ការមានអារម្មណ៍ធុញទ្រាន់ថ្ងៃចន្ទអាចបណ្តាលមកពីបំពេញការងារដែលខ្លួនមិនចូលចិត្ត ឃ្លាតឆ្ងាយពីការងារយូរថ្ងៃ ភារកិច្ចលើសចំណុះមិនស្របនឹងកម្លាំងដែលមាន មិនចុះសម្រុងនឹងនរណាម្នាក់នៅកន្លែងការងារ ឬជិតដល់ថ្ងៃកំណត់ក្នុងការប្រគល់លទ្ធផល ឬក៏បរិយាកាសទូទៅអាប់អួជាដើម។
តើគេត្រូវដោះស្រាយយ៉ាងណា ចំពោះបញ្ហា មិនចូលចិត្តថ្ងៃចន្ទ ? ចម្លើយដ៏សាមញ្ញគឺ ការយកចិត្តទុកដាក់ផ្លាស់ប្តូរទម្លាប់បន្តិចបន្តួច ដូចជា ធ្វើដំណើរកម្សាន្តនៅចុងសប្តាហ៍ជំនួសឱ្យនៅតែមួយកន្លែង សម្រាកឱ្យបានគ្រប់គ្រាន់ ទទួលទានអាហារល្អៗ រួមទាំងលំហាត់ប្រាណឱ្យបានទៀងទាត់។ ដើម្បីដឹងបន្ថែម ថា តើហេតុអ្វីទម្លាប់ប្រចាំថ្ងៃ របបអាហារ ការបែងចែកពេលវេលា រួមចំណែកជះឥទ្ធិពលទៅកាន់ការបង្កើនផលិតភាពនៅថ្ងៃចន្ទ តាមរយៈគេហទំព័រ verywellmind យើងនឹងបង្ហាញ អំពីគុណសម្បត្តិ នៃចំណុចនីមួយៗ។
១. ធ្វើសមាធិ ៖ សមាធិ ជាសកម្មភាពដ៏សំខាន់មួយជួយឱ្យការចាប់ផ្តើមថ្ងៃថ្មីមានភាពស្រស់ស្រាយ ។ ដូចនេះចាប់ផ្តើមថ្ងៃថ្មីមិនគួរមើលរំលងសកម្មភាពមួយនេះឡើយ ព្រោះសមាធិ មានសមត្ថភាពអភិវឌ្ឍន៍ប្រព័ន្ធដំណើរការខួក្បាល និងពង្រឹងការគិតឱ្យមានភាពវិជ្ជមានជាងមុន។

ការចូលរួមជាមួយនឹងវគ្គសិក្សាខ្លីៗ អំពីសមាធិ ជំរុញឱ្យការគិតមានភាពស្រឡះល្អ ជួយក្នុងការសម្រេចបាននូវគោលដៅ និងផែនការក្នុងសប្តាហ៍នីមួយៗ ។ សមាធិ មិនត្រឹមតែជំរុញអារម្មណ៍ល្អ ប៉ុន្តែក៏បានពង្រឹងការផ្តោតស្មារតី និងការសម្រាកមួយយ៉ាងស្ងប់សុខនៅចុងសប្តាហ៍។ ទោះបីជាស្ថិតក្នុងស្ថានភាពមមាញឹកយ៉ាងណាក៏ដោយ គួរតែទុកចន្លោះយ៉ាងហោចណាស់ប្រាំនាទីក្នុងមួយថ្ងៃ ដើម្បីអនុវត្តន៍សមាធិឱ្យបានជាប្រចាំ។
២. របៀប នៃការស្លៀកពាក់ ៖ ពេលខ្លះ ជារៀងរាល់ព្រឹកថ្ងៃចន្ទ យើងគ្រាន់តែទាញខោអាវមកស្លៀកពាក់ដោយមិនបានគិតអ្វីច្រើនទេ។ យ៉ាងណាមិញ ការជ្រើសយកសម្លៀកបំពាក់មកប្រើប្រាស់លើដងខ្លួនដោយការគិតបានល្អិតល្អន់ ទាំងការស្រឡាញ់ពេញចិត្ត ទាំងមានផាសុកភាពចំពោះខ្លួនឯង គឺបានជះឥទ្ធិពលវិជ្ជមានពេញមួយថ្ងៃទៅកាន់ការចម្រាញ់យកឱ្យបានផលិតភាពការងារ។ ស្លៀកពាក់ល្អៗត្រង់ចំណុចនេះ គឺចង់សំដៅលើខោអាវដែលមានផាសុកភាព ឬខោអាវដែលស្របនឹងរបៀបវារៈនៃកម្មវិធីអ្វីមួយ។
ស្លៀកពាក់បានល្អ មិនត្រឹមតែបណ្តុះនូវអារម្មណ៍ និងផ្នត់គំនិតវិជ្ជមានប៉ុណ្ណោះទេ ប៉ុន្តែបានពង្រឹងបន្ថែមនូវទំនុកចិត្តពីខាងក្នុងខ្លួន។ ដូច្នេះត្រឹមតែទម្លាប់ស្លៀកពាក់បានត្រឹមត្រូវចំពោះខ្លួនឯង ក៏ជាកត្តាជំរុញឱ្យការប្រើប្រាស់ពេលវេលានៅថ្ងៃចន្ទប្រកបដោយផលិតភាព ដែលជាហេតុផលមួយបង្ហាញថា គួរតែជ្រើសរើសពណ៌ដែលខ្លួនចូលចិត្ត ដើម្បីជំរុញឱ្យអារម្មណ៍ស្រស់ស្រាយបន្ថែម។

