បើយោងតាមកាលវិភាគ នៃការប្រព្រឹត្តទៅ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប ឆ្នាំសិក្សា២០២២-២០២៣ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ គឺជាការប្រព្រឹត្តទៅនៃដំណើរការស្រង់ បូកពិន្ទុដោយកុំព្យូទ័រ និងផ្ទៀងផ្ទាត់ពិន្ទុ។ ដូច្នេះ តើបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ត្រូវមានពិន្ទុប៉ុន្មាន ទើបត្រូវបានកំណត់ឱ្យជាប់?
តាមការប្រកាសរបស់ក្រសួងអប់រំ យុវជន និងកីឡា របបពិន្ទុប្រឡងអតិបរមាគឺ ៥០០ពិន្ទុ ប៉ុន្តែដោយមុខវិជ្ជាភាសាបរទេសជាវិញ្ញាសាតាមស្ម័គ្រ ដូច្នេះ ពិន្ទុប្រឡងជាប់ គឺ ៥០០ ដក២៥ រួចចែកនឹង២ ស្មើនឹង ២៣៧,៥ ដូច្នេះក្រសួងកំណត់យកត្រឹម ២៣៧ពិន្ទុ ជាប់។

ដោយឡែកសម្រាប់និទ្ទេសវិញ ត្រូវបានចែកចេញជា ៥កម្រិត គឺនិទ្ទេស A, B, C, D និង E ក្នុងនោះការកំណត់និទ្ទេសគឺ A ល្អប្រសើរ = ពិន្ទុសរុប x ០.៩ , B ល្អណាស់ = ពិន្ទុសរុប x 0.៨ , C ល្អ = ពិន្ទុសរុប x ០.៧ , D ល្អបង្គួរ = ពិន្ទុសរុប x ០.៦ និង E មធ្យម = ពិន្ទុសរុប x ០.៥ ។
ប្រសិនបើគ្មានការប្រែប្រួលនោះទេ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ពេលរសៀល ក្រសួងអប់រំយុវជន និងកីឡា នឹងធ្វើការប្រកាសលទ្ធផល នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង ៦ វិច្ឆិកា សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្តាល និងនៅថ្ងៃទី២៩ ខែវិច្ឆិកា សម្រាប់ខេត្តផ្សេងៗទៀតនៅទូទាំងប្រទេស។

តែយ៉ាងណា បើតាមប្រសាសន៍របស់លោកជំទាវ ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា ការប្រកាសលទ្ធផល នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ អាចនឹងធ្វើឡើងភ្លាមៗ នៅពេលដែលលទ្ធផលការងារកំណែសន្លឹកកិច្ចការ និងបូកស្រង់ពិន្ទុបេក្ខជនបញ្ចប់រួចរាល់មុនកាលកំណត់ ដោយមិនបង្កកទុកលទ្ធផលយូនោះទេ ដើម្បីរក្សាឱ្យដំណើរការកែសន្លឹកកិច្ចការនេះ ឱ្យមានតម្លាភាព និងលទ្ធផលទទួលយកបាន៕































