តើអ្នកធ្លាប់ឈឺចាប់ព្រោះពាក្យតែមួយម៉ាត់របស់នរណាម្នាក់ដែរឬទេ? ឬក៏ធ្លាប់គេងមិនលក់ ព្រោះគិតច្រើនពីរឿងដែលគេនិយាយ ឬធ្វើដាក់អ្នក? ប្រសិនបើធ្លាប់ អ្នកមិនឯកាទេ ព្រោះមនុស្សភាគច្រើនក្នុងសង្គមបច្ចុប្បន្ន ពួកគេជួបប្រទះសម្ពាធផ្លូវចិត្ត ដូចគ្នានេះដែរ។
នៅក្នុងសៀវភៅទស្សនវិជ្ជាល្បីល្បាញកម្រិតពិភពលោកដែលមានចំណងជើងថា The Four Agreements: A Practical Guide to Personal Freedom របស់លោក Don Miguel Ruiz ផ្តល់នូវគំនិតមួយដែលគួរឱ្យពិចារណា។ គាត់ជឿថា ទុក្ខរបស់យើងភាគច្រើនមិនមែនមកពីពិភពខាងក្រៅទេ តែមកពីជំនឿអវិជ្ជមានដែលយើងបណ្តោយឱ្យវាចូលមកគ្រប់គ្រងចិត្តខ្លួនឯង។ ហើយគាត់បានសង្ខេបវិធីដោះស្រាយជាគោលការណ៍ ៤ យ៉ាង ដែលអាចយកមកអនុវត្តបានភ្លាមៗក្នុងជីវិតប្រចាំថ្ងៃ។
១. និយាយតែពាក្យដែលស្មោះត្រង់ និងពិត
ពាក្យសម្តីមានឥទ្ធិពលខ្លាំងក្លាបំផុត ប្រៀបដូចជា «មន្តអាគម» ព្រោះវាអាចសង្គ្រោះមនុស្សម្នាក់ ឬបំផ្លាញគេបានក្នុងមួយពព្រិចភ្នែក។ ដូច្នេះសូមប្រយ័ត្នពីរបៀបដែលយើងប្រើវា។
- កុំប្រើពាក្យស្អប់ខ្លួនឯង។ ពេលធ្វើខុស យើងច្រើនតែជេរខ្លួនឯងអាក្រក់ជាងជេរអ្នកដទៃទៅទៀត។ សូមឈប់ធ្វើបែបនោះ។
- ជៀសវាងការនិយាយដើមគេ។ វាប្រៀបដូចការចែកជាតិពុលទៅឱ្យអ្នកដទៃ ហើយទីបំផុតជាតិពុលនោះតែងត្រឡប់មករកខ្លួនវិញ។
- និយាយអ្វីដែលអ្នកគិតពិតប្រាកដ ដោយចិត្តមេត្តា ហើយព្យាយាមលើកទឹកចិត្តគ្នា។ បរិយាកាសជុំវិញខ្លួននឹងកាន់តែល្អឡើង។
២. កុំយកអ្វីៗមកធ្វើជារឿងផ្ទាល់ខ្លួន

ពេលមានអ្នករិះគន់ ឬប្រព្រឹត្តមិនល្អដាក់អ្នក សូមចាំថា អ្វីដែលគេនិយាយ ឬធ្វើ ពិតជាឆ្លុះបញ្ចាំងពីពិភពខាងក្នុងរបស់គេ គឺរបួសផ្លូវចិត្ត និងទស្សនៈផ្ទាល់ខ្លួនរបស់គេ។ វាមិនមែនជាតម្លៃពិតរបស់អ្នកទេ។
ពេលអ្នកចងគំនុំនឹងសម្តីរបស់គេ ឬគិតថាគេកំពុងវាយប្រហារអ្នក អ្នកកំពុងលេបជាតិពុលនោះដោយខ្លួនឯង។ ម្យ៉ាងទៀត មិនថាគេសរសើរអ្នកខ្លាំងប៉ុនណា ឬជេរអ្នកធ្ងន់ប៉ុនណា តម្លៃរបស់អ្នកមិនបានកើនឡើង ឬថយចុះតាមសម្តីរបស់គេទេ។ ពេលយល់បែបនេះ អ្នកនឹងរួចផុតពីការឈឺចាប់ដែលមិនចាំបាច់។
៣. កុំទាយស្មាន
កំហុសដ៏ធំបំផុតក្នុងទំនាក់ទំនងរវាងមនុស្ស គឺការបង្កើតរឿងរ៉ាវក្នុងចិត្តដោយផ្អែកលើការទាយ។ យើងតែងគិតថា អ្នកដទៃគិតដូចយើង ដឹងពីអ្វីដែលយើងចង់បាន ឬមានចេតនាអាក្រក់ចំពោះយើង ទាំងដែលមិនទាន់បានសួរគេផង។
ដូច្នេះ បើមិនច្បាស់អ្វីមួយ សូមសួរគេត្រង់ៗ និងបើកចំហ។ ការសួរតែប្រយោគមួយអាចជួយអ្នកចៀសផុតពីការយល់ច្រឡំរាប់ខែ។
៤. ធ្វើឱ្យអស់ពីសមត្ថភាពជានិច្ច

គោលការណ៍ទី ៤ នេះជួយទ្រទ្រង់គោលការណ៍ទាំង ៣ ខាងលើឱ្យដំណើរការបានរលូន។ ប៉ុន្តែ «អស់ពីសមត្ថភាព» មិនមែនមានន័យថា អ្នកត្រូវល្អឥតខ្ចោះគ្រប់ពេលនោះទេ។
សមត្ថភាពរបស់យើងប្រែប្រួលតាមស្ថានភាព។ ថ្ងៃដែលអ្នកមានកម្លាំងមាំមួន អ្នកអាចធ្វើបានច្រើន តែថ្ងៃដែលអ្នកអស់កម្លាំង ឬឈឺ អ្នកអាចធ្វើបានតិចជាង។ អ្វីដែលសំខាន់គឺ ព្យាយាមឱ្យអស់ពីលទ្ធភាពជាក់ស្តែងរបស់ខ្លួននៅពេលនោះ។ ពេលអ្នកដឹងថាខ្លួនបានធ្វើអស់ពីសមត្ថភាពហើយ អ្នកនឹងលែងស្តីបន្ទោសខ្លួនឯង លែងស្តាយក្រោយ និងលែងអន់ចិត្តនឹងខ្លួនឯង។
សរុបមកវិញ សន្តិភាពក្នុងចិត្តមិនមែនកើតពីការរង់ចាំឱ្យពិភពលោកផ្លាស់ប្តូរនោះទេ តែកើតពីការកែទម្លាប់នៃការគិត និងការប្រព្រឹត្តរបស់ខ្លួនឯង។ ការអនុវត្តគោលការណ៍ទាំង ៤ នេះរាល់ថ្ងៃប្រហែលជាមិនងាយស្រួលទេ ហើយត្រូវការពេលវេលា និងការហ្វឹកហាត់។ ប៉ុន្តែនេះហើយជាគន្លឹះនៃសេរីភាពផ្ទាល់ខ្លួន និងជីវិតដែលមានក្តីសុខពិតប្រាកដ៕














































