៣. អាហារពេលព្រឹកមានសារធាតុចិញ្ចឹម ៖ ការបេ្តជ្ញាទទួលទានអាហារពេលព្រឹកឱ្យបានជាប្រចាំ ចាត់ទុកថាជាសកម្មភាពជោគជ័យមួយក្នុងបេសកកម្មនៃការថែទាំខ្លួន។ យ៉ាងណាមិញ គឺនៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ ការជ្រើសរបបអាហារពេលព្រឹកដែលមានជីវជាតិ មានគុណភាព គឺជាជំហានសំខាន់ក្នុងការជំរុញឱ្យបេសកកម្ម នៃការចាប់ផ្តើមថ្ងៃថ្មីកាន់តែល្អបន្ថែម ជាពិសេសការផ្តោតអារម្មណ៍។
យើងសុទ្ធតែបានដឹងហើយថា អាហារូបត្ថម្ភដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញសុខភាពនៃរាងកាយទាំងមូល។ ហើយការទទួលទានអាហារពេលព្រឹកល្អ ជាកត្តារួមចំណែកក្នុងការគ្រប់គ្រងអារម្មណ៍ និងថាមពលបានពេញមួយថ្ងៃ។
៤. ធ្វើសកម្មភាពកម្សាន្ត ៖ សកម្មភាពដែលជំរុញឱ្យអារម្មណ៍ល្អ មានច្រើនទម្រង់ ដោយអាស្រ័យទៅលើបុគ្គលម្នាក់ៗ ដូចជាទៅញាំអាហារថ្ងៃត្រង់ដែលចូលចិត្តខ្លាំង ជួបជុំមិត្តបន្ទាប់ពីបញ្ចប់ការងារ ទៅកន្លែងម៉ាស្សា ឬក៏មើលភាពយន្តដែលខ្លួនចូលចិត្តមុនពេលចូលគេងជាដើម។

៥. ធ្វើលំហាត់ប្រាណ ៖ ការធ្វើឱ្យរាងកាយមានចលនា មិនថាតាមរយៈរូបភាពណាក៏បាន ពីព្រោះទម្លាប់ធ្វើឱ្យរាងកាយមានភាពសកម្ម គឺជាវិធីសាស្រ្តវិជ្ជមានមួយបណ្តុះបាននូវស្មារតី និងដួងព្រលឹងឱ្យរស់នៅមានក្ដីសង្ឃឹម។ ការសិក្សាស្រាវជ្រាវបានបង្ហាញថា លំហាត់ប្រាណបានបង្កើនអរម៉ូនសុភមង្គល ផ្សះផ្សាអាការអ្វីមួយឱ្យឆាប់ជាសះស្បើយ រួមទាំងជំរុញឱ្យអារម្មណ៍ល្អ។ ការធ្វើលំហាត់ប្រាណទៀតសោធ មិនចាំបាច់ ទាល់តែធ្វើពីព្រឹកព្រលឹមទើបទទួលបានលទ្ធផលនោះទេ លំហាត់ប្រាណអនុវត្តន៍នៅពេលណាក៏បាន ប៉ុន្តែត្រូវពង្រឹងទម្លាប់អនុវត្តន៍ឱ្យបានទៀងទាត់រាល់ថ្ងៃ។ ហើយអ្វីដែលកាន់តែប្រសើរទៀតនោះ គឺ ការធ្វើលំហាត់ប្រាណមានពេលវេលាមួយស្របនឹងតម្រូវការនៃរាងកាយ ឬក៏ការចូលក្នុងក្លឹបហាត់ណាមួយដែលមានការណែនាំ ក៏ដូចជាការកំណត់សេចក្ដីបេជ្ញាចិត្ត ឬក៏រៀនអំពីរបៀបធ្វើយូហ្គាតាមកម្មវិធីអនឡាញណាមួយ រួចយកមកអនុវត្តន៍ខ្លួនឯងនៅផ្ទះ។
យ៉ាងណាក៏ដោយអ្នកពុំចាំបាច់ទាមទារនូវលំហាត់ប្រាណមួយ ដែលត្រូវតែហាត់ប្រកបដោយភាពហ្មត់ចត់រហូតនោះទេ គ្រាន់តែអនុវត្តន៍ឱ្យសមល្មមដែលស្របនឹងតម្រូវការរាងកាយ ក៏ដូចជាតម្រូវការសុខភាព ក្នុងការចាប់ផ្តើមថ្ងៃថ្មី ប្រកបដោយប្រសិទ្ធភាព ជាពិសេសនៅថ្ងៃចន្ទ៕






























