រដ្ឋមន្រ្តីអប់រំ ៖ គម្រោង “ការលើកកម្ពស់ការរៀនពេញមួយជីវិត” រួមចំណែកបង្កើនចំនួនកុមារ និងស្រី្តងាយរងគ្រោះមានឱកាសសិក្សាខ្ពស់ជាងមុន

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត្ត។

ក្នុងពិធីប្រកាសដាក់ឱ្យដំណើរការគម្រោង “ការលើកកម្ពស់ការរៀនពេញមួយជីវិត” រៀបចំដោយអង្គការភ្លែនអន្តរជាតិកម្ពុជាសហការជាមួយក្រសួងអប់រំ យុវជន​ និងកីឡា នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា គម្រោង “ការលើកកម្ពស់ការរៀនពេញមួយជីវិត” រួមចំណែកបង្កើនចំនួនកុមារនិងស្រី្តងាយរងគ្រោះមានឱកាសសិក្សាខ្ពស់ជាងមុន។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន មានប្រសាសន៍ថា ការរៀបចំអនុវត្តគម្រោងលើកកម្ពស់ការរៀនពេញមួយជីវិត ក្រោមកិច្ចសហការជាមួយនាយកដ្ឋានពាក់ព័ន្ធរបស់ក្រសួង ពិតជាមានសារៈសំខាន់ ដើម្បីធានាបាននូវការឆ្លើយតបលទ្ធផលគម្រោងចំនួន៤ រួមមាន ទី១. កំណើនចំនួនកុមារ ក្មេងស្រីវ័យជំទង់ និងស្រ្តីវ័យក្មេងដែលងាយរងគ្រោះ ជាពិសេសកុមារមានពិការភាព កុមារជនជាតិដើមភាគតិច និងក្រុមមានអត្តសញ្ញាណយេនឌ័រផ្សេងៗ បានបញ្ចប់ការសិក្សានៅកម្រិតបឋមសិក្សា ហើយបន្តចូលរៀននៅមធ្យមសិក្សាបឋមភូមិដោយជោគជ័យ ទី២. កុមារបាត់បង់ឱកាស កុមារវ័យជំទង់ និងយុវវ័យ ជាពិសេសក្មេងស្រី និងយុវតីជនជាតិដើមភាគតិច កុមារដែលមាននិន្នាការភេទ និងអត្តសញ្ញាណយេនឌ័រផ្សេងៗ បញ្ចប់ការអប់រំក្នុងប្រព័ន្ធនៃកម្រិតបឋមសិក្សា និងមធ្យមសិក្សាបឋមភូមិ ទី៣. យុវជនអាយុ ១៥ដល់ ២៤ឆ្នាំ ជាពិសេសស្រ្តីដែលមិនអាចចូលសាលារៀនចំណេះទូទៅវិញបាន អាចស្វែងរកជំនាញដើម្បីទទួលបានឱកាសការងារសមរម្យ មានប្រាក់ឈ្នួល ឬ ប្រកបរបរដោយខ្លួនឯង និងទី៤. គោលនយោបាយជាតិ គោលការណ៍ណែនាំនានា និងយុទ្ធសាស្ត្រពាក់ព័ន្ធត្រូវបានរៀបចំប្រកបដោយគុណភាព ផ្តោតលើការគាំទ្រដល់កុមារ យុវជន ឆ្លើយតបនឹងយេនឌ័រ និងការអភិវឌ្ឍជំនាញដើម្បីការងារសមរម្យ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា

