ខណៈ ថ្ងៃទី១៤ កុម្ភៈ ដែលត្រូវបានមជ្ឈដ្ឋានទូទៅនិយមហៅថា ទិវានៃក្តីស្រឡាញ់ កាន់តែខិតជិតមកដល់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានធ្វើការអំពាវនាវទៅដល់មាតា បិតា អាណាព្យាបាល អាជ្ញាធរ ជាពិសេសយុវជន សូមចូលរួមផ្សព្វផ្សាយ អប់រំ ពន្យល់ណែនាំ ក្រើនរំលឹកដល់បងប្អូន កូនចៅ ក្នុងគោលដៅប្រើប្រាស់ទិវានេះឱ្យស្របតាមគន្លងប្រពៃណីដ៏ល្អត្រកាលរបស់ខ្មែរ ដើម្បីកិត្តិយស និងភាពថ្លៃថ្នូររបស់បុគ្គលផ្ទាល់ខ្លួន ក្រុមគ្រួសារ ពិសេសចូលរួមថែរក្សាអត្តសញ្ញាណជាតិ ដែលកូនខ្មែរគ្រប់ៗរូបមានកាតព្វកិច្ចថែរក្សាការពារ។
បើតាមក្រសួងវប្បធម៌ ទិវានៃក្តីស្រឡាញ់ បានជ្រៀតចូលក្នុងសង្គមកម្ពុជា ជាពិសេសក្នុងស្រទាប់យុវជន ដោយការទទួលយកព្រឹត្តិការណ៍នេះ ស្តែងឡើងតាមរយៈសកម្មភាពនានា ដោយឈរលើមនោសញ្ចេតនាស្រឡាញ់ដឹងគុណចំពោះមាតាបិតា អាណាព្យាបាល គ្រូបាធ្យាយ ប្តី-ប្រពន្ធ មិត្តភក្តិ ប្រកបដោយភាពថ្លៃថ្នូរគួរជាទីគោរព និងកោតសរសើរ។ តែជាមួយគ្នានេះ នាពេលកន្លងមក ទោះជាមានការពន្យល់ណែនាំ អំពាវនាវ ក៏គេនៅសង្កេតឃើញមានសកម្មភាពមួយចំនួនតូចដែលត្រូវបានសង្គមវាយតម្លៃថាមិនគួរកើតមាន ដោយសកម្មភាពទាំងនោះផ្តល់ផលអវិជ្ជមានដល់បុគ្គលផ្ទាល់ផង និងដល់តម្លៃប្រពៃណី ទំនៀមទម្លាប់អត្តសញ្ញាណជាតិផង។
ករណីនេះ ក្រសួងវប្បធម៌ យល់ថា ការសិក្សាស្វែងយល់ឱ្យច្បាស់អំពីឬសគល់ និងប្រភពនៃទិវានៃក្តីស្រឡាញ់ គឺជាភាពចាំបាច់ ដើម្បីចៀសវាងការអនុវត្តខុស និងការបង្កនូវរូបភាព និងបរិយាកាសសង្គមថ្មី ដែលខុសពីចរិតលក្ខណៈដើម នៃសង្គមកម្ពុជាយើង ជាពិសេសសកម្មភាពជ្រួលជ្រើមហួសហេតុប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម ដល់សីលធម៌ កិត្តិយស និងសេចក្តីថ្លៃថ្នូរដល់បុគ្គលខ្លួនឯងនិងអ្នកដទៃ ព្រមទាំងសកម្មភាពទាំងឡាយដែលបង្កផលប៉ះពាល់រយៈពេលវែងដល់អនាគត នៃបុគ្គលដែលបានប្រព្រឹត្តខុសគន្លង។

