម្នាក់ៗត្រូវធ្វើការឈ្វេងយល់ឱ្យបានស៊ីជម្រៅអំពីកត្តាពាក់ព័ន្ធនានាដូចជា ការឈ្វេងយល់ពីកត្តាខ្លួនឯង ចំណង់ចំណូលចិត្ត ជំនាញ គុណតម្លៃ និងបុគ្គលិកលក្ខណៈដែល ស័ក្តិសមសម្រាប់ការសិក្សាមុខវិជ្ជានីមួយៗ។ ដូចច្នេះ តាមរយៈសៀវភៅកម្រងសំណួរ ឈ្វេងយល់ពីខ្លួនឯងនឹងអាចផ្ដល់ជាគន្លឹះ និងព័ត៏មានសម្រាប់សិស្សនុសិស្សធ្វើការសម្រេចចិត្តប្រកបដោយប្រសិទ្ធភាព និងអាចសម្រេចក្តីសុបិនរបស់ពួកគេទាំងក្នុងការសិក្សា ក៏ដូចជាជីវិតការងារជាដើម។
គួរបញ្ជាក់ថា សិក្ខាសាលាស្តីពី “ការរៀបចំផែនការអាជីព និងជ្រើសរើសជំនាញសិក្សា” ត្រូវបានរៀប ចំឡើងជាប្រចាំ ដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ នៅតាមគ្រឹះស្ថានសិក្សាអប់រំ បណ្តុះបណ្តាលទាំងរដ្ឋ និងឯកជននៅទូទាំងប្រទេសតាមរយៈក្រុមការងារមគ្គុទេសន៍អាជីព និងមជ្ឈមណ្ឌល ការងារជូនដល់សិស្សានុសិស្សដោយឥតគិតកម្រៃ៕


