រដ្ឋមន្ត្រីក្រសួងអប់រំ បន្ថែមថា ដើម្បីឆ្លើយតបលទ្ធផលសម្រេចទាំង៤ខាងលើ ក្រសួងអប់រំបាននិងកំពុងអនុវត្ត «កំណែទម្រង់សាលារៀន» ដោយមានម៉ូដែលផ្សេងៗគ្នា ដូចជា សាលារៀនជំនាន់ថ្មី សាលារៀនគំរូ មជ្ឈមណ្ឌលសិក្សាឌីជីថល និងសាលារៀនធម្មតា។ បច្ចុប្បន្ននេះ ក្រសួងបាននិងកំពុងអនុវត្តស្ដង់ដាសាលារៀនគំរូ ក្នុងគោលបំណងជំរុញ និងគាំទ្រដល់ការគ្រប់គ្រង និងការអភិវឌ្ឍសាលារៀន ដោយផ្តោតលើ ទី១. រង្វាយតម្លៃសមត្ថភាពរបស់សិស្សតាមរយៈការធ្វើតេស្តដោយតម្លាភាព ដើម្បីគាំទ្រដល់ការរៀននិងបង្រៀន និងការរៀបចំថ្នាក់ជួយសិស្សរៀនយឺត ផ្ដោតលើសិស្សមិនសូវចេះអាន សរសេរ និងគិតលេខ ទី២. ការបង្កើនគណនេយ្យភាពនិងតម្លាភាពរបស់សាលារៀន ទី៣. ការបង្កើនស្វ័យភាពនិងសិទ្ធិអំណាចក្នុងការសម្រេចចិត្តនៅកម្រិតសាលារៀន និងទី៤.ការបង្កើនការចូលរួមរបស់មាតាបិតា សហគមន៍ និងភាគីពាក់ព័ន្ធនៅក្នុងការគ្រប់គ្រង និងការអភិវឌ្ឍសាលារៀនឱ្យសម្រេចបានស្តង់ដាជាសាលារៀនគំរូ។

លោកស្រី គ្វីននេត វ៉ា នាយិកាប្រចាំប្រទេសនៃអង្គការភ្លែនអន្តរជាតិកម្ពុជា មានប្រសាសន៍ថា កិច្ចសប្រតិបត្តិការជាដៃគូរបស់អង្គការភ្លែនអន្តរជាតិកម្ពុជា ជាមួយនឹងក្រសួងអប់រំ យុវជន និងកីឡា បានអនុញ្ញាត្តិឱ្យមានការចូលរួមជាមួយសហគមន៍ដាច់ស្រយាលដែលជួបការលំបាកជាច្រើននៅក្នុងតំបន់គោលដៅ ដើម្បីលើកកម្ពស់ លើកទឹកចិត្ត និងគាំទ្រពួកគាត់ឱ្យចុះឈ្មោះចូលរៀនក្នុងគ្រប់ជាន់ថ្នាក់ គឺចាប់ផ្តើមពីបឋមសិក្សា ដល់វិទ្យាល័យ ក៏ដូចជាវិទ្យាស្ថាន TVET ឬក៏វគ្គបណ្តុះបណ្ដាលវិជ្ជាជីវៈដែលមានទីតាំងនៅជិតពួកគេបំផុត។

នាយិកាប្រចាំប្រទេសនៃអង្គការភ្លែនអន្តរជាតិកម្ពុជា បន្ថែមថា គម្រោង “ការលើកកម្ពស់ការរៀនពេញមួយជីវិត” នឹងបន្តក្នុងការពង្រឹងនូវគុណភាពអប់រំក្នុងប្រទេសកម្ពុជា និងធានាបាននូវការទទួលការអប់រំ និងអភិវឌ្ឍជំនាញប្រកបដោយគុណភាពពេញលេញដល់កុមារ ក្មេងស្រី និងស្ត្រី ដើម្បីឱ្យពួកគាត់អាចបន្តសម្រេចនូវក្តីសុបិន្តរបស់ពួកគេ។ លោកស្រី បន្តថា អង្គការភ្លែនអន្តរជាតិកម្ពុជា ព្យាយាមពុះពារដើម្បីធានាបាននូវសិទ្ធិស្មើភាពរបស់ក្មេងស្រី និងស្ត្រី តាមរយៈការផ្ដល់ការគាំទ្រដើម្បីឱ្យពួកគាត់ទទួលបាននូវការអប់រំ ដែលអាចឱ្យពួកគាត់អាចចាប់យកជោគវាសនាផ្ទាល់ខ្លួនក្នុងការរៀន ដឹកនាំ សម្រេចចិត្ត និងអភិវឌ្ឍ និងដើម្បីឈានសម្រេចនូវសុខុមាលភាពពេញលេញរបស់ពួកគេ។

