អ្នកនាង Britt Wray គឺជាអតីតជីវវិទូ និងកំពុងធ្វើការស្រាវជ្រាវអំពីការវិវត្ត នៃវិបត្តិអាកាសធាតុ ដែលកំពុងកើនឡើងជាបន្តបន្ទាប់ នៅសាកលវិទ្យាល័យ Stanford, បានចែករំលែកពីបច្ចេកទេស ក្នុងការទប់ទល់នឹងការថប់បារម្ភដោយសារវិបត្តិអាកាសធាតុ។
អ្នកនាងបានលើកឡើងថា «របាយការណ៍អាកាសធាតុបានមកពេញតុរបស់ខ្ញុំ ហើយជារឿយៗ ឯកសារទាំងនោះពោរពេញទៅដោយទិន្នន័យដ៏តានតឹង។ ចំពោះផលប៉ះពាល់វិញ គឺធ្ងន់ធ្ងរណាស់ ជាពិសេស គឺជំងឺបាក់ទឹកចិត្ត។» អ្នកនាងបន្តថា «របាយការណ៍ទាំងនេះ បានធ្វើឱ្យខ្ញុំបង្កើតសំណួរ ដែលប៉ះពាល់ផ្លូវអារម្មណ៍ខ្លួនឯង ជាពិសេសគឺ តើខ្ញុំនឹងនាំកូនម្នាក់ទៀត ចូលក្នុងស្ថានភាពនេះមែនទេ? ខណៈដែលបញ្ហាអាកាសធាតុ កំពុងតែចាប់ផ្ដើមប៉ះពាល់មកលើសុខភាពទូទៅរបស់ខ្ញុំ។»

ជាមួយគ្នានេះ អ្នកនាងបានដឹងថា មិនមែនតែអ្នកនាងម្នាក់ទេ ដែលគិតដល់រឿងនេះ, យោងតាមការស្ទង់មតិ ដែលធ្វើឡើងដោយក្រុមការងារអ្នកនាងផ្ទាល់ បានពិនិត្យលើផលប៉ះពាល់នៃវិបត្តិអាកាសធាតុ ចំពោះផ្លូវចិត្តយុវជនជាង ១ម៉ឺននាក់ មកពីប្រទេសជុំវិញពិភពលោក រួមមាន ប្រទេសឥណ្ឌា នីហ្សេរីយ៉ា ហ្វីលីពីន ប្រេស៊ីល និងព័រទុយហ្គាល់។ គេបានរកឃើញថា យុវជន ៣៩ភាគរយ នៅទូទាំងពិភពលោក ក៏មានគំនិត និងអារម្មណ៍ពិបាកចិត្ត ចំពោះការប្រែប្រួលអាកាសធាតុ និងស្ទាក់ស្ទើរក្នុងការយកកូនដូចគ្នាដែរ។
អ្នកនាង Britt Wray បន្ថែមថា អ្វីដែលយើងរៀបរាប់នេះ គឺជាការថប់បារម្ភដោយសារអាកាសធាតុ (Climate anxiety) ដែលពាក្យនេះ មានន័យថា គឺជាអារម្មណ៍ដែលគ្មានផាសុកភាព នៅពេលដែលមនុស្ស ត្រូវប្រឈមមុខនឹងវិបត្តិអាកាសធាតុ។ ឬគេអាចនិយាយមួយបែបទៀតថា អារម្មណ៍ស្ត្រេសដោយសារអាកាសធាតុ (Climate distress) ប៉ុន្តែពាក្យ ការថប់បារម្ភដោយសារអាកាសធាតុ (Climate anxiety) មានការពេញនិយមប្រើជាង។
តើគួរអនុវត្តវិធីសាស្ត្រអ្វី ដើម្បីជួយមនុស្សឱ្យទប់ទល់នឹងការថប់បារម្ភដោយសារបញ្ហាអាកាសធាតុ?
«ការគ្រប់គ្រងអារម្មណ៍ គឺជាគន្លឹះ» នេះជាការលើកឡើងរបស់ អ្នកនាង Britt Wray, មានបច្ចេកទេសមួយចំនួន ដូចជា ការធ្វើសម្មាធិ និងការចំណាយពេលជាមួយធម្មជាតិ សុទ្ធសឹងតែអាចជួយស្ដារអារម្មណ៍របស់អ្នកឱ្យប្រសើរឡើងវិញ ខណៈដែលអ្នកកំពុងព្យាយាមគ្រប់គ្រង ប្រព័ន្ធប្រសាទ កាត់បន្ថយការថប់បារម្ភ និងការធ្លាក់ទឹកចិត្ត។

ដោយឡែកចំពោះវិធានការរយៈពេលវែង ដូចជាការគិតប្រកបដោយភាពបត់បែន (flexible thinking) អាចជួយឱ្យអ្នករក្សាការគិតប្រកបដោយទស្សនៈវិស័យ នៅពេលដែលប្រឈមនឹងវិបត្តិនេះ។ ចំពោះ ផ្នត់គំនិតរីកចម្រើន (growth mindset) ដែលអាចមើលឃើញបញ្ហាថាជាឱកាស ដើម្បីសាកល្បងរៀនអ្វីថ្មី ដើម្បីជំរុញឱ្យខ្លួនឯងរីកចម្រើន ក៏អាចកាត់បន្ថយសម្ពាធដោយសារវិបត្តិអាកាសធាតុដែរ។
ជាមួយគ្នានេះ អ្នកនាង Britt Wray បានអំពាវនាវឱ្យស្ថាប័នសុខភាពសាធារណៈ មានវិធីសាស្ត្រ ដើម្បីទប់ទល់នឹងការគំរាមកំហែង នៃវិបត្តិអាកាសធាតុ ដែលកំពុងកើនឡើង និងផលប៉ះពាល់ចំពោះសុខភាពផ្លូវចិត្ត។ ក្រៅពីមានឥទ្ធិពលលើសុខភាពផ្លូវចិត្ត បញ្ហានេះ បាននាំឱ្យខាតបង់ទ្រព្យសម្បតិ្តជាច្រើន ព្រមទាំងប៉ះពាល់ ការផលិតស្បៀងអាហារ ទីជម្រកមនុស្ស និងការងារផងដែរ៕































