ក្រោយមានការផ្ទុះវែកញែកនៅលើបណ្តាញសង្គមពាក់ព័ន្ធនឹងការនិយាយភាសាខ្មែរលាយឡំជាមួយភាសាបរទេស អ្នកជំនាញមួយរូបបានលើកឡើងថា ការប្រើប្រាស់ភាសាខ្មែរ គឺជាកាតព្វកិច្ច និងជាតម្លៃសំខាន់នៃអត្តសញ្ញាណជាតិ ហើយបានអំពាវនាវឱ្យប្រជាពលរដ្ឋមួយចំនួនកុំរៀនភាសាបរទេសរហូតភ្លេចភាសាជាតិរបស់ខ្លួន។
លោក បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានប្រាប់បណ្តាញព័ត៌មាន AMS ថា ភាសា គឺជាផ្នែកសំខាន់នៃអត្តសញ្ញាណជាតិ និងជាព្រលឹងនៃវប្បធម៌ ជាពិសេសសម្រាប់ប្រទេសដែលមានឫសគល់អរិយធម៌ច្បាស់លាស់ដូចជាកម្ពុជា។
លោកបានបន្តថា ការនិយាយ ការសរសេរ និងការអានភាសាជាតិដោយខ្ជីខ្ជា ឬការប្រើប្រាស់លាយឡំជាមួយភាសាបរទេសដោយមិនចាំបាច់ តែងតែទទួលការរិះគន់ពីសាធារណជន និងមជ្ឈដ្ឋានអ្នកចេះដឹង។
ផ្ទុយទៅវិញ លោកបានបញ្ជាក់ថា ប្រទេសមួយចំនួនដែលមិនមានឫសគល់ភាសាផ្ទាល់ខ្លួនច្បាស់លាស់ តែងយកភាសាបរទេសមកប្រើប្រាស់ជាភាសាផ្លូវការ និងរៀបចំក្បួនខ្នាតស្តង់ដារដោយឡែកសម្រាប់ប្រទេសរបស់ខ្លួន ដូចជា សហរដ្ឋអាមេរិក អូស្ត្រាលី និងនូវែលសេឡង់ ដែលប្រើប្រាស់ភាសាអង់គ្លេសជាភាសាផ្លូវការ តាមបែបបទរបស់ខ្លួន។
បណ្ឌិត គិន ភា បានសង្កត់ធ្ងន់ថា សម្រាប់កម្ពុជា ការប្រើប្រាស់ភាសាជាតិឱ្យបានត្រឹមត្រូវ មិនត្រឹមតែជាការរក្សាប្រពៃណីប៉ុណ្ណោះទេ ប៉ុន្តែជាកាតព្វកិច្ចដ៏សំខាន់របស់ពលរដ្ឋផងដែរ។ ការប្រើប្រាស់ភាសាខ្មែរឱ្យបានត្រឹមត្រូវ គឺជាការផ្តល់តម្លៃដល់ខ្លួនឯង និងជាការរួមចំណែកក្នុងការលើកតម្កើង អភិរក្ស និងអភិវឌ្ឍភាសាខ្មែរ ឱ្យបន្តរីកចម្រើនប្រកបដោយនិរន្តរភាព។
លោកបានគូសបញ្ជាក់ថា «ជាទស្សនៈផ្ទាល់ខ្លួន ក្នុងនាមជាពលរដ្ឋនៃប្រទេសដែលមានវប្បធម៌ដ៏រុងរឿង និងបុរាណយូរអង្វែង យើងគប្បីប្រើប្រាស់ភាសាជាតិឱ្យបានហ្មត់ចត់។ ទន្ទឹមនឹងនេះ យើងត្រូវខិតខំរៀនភាសាបរទេសឱ្យបានច្រើន និងស្ទាត់ជំនាញ ដើម្បីបង្កើនសមត្ថភាពក្នុងការតស៊ូមតិ និងការពារផលប្រយោជន៍ជាតិលើឆាកអន្តរជាតិ ប៉ុន្តែដាច់ខាត កុំរៀនភាសាបរទេសរហូតភ្លេចភាសាជាតិ»។

ជាមួយគ្នានេះដែរ លោកស្រី ប៉ែន ច័ន្ទចរិយា សាកលវិទ្យាធិការង នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា បានលើកឡើងថា អំនួតនៃការចេះភាសាបរទេស បានធ្វើឱ្យជនជាតិខ្មែរមួយចំនួនតូច មិនចង់ប្រើប្រាស់ភាសាជាតិរបស់ខ្លួន។ លោកស្រីបញ្ជាក់ថា ប្រជាជនខ្មែរគួរត្រូវស្គាល់តម្លៃភាសាជាតិ និងគួរគោរពចំពោះការខិតខំប្រឹងប្រែងរបស់បុព្វបុរសខ្មែរ ដែលបានបង្កើត និងរក្សាភាសាជាតិឱ្យមានមកដល់សព្វថ្ងៃ ទោះបីជាត្រូវលះបង់ជីវិតក៏ដោយ។
លោកស្រីបន្ថែមថា សម្រាប់កម្ពុជា ការចេះភាសាបរទេស ឬនិយាយបាន ២ ទៅ ៣ ភាសា គឺជារឿងធម្មតា។ កុមារខ្មែរជាច្រើនបានរៀនជាមួយគ្រូបរទេស ហើយក៏មានកូនខ្មែរច្រើនដែលបានទៅសិក្សានៅបរទេសផងដែរ។
យ៉ាងណាក៏ដោយ លោកស្រីបានលើកឡើងថា ថ្នាក់ដឹកនាំប្រទេសសម័យបច្ចុប្បន្នភាគច្រើនចេះភាសាបរទេស ប៉ុន្តែពួកគេមិននិយាយលាយឡំភាសាខ្មែរ និងភាសាបរទេសឡើយ ព្រោះពួកគេដឹងថា តើពេលណាគួរប្រើភាសាខ្មែរ និងពេលណាគួរប្រើភាសាបរទេស។
សូមជម្រាបថា ភាសាខ្មែរ គឺជាភាសាជាតិ និងជាភាសាផ្លូវការតែមួយគត់របស់ព្រះរាជាណាចក្រកម្ពុជា។ វាជាភាសាកំណើតរបស់ជនជាតិខ្មែរ ដែលមានប្រវត្តិសាស្ត្រយូរអង្វែង និងមានប្រព័ន្ធអក្សរ សូរសំឡេង ព្យញ្ជនៈ ស្រៈ និងវណ្ណយុត្តិផ្ទាល់ខ្លួន សម្រាប់ប្រើប្រាស់ក្នុងការទំនាក់ទំនង និងក្នុងប្រព័ន្ធអប់រំផ្លូវការ។ ភាសានេះមានសារៈសំខាន់យ៉ាងខ្លាំងក្នុងការរក្សាអត្តសញ្ញាណជាតិ និងវប្បធម៌ខ្មែរ៕





























