ដំណើរការជ្រើសរើសកន្លែងបម្រើការងាររបស់បេក្ខជនជាប់បម្រុងគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ កម្រិតអនុវិទ្យាល័យ ចំនួន ៥៧៥នាក់ បានចាប់ផ្ដើមអនុវត្តជាផ្លូវការនៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា នៅវិទ្យាស្ថានជាតិអប់រំ (NIE) ដោយបេក្ខជនម្នាក់ៗមានថិរវេលាកំណត់ត្រឹមតែ ២នាទីប៉ុណ្ណោះ ក្នុងការសម្រេចចិត្តរើសសាលាដែលខ្លួនពេញចិត្ត។
យោងតាមគណៈកម្មការរៀបចំការប្រឡង ដំណើរការបែងចែកកន្លែងការងារនេះ ធ្វើឡើងសម្រាប់បេក្ខជនជាប់បម្រុងក្នុងសម័យប្រឡងកាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ កន្លងទៅ។ នីតិវិធីនៃការជ្រើសរើសនេះ ត្រូវបានកំណត់យ៉ាងតឹងរ៉ឹងដោយផ្អែកលើ «ប៉ុស្តិ៍តម្រូវការជាក់ស្ដែង ជំនាញឯកទេស និងភូមិសាស្ត្រនៃអនុវិទ្យាល័យនីមួយៗ» ក្នុងខេត្តគោលដៅទាំង ១៩។

ខេត្តទាំង១៩ ដែលនឹងត្រូវទទួលគ្រូបង្រៀនថ្មីទាំង ៥៧៥នាក់នេះ រួមមាន៖ បាត់ដំបង កណ្តាល កំពង់ចាម ពោធិ៍សាត់ ព្រះវិហារ ព្រះសីហនុ កំពង់ឆ្នាំង ប៉ៃលិន កំពង់ធំ កំពង់ស្ពឺ កំពត តាកែវ ត្បូងឃ្មុំ ស្វាយរៀង ក្រចេះ សៀមរាប ឧត្តរមានជ័យ ព្រៃវែង និងបន្ទាយមានជ័យ។ ការកំណត់ពេលត្រឹម ២នាទីក្នុងម្នាក់ គឺដើម្បីធានានូវតម្លាភាព ល្បឿននៃដំណើរការ និងការសម្រេចចិត្តផ្អែកលើទិន្នន័យតម្រូវការជាក់ស្ដែងនៅចំពោះមុខ។

ទន្ទឹមនឹងការជ្រើសរើសកន្លែងចុះបង្រៀន គណៈកម្មការក៏បានដាក់ចេញនូវការណែនាំបន្ទាន់មួយផងដែរ ដោយតម្រូវឱ្យបេក្ខជនទាំងអស់មិនថាជាប់ស្ថាពរ ឬជាប់បម្រុងនោះឡើយ ត្រូវតែបង្ហាញខ្លួននៅតាមគ្រឹះស្ថានបណ្តុះបណ្តាលគ្រូបង្រៀន (វិទ្យាស្ថានគរុកោសល្យគោលដៅរបស់ខ្លួន) នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះជាកំហិត ដើម្បីចូលរៀនវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈគរុកោសល្យ មុននឹងចេញទៅបំពេញភារកិច្ចបង្រៀនសិស្សជាក់ស្ដែងនៅតាមមូលដ្ឋាន៕











































































