ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នាព្រឹកថ្ងៃទី២១ វិច្ឆិកា ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា ការវិនិយោគលើវិស័យអប់រំ គឺជាការវិនិយោគលើអនាគត។ សម្តេចបញ្ជាក់ថា ការវិនិយោគលើការបណ្តុះបណ្តាលពិតជាសំខាន់ ដោយមិនមែនសម្រាប់តែរាជរដ្ឋាភិបាល ប៉ុន្តែក៏ដើម្បីសហគមន៍ គ្រួសារ និងសាម៉ីខ្លួនឯងផ្ទាល់។
តាមប្រសាសន៍របស់សម្តេចធិបតី ចំណេះដឹង គឺជាអំណាចធំធេង ដែលធ្វើឱ្យយើងមានសមត្ថភាពក្នុងភាពម្ចាស់ការ និងឯករាជ្យ, ចំណេះដឹងធ្វើឱ្យយើងមានសមត្ថភាពប្រែក្លាយការគិតទៅជាសកម្មភាពជាក់ស្តែង, ចំណេះដឹងជួយឱ្យការសម្រេចចិត្តបានត្រឹមត្រូវ និងម្ចាស់ការកំណត់អនាគតរបស់ខ្លួនឯង, ចំណេះដឹងពង្រីកសមត្ថភាពដើម្បីចាប់យកឱកាស ពង្រីកឱកាស និងបង្កើតឱកាស ហើយចំណេះដឹងក៏ជាមូលដ្ឋានសម្រាប់ប្រទេសក្នុងការលើកកម្ពស់ភាពប្រកួតប្រជែង និងទាក់ទាញវិនិយោគិន។

សម្តេចនាយករដ្ឋមន្រ្តីបន្ថែមថា សម្រាប់កម្ពុជា ការវិនិយោគទៅលើវិស័យអប់រំ ក៏ជាគោលដៅមួយយ៉ាងសំខាន់ក្នុងការពង្រឹងសមធម៌សង្គមផងដែរ ដោយថា ប្រទេសកម្ពុជាគ្មានការបែងចែកវណ្ណៈ ហើយកូនអ្នកជនបទ និងអ្នកទីក្រុង សុទ្ធសឹងតែមានឱកាសក្នុងការសិក្សារៀនសូត្រ ទទួលចំណេះដឹងដូចគ្នា តួយ៉ាងដូចជាសិស្សនិទ្ទេស A ចំនួនជាង២ពាន់នាក់ ក៏មានអ្នករស់នៅតាមខេត្ត កូនអ្នកក្រីក្រ ក៏ដូចជាកូនអ្នកធូរធានៅទីក្រុង ដូច្នេះ សមធម៌សង្គម ធ្វើឱ្យគន្លាតរវាងទីជនបទ និងទីក្រុង ក៏ដូចជាអ្នកដែលមិនមានលទ្ធភាព និងអ្នកដែលមានលទ្ធភាពត្រូវបានកាត់បង្រួម។
“ចំណេះដឹងជួយលើកកម្ពស់សមធម៌សង្គម… កូនក្មេងរបស់ខ្មែរបានប្រកួតឈ្នះគេពានរង្វាន់មេដាយមាសខាងវិទ្យាសាស្រ្ត ខាងរ៉ូបូត ជាមួយប្រទេសដែលគេទំនើបជាងយើង ទាំងនេះគឺដោយសារមានឱកាសរៀនសូត្រ យើងអាចធ្វើបាន…”
សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី ក៏បានធ្វើការគូសបញ្ជាក់ដល់និស្សិត និងអង្គពិធីបន្ថែមផងដែរថា ការរក្សាបានទស្សនៈវិជ្ជមាន គឺជាជំហានឈានទៅចាប់យកអាជីព និង ជីវិតវិជ្ជមាន។ ក្នុងន័យនេះ ការដាក់គោលដៅវិជ្ជមានរបស់ប្អូនៗនិស្សិត ទើបអាចបញ្ចប់ការសិក្សាដោយជោគជ័យ ហើយការបញ្ចប់ការសិក្សាថ្ងៃនេះ គឺនឹងអាចទទួលបានលទ្ធផលវិជ្ជមានតាមការរំពឹងទុក ទៅថ្ងៃអនាគត។

បន្ថែមពីនេះ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី ក៏បានធ្វើការអបអរសាទរនូវភាពជោគជ័យរបស់ភាគីសំខាន់ៗ ដូចជា និស្សិតជ័យលាភីផ្ទាល់, ឪពុកម្តាយ និងអាណាព្យាបាល ដែលទទួលបានកិត្តិយស និងធនធានមនុស្សសម្រាប់គ្រួសារ, សាស្ត្រាចារ្យ បុគ្គលិកអប់រំ គណៈគ្រប់គ្រង និងគ្រឹះស្ថានអប់រំ ដែលអាចបណ្តុះបណ្តាលធនធានមនុស្សបន្ថែមជូនប្រទេសជាតិ។ ជាពិសេស គឺអបអរសាទរដល់កម្ពុជា ដែលទទួលបានធនធានមនុស្ស ប្រកបដោយបញ្ញាញាណ និងជាគ្រឹះក្នុងការជួយអភិវឌ្ឍសង្គមជាតិឱ្យកាន់តែល្អប្រសើរ និងសម្រេចគោលដៅនៃការអភិវឌ្ឍន៍ប្រកបដោយចេរភាព៕































