មហោស្រពស្ថាបត្យកម្មកម្ពុជា ដែលប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងបង្ហាញស្នាដៃ និងគំនិតច្នៃប្រឌិតរបស់និស្សិត ស្ថាបត្យករ និងអ្នកជំនាញ ខណៈអ្នករៀបចំ និងអ្នកចូលរួមចាត់ទុកព្រឹត្តិការណ៍នេះជាវេទិកាសម្រាប់ភ្ជាប់ការអប់រំជាមួយការអនុវត្តវិជ្ជាជីវៈ និងជំរុញយុវជនឱ្យចាប់អារម្មណ៍លើវិស័យស្ថាបត្យកម្ម។
មហោស្រពស្ថាបត្យកម្មកម្ពុជាត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងទំនាក់ទំនងរវាងការអប់រំ និងការអនុវត្តវិជ្ជាជីវៈ ព្រមទាំងជំរុញនិស្សិត និងស្ថាបត្យករជំនាន់ក្រោយឱ្យអភិវឌ្ឍគំនិត នវានុវត្តន៍ និងសមត្ថភាព ដើម្បីចូលរួមចំណែកក្នុងការកសាង និងអភិវឌ្ឍនគរូបនីយកម្មសហសម័យរបស់កម្ពុជា។
ក្នុងឱកាសនេះ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមប្រឹក្សាគណៈស្ថាបត្យករកម្ពុជា បានលើកទឹកចិត្តឱ្យបន្តបង្កើត និងពង្រីកវេទិកាបែបនេះ ដោយភ្ជាប់ការរចនា ស្ថាបត្យកម្ម និងការអភិវឌ្ឍជីវភាពប្រជាពលរដ្ឋ។

ឯកឧត្តមបានគូសបញ្ជាក់ថា ការអភិវឌ្ឍស្ថាបត្យកម្មគួរផ្តោតលើតម្រូវការ និងគុណភាពជីវិតរបស់ប្រជាពលរដ្ឋជាមូលដ្ឋាន មិនមែនគិតត្រឹមភាពស្រស់ស្អាត ឬតម្លៃនៃសំណង់ប៉ុណ្ណោះទេ។ តាមទស្សនៈនេះ ការរចនាផ្ទះ អគារ និងទីប្រជុំជន គួរត្រូវបានគិតគូរឱ្យសមស្របនឹងជីវភាព និងលទ្ធភាពរបស់ប្រជាជន។
ឯកឧត្តមក៏បានលើកឡើងពីការពង្រីកការចូលរួមពីរាជធានី-ខេត្ត និងវិស័យឯកជន ដើម្បីធ្វើឱ្យមហោស្រពនាពេលអនាគតកាន់តែទូលំទូលាយ។ ជាពិសេស ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងការបង្ហាញស្នាដៃ អាចជួយទាក់ទាញសាធារណជន និងបង្កើនការចូលរួមពីមនុស្សកាន់តែច្រើន។
ជាមួយគ្នានេះ សាស្ត្រាចារ្យ សែន បញ្ញា ព្រឹទ្ធបុរសរងមហាវិទ្យាល័យវិស្វកម្ម និងស្ថាបត្យកម្ម នៃសាកលវិទ្យាល័យបៀលប្រាយ បានចាត់ទុកមហោស្រពនេះថា ជាវេទិកាដ៏មានសារៈសំខាន់សម្រាប់បង្ហាញពីការរីកចម្រើននៃវិស័យស្ថាបត្យកម្មកម្ពុជា ទៅកាន់សាធារណជនក្នុងស្រុក និងអន្តរជាតិ។

សាស្ត្រាចារ្យ សែន បញ្ញា បានឱ្យដឹងថា ការតាំងបង្ហាញស្នាដៃរបស់និស្សិតមិនត្រឹមជួយឱ្យសាធារណជនស្គាល់សមត្ថភាពរបស់យុវជនកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសសម្រាប់និស្សិត ស្ថាប័នអប់រំ និងអ្នកជំនាញផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍រវាងគ្នាផងដែរ។
ក្នុងចំណោមស្នាដៃដែលបានដាក់តាំង មានគម្រោងរបស់ និស្សិត ហែម ចាន់ណារិទ្ធ និងក្រុម ដែលសិក្សាជំនាញស្ថាបត្យកម្មនៅសាកលវិទ្យាល័យបៀលប្រាយ។ គម្រោងនេះផ្តោតលើការអភិវឌ្ឍ មជ្ឈមណ្ឌលពិព័រណ៍សិប្បកម្ម ចម្លាក់ និងកុលាលភាជន៍ នៅខេត្តកំពង់ឆ្នាំង។
និស្សិតរូបនេះក៏បានលើកទឹកចិត្តដល់យុវជនដែលមានចំណាប់អារម្មណ៍លើវិស័យស្ថាបត្យកម្មឱ្យស្រលាញ់ជំនាញរបស់ខ្លួន ខិតខំរៀនសូត្រ និងជ្រើសរើសស្ថាប័នអប់រំដែលផ្តល់ការបណ្តុះបណ្តាលមានគុណភាព ព្រោះស្ថាបត្យកម្មជាជំនាញដែលទាមទារការអត់ធ្មត់ ការច្នៃប្រឌិត និងការខិតខំប្រឹងប្រែងជាបន្តបន្ទាប់។
ដោយឡែក និស្សិត សុវណ្ណ កែវមុនី ដែលសិក្សាជំនាញវិស្វកម្មនៅសាកលវិទ្យាល័យ CamTech បានចូលរួមទស្សនាមហោស្រព ដើម្បីស្វែងយល់បន្ថែមអំពីវិស័យស្ថាបត្យកម្ម និងស្នាដៃរបស់និស្សិតកម្ពុជា។
និស្សិត សុវណ្ណ កែវមុនី បានឱ្យដឹងថា ស្នាដៃដែលបានដាក់តាំងបង្ហាញមានភាពចម្រុះទាំងផ្នែករចនា និងវិធីសាស្ត្របង្កើត ដែលបង្ហាញពីការរីកចម្រើននៃគំនិតច្នៃប្រឌិត និងសមត្ថភាពរបស់និស្សិតកម្ពុជាក្នុងវិស័យស្ថាបត្យកម្ម។

សូមជម្រាបថា មហោស្រពស្ថាបត្យកម្មកម្ពុជាត្រូវបានរំពឹងថា នឹងក្លាយជាវេទិកាបន្តភ្ជាប់ស្ថាប័នអប់រំ និស្សិត អ្នកជំនាញ និងវិស័យឯកជន ដើម្បីផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ និងស្នាដៃ ព្រមទាំងរួមចំណែកជំរុញការអភិវឌ្ឍវិស័យស្ថាបត្យកម្ម និងនគរូបនីយកម្មនៅកម្ពុជាឱ្យកាន់តែឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ៕











































































