នៅទូទាំងប្រទេសចិន សត្វចិញ្ចឹមឆ្លាតវៃ ដែលដំណើរការដោយបញ្ញាសិប្បនិម្មិត (AI) កំពុងក្លាយជាដំណោះស្រាយដ៏ពេញនិយមសម្រាប់ការបន្ធូរអារម្មណ៍ ជាពិសេស សម្រាប់យុវវ័យសម័យថ្មី។
ជាក់ស្ដែង នៅថ្ងៃធ្វើការធម្មតាក្នុងទីក្រុងប៉េកាំង មានសំឡេងដ៏ស្រទន់មួយ ចេញពីតុធ្វើការ របស់កញ្ញា Wang Tongtong អាយុ ២៦ ឆ្នាំ ដែលសំឡេងនេះ គឺជាសំឡេងសត្វចិញ្ចឹម AI ពណ៌ប្រផះមួយ ក្បែរកុំព្យូទ័ររបស់នាង។
ជាមួយនឹងរោមដ៏ច្រើន ភ្នែកធំៗ និងស្បែកសំយោគ ដែលអាចផ្ដល់ភាពកក់ក្ដៅដល់ម្ចាស់ កញ្ញា Wang Tongtong និយាយប្រាប់សារព័ត៌មាន Xinhua របស់ចិនថា សត្វចិញ្ចឹម AI នេះ អាចជួយនាង ឱ្យមានអារម្មណ៍ធូរស្រាល នៅពេលមានបញ្ហាថប់បារម្ភ។

កញ្ញាបន្តថា សត្វឆ្កែ និងឆ្មាពិត អាចនឹងរញ៉េរញ៉ៃ និងមានអារម្មណ៍ ប៉ុន្តែសត្វ AI នេះ តែងតែនៅក្បែរនាង យ៉ាងស្ងប់ស្ងាត់ នៅពេលនាង មានអារម្មណ៍តាងតឹង។
ទោះបីជា សត្វចិញ្ចឹម AI នេះ មិនអាចផ្លាស់ទីបាន ដូចសត្វមានជីវិតក៏ដោយ ប៉ុន្តែវាមានសមត្ថភាពអាចស្គាល់មនុស្ស អាហារ និងវត្ថុនានា ដោយប្រើកាមេរ៉ា ដែលភ្ជាប់នៅផ្នែកខាងក្នុងវា ហើយឆ្លើយតបដោយ ប្រើកែវភ្នែក សំឡេង និងកាយវិការ។ លើសពីនេះ សត្វចិញ្ចឹម AI មានបំពាក់នូវបុគ្គលិកលក្ខណៈចំនួន ៨ ហើយបុគ្គលិកលក្ខណៈនេះ នឹងវិវឌ្ឍន៍ផ្អែកលើអន្តរកម្មរបស់អ្នកប្រើប្រាស់។
សត្វចិញ្ចឹម AI នេះមានឈ្មោះថា ROPET ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Cute World Technologies Ltd. ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង ដែលកញ្ញា Wang Tongtong ក៏ជាសមាជិកម្នាក់ នៅក្នុងក្រុមឌីហ្សាញផងដែរ។
យោងតាមលោក Zhou Yushu សហស្ថាបនិកនៃ ROPET និងជាសាស្រ្តាចារ្យនៅសាកលវិទ្យាល័យ Renmin នៃប្រទេសចិន សត្វចិញ្ចឹម AI ត្រូវបានរចនាឡើងដើម្បី ប្រកួតប្រជែងជាមួយ សត្វចិញ្ចឹមពិត ទាក់ទងនឹង ការប៉ះ និងការនិយាយឆ្លើយឆ្លងជាមួយអ្នកប្រើប្រាស់។ លោក Zhou សង្កត់ធ្ងន់ថា សត្វចិញ្ចឹម AI ភាគច្រើន ត្រូវបានរចនាឡើង ដើម្បីបម្រើមនុស្ស។
សត្វចិញ្ចឹម AI ភាគច្រើន ត្រូវបានរចនាឡើង ដើម្បីបម្រើមនុស្ស ហើយចង់បង្កើតសត្វចិញ្ចឹម AI ដែលមនុស្សទទួលអារម្មណ៍ថា ជាសត្វចិញ្ចឹមពិតប្រាកដ…
ភាពទាក់ទាញរបស់ ROPET មិនត្រឹមតែអាចផ្ដល់អារម្មណ៍កក់ក្ដៅសម្រាប់អ្នកប្រើប្រាស់នោះទេ ភាពសាមញ្ញរបស់វា ក៏ជាលក្ខណៈពិសេសមួយដែរ។ វាមិនត្រូវការចំណី ការដើរទៅខាងក្រៅ ឬការសម្អាតនោះទេ គឺគ្រាន់តែសាកថ្មម្ដងម្កាលប៉ុណ្ណោះ។ ខណៈទិន្នន័យអ្នកប្រើប្រាស់ទាំងអស់ ត្រូវបានរក្សាទុកក្នុងមូលដ្ឋាន ធានាឯកជនភាព។

លើសពីការគាំទ្រផ្នែកអារម្មណ៍ សត្វចិញ្ចឹម AI ត្រូវបានអភិវឌ្ឍឡើង ដើម្បីបំពេញតម្រូវការជាក់ស្ដែងរបស់អ្នកប្រើប្រាស់ សូម្បីតែការសន្ទនា និងពិភាក្សាអំពីប្រធានបទផ្សេងៗជាដើម។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កំណើននៃមនុស្សវ័យក្មេងរស់នៅម្នាក់ឯងកើនឡើងគួរឱ្យកត់សម្គាល់ ក្នុងប្រទេសចិន និងជាសកល ដែលនាំឱ្យ «Loneliness Economy» កើតឡើងយ៉ាងខ្លាំង ហើយទីផ្សារ ក៏មានទំហំធំផងដែរ។
ទីផ្សារសម្រាប់ «មនុស្សយន្តសង្គម – Social Robots» កំពុងកើនឡើងយ៉ាងឆាប់រហ័ស ដោយមានការប៉ាន់ស្មានថា នឹងកើនឡើងដល់ ៧ដង ដោយមានទំហំ ៤២,៥ពាន់លានដុល្លារអាម៉េរិក នៅឆ្នាំ២០៣៣។ ខណៈដែលការរចនាជាលើកដំបូង សម្រាប់តែកុមារ មនុស្សយន្ត និងសត្វចិញ្ចឹម AI បានទាក់ទាញមនុស្សពេញវ័យ និងគ្រួសារ កាន់តែច្រើនឱ្យចង់ប្រើវា៕































