នៅក្នុងយុគសម័យសេដ្ឋកិច្ចបច្ចុប្បន្ន បញ្ហាប្រឈមធំបំផុតមួយរបស់យុវជនមិនមែនស្ថិតនៅលើតែការ «រកលុយបានតិច ឬច្រើន» នោះទេ ប៉ុន្តែគឺស្ថិតនៅលើ «របៀបចាត់ចែង និងគ្រប់គ្រងលុយ» ឱ្យមានប្រសិទ្ធភាព។ ដើម្បីចៀសវាងការធ្លាក់ចូលទៅក្នុងវិបត្តិបំណុល ឬការរស់នៅខ្វះមុខខ្វះក្រោយ ការយល់ដឹងអំពីចំណេះដឹងហិរញ្ញវត្ថុ គឺជាមូលដ្ឋានដែលមិនអាចខ្វះបាន។
ខាងក្រោមនេះជារូបមន្តបែងចែកកញ្ចប់ថវិកាសន្សំសំខាន់ៗទាំង ៤ ដែលយុវជនអាចយកទៅអនុវត្តបានយ៉ាងងាយស្រួល៖
១. កញ្ចប់លុយគ្រាអាសន្ន
ជីវិតតែងតែមានរឿងដែលមិនអាចដឹងមុន ដូចជា យានយន្តខូច ឈឺថ្កាត់ដោយចៃដន្យ ការបាត់បង់ការងារ ឬចំណូលភ្លាមៗ។ ដូច្នេះ កញ្ចប់លុយគ្រាអាសន្ន នឹងជួយកាត់បន្ថយការបង្កើតបំណុលដែលមិនចាំបាច់ ផ្ដល់នូវសុវត្ថិភាពហិរញ្ញវត្ថុ និងផ្ដល់សេចក្តីស្ងប់ក្នុងចិត្តនៅពេលមានបញ្ហាបន្ទាន់កើតឡើង។
គួរមានប៉ុន្មានទើបគ្រាន់?
គួរមានចន្លោះពី ៣ ទៅ ៦ ខែ នៃទំហំចំណាយសរុបប្រចាំខែ។ អាចដក ៥០% នៃកញ្ចប់សន្សំ។ ឧទាហរណ៍ ប្រសិនបើអ្នកមានប្រាក់សន្សំប្រចាំខែ ២០០ ដុល្លារ គួរដក ១០០ ដុល្លារ ដាក់ចូលក្នុងកញ្ចប់នេះ។
២. កញ្ចប់សន្សំសម្រាប់វិនិយោគ

ការរក្សាទុកតែលុយសុទ្ធអាចប្រឈមនឹងអតិផរណា ដូច្នេះការបង្វែរប្រាក់សន្សំមួយផ្នែកទៅបង្កើនផល គឺជាយុទ្ធសាស្ត្រឆ្លាតវៃ។ កញ្ចប់សន្សំសម្រាប់វិនិយោគ នឹងជួយបង្កើនទ្រព្យសម្បត្តិ និងបង្កើតចំណូលបន្ថែមនៅថ្ងៃអនាគត ដូចជា ការវិនិយោគលើទីផ្សារហ៊ុន អាជីវកម្ម ឬទ្រព្យសកម្មផ្សេងៗ។
គួរចាប់ផ្តើមយ៉ាងម៉េច?
