ចៅក្រមសហព័ន្ធនៅទីក្រុង Boston កាលពីសប្ដាហ៍មុន បានរារាំងជាបណ្ដោះអាសន្ន ចំពោះបទបញ្ជារបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ពីការរារាំងការចូលសហរដ្ឋអាម៉េរិកចំពោះនិស្សិតបរទេស ដែលចង់បន្តការសិក្សា ឬផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យ Harvard ។
ក្រោមដីកាផ្អាកបណ្ដោះអាសន្នចំនួន ២ទំព័រ ដែលបានបញ្ជូនទៅឱ្យ Harvard ចៅក្រមអាម៉េរិក លោកស្រី Allison Burroughs បានរារាំងការប្រកាសរបស់លោក ត្រាំ មិនឱ្យចូលជាធរមាន ដោយរង់ចាំការដោះស្រាយវិវាទបន្ថែមទៀតលើបញ្ហានេះ ចំពេលមានជម្លោះកាន់តែខ្លាំងឡើង រវាងសាលា Ivy League និងលោកត្រាំ។

ចៅក្រមបានសម្រេចថា បទបញ្ជារបស់លោកត្រាំ ដែលហាមជនបរទេសចូលសហរដ្ឋអាម៉េរិក ដើម្បីសិក្សានៅសាកលវិទ្យាល័យ Harvard រយៈពេល ៦ខែ អាចបណ្ដាលឱ្យមានបញ្ហា និងមិនអាចកែខៃបាន ហើយតុលាការ មានឱកាសក្នុងការត្រួតពិនិត្យមើលករណីនេះ។
លោកស្រី Burroughs បានរារាំង លោកត្រាំ កាលពីខែមុនម្ដងរួចមកហើយ ជុំវិញការអនុវត្តបទបញ្ជាដាច់ដោយឡែកមួយទៀត ដែលហាមឃាត់ Harvard ពីការចុះឈ្មោះនិស្សិតអន្តរជាតិឱ្យចូលរៀន ខណៈចំនួននិស្សិតអន្តរជាតិ មានរហូតដល់ ១/៤ នៃចំនួននិស្សិតសរុបរបស់សាកលវិទ្យាល័យ។ Harvard កាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍មុនបានធ្វើវិសោធនកម្មបណ្តឹងរបស់ខ្លួនដើម្បីជំទាស់នឹងការណែនាំថ្មី ដោយអះអាងថា លោកត្រាំ កំពុងរំលោភលើការសម្រេចចិត្តរបស់ Burroughs ។
សេចក្ដីប្រកាសសាកលវិទ្យាល័យ ថ្លែងថា «សេចក្ដីប្រកាសបដិសេធសិស្សានុសិស្សរាប់ពាន់នាក់ នៃសាកលវិទ្យាល័យ Harvard នូវសិទ្ធិមកកាន់សហរដ្ឋអាម៉េរិក ដើម្បីបន្តការសិក្សារបស់ពួកគេ និងការសម្រេចក្ដីសុបិនរបស់ពួកគេ ហើយសេចក្ដីប្រកាសនេះ ក៏ហាមឃាត់សាកលវិទ្យាល័យ Harvard មិនឱ្យមានសិទ្ធិបង្រៀនពួកគេផងដែរ។ បើគ្មានវត្តមាននិស្សិតអន្តរជាតិទេ សាកលវិទ្យាល័យ Harvard មិនមែនជាសាកលវិទ្យាល័យ Harvard ទេ។»
ការបញ្ជារបស់លោក Burroughs កាលពីថ្ងៃព្រហស្បតិ៍ក៏បានបន្តនូវបទបញ្ជាហាមឃាត់បណ្តោះអាសន្នដាច់ដោយឡែកមួយដែលនាងបានចេញនៅថ្ងៃទី២៣ ខែឧសភា ប្រឆាំងនឹងការរឹតបន្តឹងរបស់រដ្ឋបាលលើការចុះឈ្មោះនិស្សិតអន្តរជាតិនៅសាកលវិទ្យាល័យ Harvard ។

អ្នកនាំពាក្យសេតវិមាន Abigail Jackson បានហៅសាលា Harvard ថា ជាកន្លែងក្ដៅនៃអ្នកប្រឆាំងជនជាតិអាម៉េរិក ប្រឆាំងពូជសាសន៍យូដា និងអ្នកបង្កជម្លោះ ដែលគាំទ្រភេរវករ ហើយអះអាងថា សាលានេះ បានបដិសេធ រឿងនេះពីមុនមក។
លោក Jackson បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា អាកប្បកិរិយារបស់ Harvard បានធ្វើឱ្យប៉ះពាល់ដល់សុចរិតភាពរបស់និស្សិត និងប្រព័ន្ធទិដ្ឋាការអ្នកផ្លាស់ប្ដូរទិដ្ឋាការរបស់សហរដ្ឋអាម៉េរិកទាំងមូល និងអាចបង្កហានិភ័យ ដែលប៉ះពាល់ដល់សន្ដិសុខជាតិ។ ហើយឥឡូវនេះ Harvard ត្រូវតែប្រឈមមុខនឹងផលវិបាក ដែលកើតចេញពីសកម្មភាពរបស់ខ្លួន។
លោក ត្រាំ បានលើកឡើងពីការព្រួយបារម្ភផ្នែកសន្តិសុខជាតិ ហើយថា នេះជាហេតុផលសម្រាប់ការរារាំងនិស្សិតអន្តរជាតិ មិនឱ្យចូលសហរដ្ឋអាម៉េរិក ដើម្បីបន្តការសិក្សានៅសាកលវិទ្យាល័យ មានមូលដ្ឋាននៅ Cambridge រដ្ឋ Massachusetts។
នៅក្នុងការប្តឹងទៅតុលាការកាលពីសប្តាហ៍មុន សាកលវិទ្យាល័យ Harvard បាននិយាយថា លោកត្រាំ បានបំពានច្បាប់សហព័ន្ធ ដោយមិនគាំទ្រការអះអាងរបស់គាត់អំពីបញ្ហាសន្តិសុខជាតិនោះទេ៕































