យុវជនឆ្នើម ១៥រូប ដែលជាសិស្សវិទ្យាល័យ មកពីសាលានៃខេត្តចំនួន ៥ រួមមាន ក្រចេះ ស្ទឹងត្រែង សៀមរាប បាត់ដំបង និងកំពង់ចាម បានទទួលឱកាសចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលជំនាញទន់ និងជំនាញរឹង នៃគម្រោងដែលមានឈ្មោះថា “Sala Enrichment Program 2024” ដើម្បីចូលរួមលើកកម្ពស់វិស័យអប់រំក្នុងសហគមន៍របស់ពួកគេ។
នៅក្នុងសន្ទរកថាបើក លោក សុខ លាភ នាយកសាលាថេក ឌីជីថល មានប្រសាសន៍ថា យុវជនទាំង ១៥ រូបដែលមានសមាជិកក្នុងមួយក្រុមបីនាក់ មកពីខេត្ត ៥ ផ្សេងគ្នានេះ នឹងទទួលបានការបណ្ដុះបណ្ដាលជំនាញទន់ ជំនាញរឹង និងផ្នត់គំនិត ឱ្យមានសមត្ថភាពរៀបចំគម្រោងស្វែងរកបញ្ហាទាក់ទងនឹងការអប់រំក្នុងសហគមន៍។ តាមរយៈការចូលរួមវគ្គបណ្ដុះបណ្ដាលរយៈពេល ៣ថ្ងៃ និងអនុវត្តគម្រោងរយៈពេល ៦ខែ ។ លោក សុខ លាភ រំពឹងថា យុវជនទាំង ១៥រូប នឹងជំរុញសិស្សានុសិស្សចំនួន ១០០០នាក់ផ្សេងទៀត ឱ្យចាប់អារម្មណ៍បន្តការសិក្សា កម្រិតមហាវិទ្យាល័យ និងជំនាញបច្ចេកទេស ដើម្បីពង្រឹងគុណភាព និងសក្តានុពលរបស់ពួកគេ ក្នុងគោលដៅឆ្ពោះទៅរកក្ដីស្រមៃ និងអនាគតល្អប្រសើរ។

លោក ម៉ិល ផនសីហា ប្រធាននាយកដ្ឋានអប់រំយុវជន និងកុមារ នៃអគ្គនាយកដ្ឋានយុវជន ក្រសួងអប់រំយុវជន និងកីឡា មានប្រសាសន៍ថា គម្រោងនេះ ពិតជាមានសារៈសំខាន់ ហើយនឹងជំរុញឱ្យយុវជនចាប់អារម្មណ៍បន្ថែមទៀត ក្នុងការចូលរួមចំណែកការងារស្ម័គ្រចិត្ត ខណៈបច្ចុប្បន្ន ការចូលរួមចំណែករបស់យុវជន មានសារៈសំខាន់ខ្លាំងនៅគ្រប់សកម្មភាពទាំងអស់។ លើសពីនេះ លោកបានផ្ដល់អនុសាសន៍ដល់យុវជន ទាំង ១៥រូប ដែលបានចូលរួមក្នុងគម្រោង និងវគ្គបណ្ដុះបណ្ដាល ត្រូវចូលរួមឱ្យបានពេញដៃពេញជើង ដើម្បីឱ្យអនុវត្តគម្រោងឱ្យបានជាផលប្រយោជន៍សម្រាប់សហគមន៍របស់ខ្លួន។
ចំពោះយុវជនទាំង១៥រូប ដែលចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលសុទ្ធសឹងតែមានការប្ដេជ្ញាចិត្តខ្ពស់ ក្នុងការចូលរួមដោះស្រាយបញ្ហាក្នុងសហគមន៍របស់ពួកគេរៀងខ្លួន។ រិន ស្រីណង ជាសិស្សថ្នាក់ទី១២ នៃវិទ្យាល័យសម្ដេចឪ មកពីខេត្តបាត់ដំបង ជាយុវតីម្នាក់ដែលបានចូលរួមកម្មវិធីនេះ មានក្តីសង្ឃឹមយ៉ាងម៉ោះមុតថា តាមរយៈការចូលរួមក្នុងកម្មវិធីនេះ នឹងផ្ដល់ឱកាសដល់ពួកគេស្វែងគំនិត បទពិសោធន៍ និងចំណេះដឹងថ្មីៗ ដើម្បីចូលរួមដោះស្រាយបញ្ហាក្នុងសហគមន៍ ជាពិសេស គឺកាត់បន្ថយការបោះបង់ការសិក្សាទាំងនៅវ័យក្មេង ខណៈក្នុងរបស់នាងនឹងចូលរួមដោះស្រាយបញ្ហាបោះបង់ការសិក្សា ដែលបណ្ដាលមកពីបញ្ហាហិរញ្ញវត្ថុ។

សូមជម្រាបជូនថា គម្រោង “Sala Enrichment Program” ត្រូវបានផ្ដួចផ្ដើមឡើងដោយ សាលា (Sala) ដែលទទួលបានការគាំទ្រពីកម្មវិធីការគាំទ្រការវិនិយោគសម្រាប់សហគ្រិន (EIS) និងក្រសួងអប់រំ យុវជន និងកីឡា។ កម្មវិធី EIS ត្រូវបានអនុវត្ដរួមគ្នារវាងសហគ្រិនខ្មែរ និងអង្គការស្វីសខន់ថាក់ ដោយទទួលបានការសហការឧបត្ថម្ភថវិកាគាំទ្រដោយសហគ្រិនខ្មែរ (KE) ភា្នក់ងារស្វីសសម្រាប់ការអភិវឌ្ឍនិងកិច្ចសហប្រតិបត្ដិការ (SDC) និងភ្នាក់ងារសហប្រតិបត្ដិការអន្ដរជាតិកូរ៉េ(KOIKA)៕































