វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិរដ្ឋមូស្គូ (MGIMO University) ដែលស្ថិតក្រោមឱវាទនៃក្រសួងការបរទេសសហព័ន្ធរុស្ស៊ី និងជាគ្រឹះស្ថានឧត្តមសិក្សាផ្នែកការទូតឈានមុខគេលើពិភពលោក បានប្រកាសបើកទទួលពាក្យប្រកួតប្រជែងដណ្តើមអាហារូបករណ៍ថ្នាក់អន្តរជាតិ សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧។ កម្មវិធីនេះបើកទូលាយសម្រាប់សិស្សកម្រិតមធ្យមសិក្សាទុតិយភូមិមកពីបណ្តាប្រទេសក្នុងតំបន់អាស៊ាន រួមទាំងប្រទេសកម្ពុជាផងដែរ។
កម្មវិធីប្រកួតប្រជែងនេះរៀបចំឡើងក្រោមក្របខ័ណ្ឌ «MGIMO International School Olympiad for Foreign Citizens» ក្នុងគោលបំណងជ្រើសរើសសិស្សឆ្នើមមកពីបណ្តាប្រទេសជាច្រើនដូចជា សមាជិកអាស៊ាន (រួមទាំងកម្ពុជា), ចិន, អាស៊ែបៃហ្សង់, អាមេនី និងអ៊ូសបេគីស្ថាន ជាដើម។
អត្ថប្រយោជន៍ និងទម្រង់នៃការប្រឡងប្រជែង
បេក្ខជនដែលទទួលបានជ័យលាភីក្នុងការប្រកួតប្រជែង នឹងទទួលបានអាហារូបករណ៍ពេញលេញដើម្បីបន្តការសិក្សាលើកម្រិតបរិញ្ញាបត្រ ឬកម្មវិធីត្រៀមចូលសាកលវិទ្យាល័យ (Preparatory Program) នៅ MGIMO University ដោយផ្ទាល់។
វិញ្ញាសាប្រឡង៖ ធ្វើឡើងជាភាសាអង់គ្លេស (English Language) និងការធ្វើតេស្តពហុជំនាញ/អន្តរវិជ្ជា (Interdisciplinary Testing)។
ទម្រង់នៃការប្រឡងជុំដំបូង៖ ប្រព្រឹត្តទៅតាមប្រព័ន្ធអនឡាញ។ បេក្ខជនអាចពិនិត្យ និងអនុវត្តកិច្ចការប្រឡងសាកល្បង (Demo Versions) តាមរយៈគណនីផ្ទាល់ខ្លួន បន្ទាប់ពីបានចុះឈ្មោះរួចរាល់។
វគ្គផ្តាច់ព្រ័ត្រ៖ នឹងត្រូវរៀបចំឡើងនៅមណ្ឌលប្រឡងផ្ទាល់តាមបណ្តាប្រទេសនីមួយៗ ឬតាមប្រព័ន្ធអនឡាញដែលមានការត្រួតពិនិត្យយ៉ាងតឹងរ៉ឹង (Online Proctoring)។

កាលបរិច្ឆេទ និងរបៀបដាក់ពាក្យ
សិស្ស-និស្សិតដែលមានបំណងចាប់យកឱកាសសិក្សានៅស្ថាប័នការទូតលំដាប់អន្តរជាតិមួយនេះ អាចចុះឈ្មោះចូលរួមប្រកួតប្រជែងបានតាមរយះតំណភ្ជាប់ https://int-olymp-mgimo.com/ ។
កាលបរិច្ឆេទទទួលពាក្យ៖ ចាប់ពីថ្ងៃទី០១ ខែកញ្ញា រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦៕












































































