រតនគិរី -- ក្រសួងកិច្ចការនារី កាលពីពេលថ្មីៗនេះ បានរៀបចំវេទិកាអប់រំផ្សព្វផ្សាយនៅសហគមន៍ ស្តីពីទំនាក់ទំនងអន្តរជំនាន់ «យេនឌ័រ សុខភាពបន្តពូជ សុខភាពផ្លូវភេទ និងសិទ្ធិ» ដើម្បីបង្កើនការយល់ដឹងដល់ក្មេងស្រី យុវជន និងអាណាព្យាបាលនៅខេត្តរតនគិរី ខណៈការសិក្សាស្រាវជ្រាវមួយបង្ហាញថា ខេត្តនេះនៅតែមានអត្រាការរៀបការមុនអាយុ ១៨ ឆ្នាំខ្ពស់គួរឱ្យព្រួយបារម្ភ។
លោកស្រី ញាណ សុចិត្រា អគ្គនាយក នៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍សង្គម នៃក្រសួងកិច្ចការនារី បានឱ្យដឹងថា លទ្ធផលសិក្សាស្រាវជ្រាវដែលអនុវត្តនៅខេត្តចំនួន ៩ ក្នុងឆ្នាំ២០២៤ ដោយក្រសួងកិច្ចការនារី សហការជាមួយអង្គការភ្លែនអន្តរជាតិ បានបង្ហាញថា អត្រារៀបការមុនអាយុ ១៨ឆ្នាំ នៅតែមានកម្រិតខ្ពស់នៅកម្ពុជា ជាពិសេសនៅខេត្តរតនគិរី។
តាមការសិក្សា ប្រមាណ ១៤ ភាគរយនៃស្ត្រី បានរៀបការមុនអាយុ ១៨ ឆ្នាំ ខណៈប្រមាណ ១៤ ភាគរយទៀត បានរៀបការដោយការផ្សំផ្គុំក្នុងអាយុចន្លោះពី ១៥ ដល់ ១៨ ឆ្នាំ។
លោកស្រីបានបន្ថែមថា កត្តាជំរុញឱ្យមានការរៀបការនៅវ័យក្មេង និងអាពាហ៍ពិពាហ៍ដោយបង្ខំ មានច្រើន រួមមានភាពក្រីក្រ ស្ថានភាពសេដ្ឋកិច្ចគ្រួសារ ការបោះបង់ការសិក្សា កង្វះចំណេះដឹងអំពីសុខភាពផ្លូវភេទ និងសុខភាពបន្តពូជ វិសមភាពយេនឌ័រ ការមានផ្ទៃពោះក្នុងវ័យជំទង់ ព្រមទាំងឥទ្ធិពលនៃអ៊ីនធឺណិត និងបណ្តាញសង្គម។

តាមក្រសួងកិច្ចការនារី វេទិកាអប់រំនេះមានគោលបំណងបង្កើនការយល់ដឹងដល់យុវជន ឪពុកម្តាយ និងសហគមន៍ អំពីហានិភ័យ នៃការរៀបការនៅវ័យក្មេង ព្រមទាំងលើកទឹកចិត្តឱ្យមានការប្រាស្រ័យទាក់ទងវិជ្ជមានរវាងសមាជិកគ្រួសារ និងជំនាន់ផ្សេងៗគ្នា ដើម្បីរួមចំណែកលើកកម្ពស់សុខុមាលភាព សិទ្ធិ និងឱកាសអភិវឌ្ឍរបស់យុវជន ជាពិសេសស្ត្រី និងក្មេងស្រី។
ក្រសួងកិច្ចការនារីរំពឹងថា ការចូលរួមពីគ្រួសារ សាលារៀន អាជ្ញាធរ និងសហគមន៍ នឹងជួយកាត់បន្ថយអត្រាការរៀបការនៅវ័យក្មេង និងបង្កើនឱកាសឱ្យក្មេងស្រីបន្តការសិក្សា និងអភិវឌ្ឍសមត្ថភាពរបស់ខ្លួនឱ្យបានពេញលេញ។
ចំណែកលោក យី គឹមថាន នាយកស្ដីទីប្រចាំប្រទេស នៃអង្គការភ្លែនអន្តរជាតិកម្ពុជា បានប្រាប់ AMS ថា ការរៀបអាពាហ៍ពិពាហ៍នៅវ័យកុមារ ធ្វើឱ្យក្មេងស្រីបាត់បង់ឱកាសទទួលបានការអប់រំ ប្រឈមនឹងអំពើហិង្សា និងរងផលប៉ះពាល់ដល់សុខភាពផ្លូវកាយ និងសុខភាពផ្លូវចិត្ត។

លោកលើកទឹកចិត្តឱ្យក្មេងស្រីខិតខំស្វែងរកចំណេះដឹង និងបន្តការសិក្សាឱ្យបានគ្រប់គ្រាន់ ដើម្បីកសាងអនាគតរបស់ខ្លួន មុនពេលឈានទៅរកការរៀបការនៅវ័យក្មេង។
សូមជម្រាបថា យុទ្ធនាការ «កុមារីក្រោម ១៨ ឆ្នាំ មិនមែនជាកូនក្រមុំ» កំពុងត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅលើបណ្តាញសង្គម បន្ទាប់ពីសាធារណជន និងអង្គការពាក់ព័ន្ធ បានបន្តអំពាវនាវឱ្យពង្រឹងវិធានការទប់ស្កាត់អាពាហ៍ពិពាហ៍វ័យក្មេង និងការរៀបការដោយបង្ខំនៅកម្ពុជា៕






























