ក្នុងពិធីបើក “ពិព័រណ៍អប់រំ” ស្នាដៃស្រាវជ្រាវរបស់គរុនិស្សិតបរិញ្ញាបត្រជាន់ខ្ពស់អប់រំវិជ្ជាជីវៈគ្រូបង្រៀនកម្រិតឧត្តម (បរិញ្ញាបត្រ+២) ជំនាន់ទី២ នៅវិទ្យាសា្ថនជាតិអប់រំ កាលពីពេលកន្លងទៅថ្មីៗនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ការសិក្សាស្រាវជ្រាវ ពិតជាសំខាន់ក្នុងការពង្រឹងពង្រីកចំណេះដឹងអ្នកសិក្សា និងផ្តល់ផលប្រយោជន៍ជាច្រើនដល់សង្គមជាតិ ហើយការសិក្សាទ្រឹស្តី និងការអនុវត្តការស្រាវជ្រាវ គឺត្រូវធ្វើឡើងទន្ទឹមគ្នា និងពេញមួយជីវិត។
ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បញ្ជាក់បន្ថែមថា ចំពោះគ្រូបង្រៀន ការខិតខំចងក្រងនូវឯកសារស្រាវជ្រាវ ការផលិតសម្ភារឧបទេសបង្រៀន និងការស្រាវជ្រាវពីវិធីសាស្ត្របង្រៀន និងរៀនថ្មីៗ គឺជាគន្លឹះដ៏សំខាន់សម្រាប់ធ្វើឱ្យលទ្ធផល នៃការសិក្សារបស់សិស្ស កាន់តែល្អប្រសើរ ប្រកបដោយគុណភាព និងប្រសិទ្ធភាព។
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ បានចែករំលែកនូវបទពិសោធន៍ក្នុងការរៀនសូត្រឱ្យចេះចាំបានយូរ គឺការរៀនតាមរបៀបស្រាវជ្រាវ ដោយគួរចាប់ផ្តើមពីការរៀនសង្ខេបមេរៀន រៀនសង្កេតពីថ្នាក់រៀន និងការបង្រៀនជាក់ស្តែងនៅសាលាជំនាន់ថ្មី ហើយសរសេរចងក្រងជាឯកសារ សរសេរតាមបែបថ្មី ប្លែកខុសពីគេ ។ ចងក្រងជាសៀវភៅ បង្កើតស្នាដៃដោយខ្លួនឯង ត្បិតថាគ្រូបង្រៀនដែលមានចំណេះដឹងទូលំទូលាយ នឹងជួយគាំទ្រដល់ការរៀនសូត្ររបស់សិស្សឱ្យកាន់តែល្អប្រសើរ។ ទន្ទឹមនឹងនេះ ក៏ត្រូវពង្រឹងការយល់ដឹងអំពីផ្លូវចិត្តសិស្សផងដែរ។
គោលដៅរបស់ក្រសួងអប់រំ យុវជន និងកីឡា គឺត្រូវបន្តធ្វើការកែលម្អផ្នែកទន់ ពង្រឹងគុណវុឌ្ឍិគ្រូ ពង្រឹងការបណ្តុះបណ្ដាលគ្រូឱ្យមានគុណភាពស្របតាមស្តង់ដាវិជ្ជាជីវៈគ្រូបង្រៀន និងផលិតគ្រូសម្រាប់សតវត្សទី២១។ ក្នុងន័យនេះ គរុសិស្ស គរុនិស្សិត ត្រូវច្បាស់នូវចំណេះដឹងវិជ្ជាជីវៈ ដែលក្នុងនោះក្រសួងបានសម្រេច ឱ្យវិទ្យាស្ថានបណ្តុះបណ្តាលជំនាញឯកទេស២ ខណៈយកពិន្ទុឯកទេសគោលតែមួយប៉ុណ្ណោះជាមូលដ្ឋាន ដើម្បីឆ្លើយតបនឹងតម្រូវការគ្រូជាក់ស្តែងពេលចេញបង្រៀនតាមសាលា និងស្នើឱ្យវិទ្យាស្ថាន ពង្រឹងការធ្វើពិសោធន៍នៅបន្ទប់ពិសោធន៍ ដោយត្រូវរៀបចំជាសៀវភៅស្តង់ដាប្រតិបត្តិការធ្វើពិសោធន៍។
ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ក៏បានផ្តល់នូវអនុសាសន៍មួយចំនួនសម្រាប់គរុសិស្ស គរុនិស្សិត ដែលនឹងចេញទៅបំពេញការងារជាគ្រូបង្រៀនដូចជា ១). ត្រូវសម្រេចឱ្យបាននូវស្តង់ដាវិជ្ជាជីវៈគ្រូបង្រៀនទាំង ៥ គឺចំណេះដឹងវិជ្ជាជីវៈ ការប្រតិបត្តិវិជ្ជាជីវៈ ការសិក្សាវិជ្ជាជីវៈ សីលធម៌វិជ្ជាជីវៈ និងត្រូវមានចិត្តគរុកោសល្យ ២). ត្រូវមាននិយ័តភាព និងភាពចាស់ទុំក្នុងការបង្រៀនសិស្សឱ្យមានចំណេះដឹង ចំណេះធ្វើ ជាពលរដ្ឋល្អ ជាមិត្តល្អ ៣). ត្រូវពង្រឹងសមត្ថភាពផ្នែកឌីជីថល និងភាសាបទេស ដើម្បីពង្រីកវិសាលភាពក្នុងការសិក្សាស្រាវជ្រាវឱ្យកាន់តែទូលំទូលាយ និងសម្បូរបែប ៤). ត្រូវបន្តធ្វើការសិក្សា ស្រាវជ្រាវជាប្រចាំ ដើម្បីអភិវឌ្ឍចំណេះដឹង ជំនាញ និងឥរិយាបថក្នុងការបង្រៀន និងរៀនប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។
គួរជម្រាបជូនថា “ពិព័រណ៍អប់រំ” ស្នាដៃស្រាវជ្រាវរបស់គរុនិស្សិតបរិញ្ញាបត្រជាន់ខ្ពស់អប់រំវិជ្ជាជីវៈគ្រូបង្រៀនកម្រិតឧត្តម (បរិញ្ញាបត្រ+២) ជំនាន់ទី២ នៅវិទ្យាសា្ថនជាតិអប់រំ ធ្វើឡើងក្នុងគោលបំណង ដើម្បីឱ្យគរុនិស្សិតយល់ពីតម្លៃនៃសម្ភារឧបទេសសម្រាប់បង្រៀន ដែលធ្វើឱ្យខ្លឹមសារមេរៀនកាន់តែមានលក្ខណៈងាយស្រួលយល់ និងអាចយល់បានកាន់តែស៊ីជម្រៅជាងមុន ជំរុញឱ្យមានការចាប់អារម្មណ៍ និងចូលចិត្តក្នុងការងារស្រាវជ្រាវ ចេះសហការធ្វើការងារជាក្រុម យល់ដឹងពីតម្លៃសមូហភាព និងមានភាពឧស្សាហ៍ព្យាយាម បណ្តុះគរុសិស្ស គរុនិស្សិតឱ្យមានគំនិតច្នៃប្រឌិតនវានុវត្តន៍ឆ្លើយតបនឹងគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០៣០-២០៥០៕
































