កិច្ចការងារសង្គមសំដៅដល់ការងារស្ម័គ្រចិត្ត ឬការប្រមូលផ្តុំគ្នាទៅធ្វើកម្មវិធីផ្តល់ប្រយោជន៍ជូនទៅកាន់សហគមន៍ជាដើម ហើយជារឿយៗការងារប្រភេទនេះ កើតមានតាមរយៈការផ្តួចផ្តើមក្នុងក្រុមនៅក្នុងសហគមន៍ជាក់លាក់មួយ ឬក៏ក្រុមយុវជន និងសិស្សនិស្សិតជាដើម។ កិច្ចការងារប្រភេទនេះ ជំរុញឱ្យមនុស្សប្រើប្រាស់ជំនាញទំនាក់ទំនង ព្រោះភាគច្រើន វាពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈដែរ។ ដូច្នេះអ្នកចូលរួមធ្វើការងារស្ម័គ្រចិត្តក្នុងសង្គមជាទូទៅ មានឱកាសក្នុងការអនុវត្តន៍ជំនាញការងារទាំងបាន ទោះបីជាមិនមានសញ្ញាបត្រផ្នែករដ្ឋបាលសាធារណៈ ដែលនេះជាឱកាសមួយសម្រាប់អ្នកធ្វើកិច្ចការងារសង្គមត្រូវការត្រៀមខ្លួន។
តាមរយៈ គេហទំព័រ Research បានបង្ហាញអំពីគុណតម្លៃបីចំណុចនៃការងារសង្គមតាមរយៈការស្ម័គ្រចិត្តពីភាគីពាក់ព័ន្ធនានា។
១. បទពិសោធន៍ដែលមិនអាចប្តូរបានដោយទ្រព្យសម្បត្តិ ៖ យុវជន ឬអ្នកដែលចូលរួមសកម្មភាពការងារកក្នុងសហគមន៍ តែងទទួលបាននូវបទពិសោធន៍មួយដែលល្អ ផ្តល់អារម្មណ៍មោទនភាព ចំពោះខ្លួនឯង និងសហគមន៍ទាំងមូល រួមទាំងជាឱកាសក្នុងការតភ្ជាប់បណ្តាញទំនាក់ទំនង ការស្វែងរកខ្លួនឯង និងជៀសពីភាពធុញទ្រាន់ដោយការធ្វើសកម្មភាពដដែលៗប្រចាំថ្ងៃ។

២. បើកផ្លូវទៅកាន់ឱកាសការងារ ៖ ក្រៅតែពីការពង្រឹងជំនាញ បទពិសោធន៍ដ៏មានតម្លៃ ពីការងារស្ម័គ្រចិត្ត បន្ថែមពីនោះ ក៏បានរួមចំណែកឱ្យមានឱកាសបានជួបបុគ្គលដែលមានជំនាញវិជ្ជាជីវៈ បង្កើនវិសាលភាពការងារ ការទំនាក់ទំនងបែបជាក្រុម និងជាបុគ្គល ភាពបត់បែនក្នុងកិច្ចសហការ ការឆ្លុះបញ្ចាំង និងបណ្តុះផ្នត់គំនិតភាពជាអ្នកដឹកនាំ។

៣. ភាពរឹងមាំទាំងសុខភាពផ្លូវចិត្ត និងផ្លូវកាយ ៖ ការងារសង្គម ជំរុញឱ្យសុខភាពផ្លូវកាយ និងផ្លូវចិត្ត មានភាពប្រសើរឡើង ដោយសាតែមានការទំនាក់ទំនងគ្នាបានជាប្រចាំ និងការគាំទ្រគ្នាទៅវិញទៅមក ដែលនេះ គឺជាការរួមចំណែកដល់ការគាំពារផ្លូវចិត្តគ្នាទៅវិញទៅមក កាត់បន្ថយភាពឯកោ ក៏ដូចជាអាការបាក់ទឹកចិត្ត។ កិច្ចការងារសង្គមទៀតសោធ គឺលើសពីការផ្ដល់ជូនដល់សហគមន៍នៅត្រង់ថា ការងារសង្គមដើរតួនាទីពង្រីកវិសាលភាពអាជីពវិជ្ជាជីវៈ តាមរយៈបទពិសោធន៍ របៀបធ្វើការងារជាក់ស្តែង និងហ៊ានសាកល្បងសកម្មភាពដែលពុំធ្លាប់ធ្វើពីមុនៗមក៕