យ៉ាងណាក៏ដោយ សម្រាប់ទិវានៃក្តីស្រឡាញ់នៅកម្ពុជា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ យល់ឃើញថា គួរជាឱកាសមួយក្នុងការបង្ហាញអារម្មណ៍មនោសញ្ចេតនា និងកាយវិការចែករំលែកនានានូវក្តីស្រឡាញ់ប្រកបដោយភាពថ្លៃថ្នូរ ស្មោះសរបរិសុទ្ធ ចំពោះមនុស្សជាទីស្រឡាញ់នៅជុំវិញខ្លួន មានជាអាទិ៍ ក្រុមគ្រួសារ ឪពុកម្តាយ ប្តីប្រពន្ធ កូនចៅ ញាតិមិត្ត និងគួរតែជាកាយវិការចែករំលែកទៅដល់ ជនពិការ កុមារកំព្រា និងអ្នកដែលស្ថិតក្នុងស្ថានភាពលំបាកផ្សេងទៀត ក្រោមរូបភាព សរសេរលិខិតជូនពរ ការជូនអំណោយផ្សេងៗ ការសំណេះសំណាល ឬការទទួលទានអាហាររួមគ្នា ដោយក្តីសោមនស្ស និងការបន្យល់ទុកអនុស្សាវរីយ៍ល្អៗ។
ស្របគ្នាទៅនឹងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ពាក់ព័ន្ធទៅនឹងទិវានៃក្តីស្រឡាញ់នេះដែរ ក្រសួងអប់រំ យុវជន និងកីឡា ក៏បានធ្វើការអំពាវនាវទៅដល់សិស្សានុសិស្សមួយចំនួនតូចដែលយល់ច្រឡំថា ថ្ងៃ១៤ កុម្ភៈ ជាថ្ងៃបុណ្យសង្សារ ឬជាថ្ងៃណាត់ជួបគ្នារវាងគូស្នេហ៍ ហើយភ្លើតភ្លើន ភ្លេចការសិក្សា បាត់បង់សេចក្តីថ្លៃថ្នូរជាបុគ្គល និងក្រុមគ្រួសារ ប្រាសចាកវប្បធម៌ និងប្រពៃណីជាតិរបស់ខ្មែរ។ ក្រសួងអប់រំ បានធ្វើការបញ្ជាក់ថា ទិវានេះពុំមែនជាប្រពៃណីរបស់ជនជាតិខ្មែរយើងទេ ហើយជាមួយគ្នានេះ ក្រសួងក៏បានស្នើដល់គ្រប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនទាំងអស់ សូមផ្សព្វផ្សាយអំពីអត្ថន័យ ទិវានៃក្តីស្រឡាញ់ ដល់សិស្សានុសិស្សឱ្យបានទូលំទូលាយគ្រប់មធ្យោបាយ និងគ្រប់រូបភាព ដើម្បីចៀសវាងការយល់ច្រឡំដែលនាំឱ្យប្រាសចាកវប្បធម៌ និងប្រពៃណីជាតិរបស់ខ្មែរ។

ជាមួយគ្នានេះ ក្រសួងអប់រំ ក៏ស្នើដល់គ្រឹះស្ថានសិក្សាទាំងអស់ ពង្រឹងការអនុវត្តវិន័យឱ្យបានម៉ឺងម៉ាត់ ដោយតាមដានអវត្តមានរបស់សិស្សានុសិស្សជាប់ជាប្រចាំ, ត្រូវបញ្រ្ជាបការអប់រំសីលធម៌ តាមមុខវិជ្ជានីមួយៗ, ត្រូវជំរុញដំណើរការរបស់ក្រុមប្រឹក្សាយុវជន ក្រុមប្រឹក្សាកុមារប្រចាំសាលា ដោយអនុវត្តសកម្មភាព “មិត្តអប់រំមិត្ត”, ត្រូវទំនាក់ទំនងជាមួយមាតាបិតា ឬអ្នកអាណាព្យាបាលសិស្ស និងសហគមន៍ដើម្បីផ្តល់ និងទទួលព័ត៌មាននានាដែលពាក់ព័ន្ធនឹងសកម្មភាពមិនប្រក្រតី ដើម្បីរួមសហការគ្នាទប់ស្កាត់ អប់រំណែនាំ និងកែលម្អឱ្យបានទាន់ពេលវេលា៕