អ្នកអាចដក ២០% នៃកញ្ចប់សន្សំ (ឧទាហរណ៍៖ ៤០ ដុល្លារ ក្នុងចំណោមប្រាក់សន្សំ ២០០ ដុល្លារ)។
ចំណាំ៖ មុននឹងសម្រេចចិត្តវិនិយោគ ត្រូវសិក្សាស្វែងយល់ឱ្យបានច្បាស់លាស់ពីហានិភ័យ។ ប្រសិនបើមិនទាន់មានកញ្ចប់លុយគ្រាអាសន្ន ឬកំពុងជាប់បំណុលដែលមានការប្រាក់ខ្ពស់ គួរផ្ដោតលើការសន្សំកញ្ចប់គ្រាអាសន្ន ឬដោះស្រាយបំណុលឱ្យអស់សិន។
៣. កញ្ចប់លុយអនាគត
យុវជនគ្រប់រូបតែងមានផែនការជីវិតច្បាស់លាស់ ដូចជា ការបន្តការសិក្សា ការរៀបអាពាហ៍ពិពាហ៍ ទិញសម្ភារៈចាំបាច់ ឬដើរកម្សាន្តធំៗ។ ដូច្នេះកញ្ចប់លុយអនាគតអាចជួយអ្នកឱ្យសម្រេចក្តីស្រមៃ និងគោលដៅធំៗក្នុងជីវិតបាន ដោយមិនប៉ះពាល់ដល់កញ្ចប់លុយគ្រាអាសន្ន ឬត្រូវបង្ខំចិត្តខ្ចីបុលគេឡើយ។
គួរចាប់ផ្តើមសន្សំយ៉ាងដូចម្តេច? អ្នកអាចបែងចែក ២០% នៃកញ្ចប់សន្សំប្រចាំខែ (ឧទាហរណ៍៖ ៤០ ដុល្លារ ពីប្រាក់សន្សំ ២០០ ដុល្លារ)។
៤. កញ្ចប់លុយកម្សាន្ត
ការខិតខំប្រឹងប្រែងធ្វើការងារ និងរកប្រាក់ចំណូល ត្រូវតែមានតុល្យភាពជាមួយនឹងសុភមង្គលផ្ទាល់ខ្លួន។ កញ្ចប់លុយកម្សាន្ត ជួយឱ្យយើងរីករាយជាមួយជីវិត មានឱកាសញ៉ាំអាហារជួបជុំជាមួយក្រុមគ្រួសារ មិត្តភក្តិ ឬទិញរបស់របរដែលខ្លួនពេញចិត្តជាការលើកទឹកចិត្តខ្លួនឯង ដោយមិនមានអារម្មណ៍វិប្បដិសារី ឬស្តាយក្រោយ។
ការអនុវត្ត ៖ អាចដកត្រឹមតែ ១០% នៃកញ្ចប់សន្សំប្រចាំខែ (ឧទាហរណ៍៖ ២០ ដុល្លារ ពីប្រាក់សន្សំ ២០០ ដុល្លារ)។

គន្លឹះដើម្បីសន្សំប្រាក់ឱ្យទទួលបានជោគជ័យ
- កំណត់គោលដៅឱ្យច្បាស់លាស់៖ ដឹងច្បាស់ថាខ្លួនកំពុងសន្សំដើម្បីអ្វី។
- លុយចូលភ្លាម ដាក់សន្សំភ្លាម៖ កុំចាំដល់សល់ចុងខែទើបសន្សំ ព្រោះជាទូទៅគឺមិនដែលសល់នោះឡើយ។
- សន្សំតិចៗតែទៀងទាត់៖ ការសន្សំជាប្រចាំ ទោះបីក្នុងចំនួនតិចតួចក្ដី ក៏ប្រសើរជាងការចង់សន្សំច្រើនតែមិនដែលចាប់ផ្ដើមសោះ។
សម្គាល់ ៖ ការបែងចែកភាគរយខាងលើនេះ គឺជារូបមន្តគំរូ។ ប្អូនៗយុវជនអាចបត់បែន និងកែប្រែទៅតាមស្ថានភាពជាក់ស្ដែងនៃប្រាក់ចំណូល បន្ទុកចំណាយ និងគោលដៅផ្ទាល់ខ្លួន។ ទោះជាយ៉ាងណា «កញ្ចប់លុយគ្រាអាសន្ន» ត្រូវតែជាអាទិភាពចម្បងបំផុតដែលត្រូវកសាងមុនគេបង្អស់៕
ប្រភព ៖ លុយខ្ញុំ













































