លោកស្រី គ្វីននេត វ៉ា នាយិកាប្រចាំប្រទេសនៃអង្គការភ្លែនអន្តរជាតិកម្ពុជា

លោក ប៉ា សុដ្ឋា ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តរតនៈគិរី មានប្រសាសន៍ថា លោកពិតជាមានមោទនភាពដែលខេត្តរតនៈគិរី​ជាខេត្តមួយស្ថិតក្នុងគម្រោង “ការលើកកម្ពស់ការរៀនពេញមួយជីវិត”នេះ។ លោកបន្តថា តាមរយៈគម្រោងដែលនឹងអនុវត្តនេះ នឹងចូលរួមកាត់បន្ថយអត្រាបោះបង់ការសិក្សារបស់សិស្ស ក៏ដូចជាការបញ្ចូលមុខវិជ្ជាការអប់រំពហុភាសា ថ្នាក់ទី១ដល់ថ្នាក់ទី៣ ក្នុងការថែរក្សាអត្តសញ្ញាណវប្បធម៌ជនជាតិដើមភាគតិច ក៏ដូចជាកាត់បន្ថយអត្រាត្រួតថ្នាក់ជាដើម។ ក្នុងនោះនៅពេលសិស្សចូលរៀនថ្នាក់ទី៤ ពួកគេនឹងអាចរៀនសូត្រតាមកម្មវិធីសិក្សាចំណេះទូទៅជាភាសាខ្មែរតែម្ដង។

ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តរតនៈគិរី លើកឡើងដែរថា ប្រសិនបើយើងចង់សម្រេចការអប់រំដើម្បីទាំងអស់គ្នា និងប្រកបដោយគុណភាព គឹត្រូវសម្លឹងមើលមកតំបន់ភូមិភាគឦសាន (រតនៈគិរី មណ្ឌលគិរី ស្ទឹងត្រែង​ ក្រចេះ) ដែលសម្បូរដោយជនជាតិដើមភាគតិច នោះកម្ពុជានឹងសម្រេចបាននូវការអប់រំប្រកបដោយបរិយាបន្ន។ ទន្ទឹមគ្នានេះ លោក ប៉ា សុដ្ឋា ក៏បានស្នើសុំឱ្យក្រសួងអប់រំ និងអង្គការដៃគូពាក់ព័ន្ធ ពិនិត្យនិងបន្តគាំទ្រនូវភាពខ្វះខាតរបស់សាលារៀននៅតំបន់ដាច់ស្រយាល ធ្វើយ៉ាងណាផ្ដល់ឱកាសឱ្យកុមារងាយរងគ្រោះ កុមារជនជាតិដើមភាគតិច ទទួលបានការអប់រំ ដោយមិនទុកចោលនរណាម្នាក់ទៅក្រៅរង្វង់សិក្សា។

យោងតាម EMIS របស់ក្រសួងល់រំ យុវជន និងកីឡា នៅខេត្តរតនៈគីរីអត្រាគង់វង្សនោះបឋមសិក្សាចំនួន ៦១៧៥% មធ្យមសិក្សាបឋមភូមិចំនួន ៣៨,៦៤% និងមធ្យមសិក្សាទុតិយភូមិចំនួន ២១,២២%។ ជាមួយគ្នានេះដែរ អត្រាបញ្ចប់ការសិក្សានៅបឋមសិក្សាមានចំនួន៨៩,១១% មធ្យមសិក្សាបឋមភូមិចំនួន ៥០,៤០% និងមធ្យមសិក្សាទុតិយភូមិចំនួន២៨,៣៨%។ ភាគរយកុមារចុះឈ្មោះចូលរៀនលើសអាយុ៦ឆ្នាំពីថ្នាក់ទី១ ដល់ទី៦ មានចំនួន ៣៤,១% ខណៈដែលអត្រាឆ្លងភូមិសិក្សាទៅមធ្យមសិក្សាបឋមភូមិមានចំនួន ៧៩,៧% និងមធ្យមសិក្សាទុតិយភូមិចំនួន ៨២,៨%។ អត្រាបោះបង់ការសិក្សានៅបឋមសិក្សាមានចំនួន១,៦% មធ្យមសិក្សាបឋមភូមិមានចំនួន១៧,៥% និងអត្រាបោរបង់ការសិក្សានៅមធ្យមសិក្សាទុតិយភូមិមានចំនួន ១៣,៨%។

ពិធីប្រកាសដាក់ឱ្យដំណើរការគម្រោង “ការលើកកម្ពស់ការរៀនពេញមួយជីវិត” រៀបចំដោយអង្គការភ្លែនអន្តរជាតិកម្ពុជាសហការជាមួយក្រសួងអប់រំ យុវជន​ និងកីឡា

ក្នុងរបាយការណ៍ដដែលបានបង្ហាញថា ទៅខេត្តស្ទឹងត្រែង អត្រាពិតចុះឈ្មោះចូលនៅសាលាបឋមសិក្សាចំនួន ៩៨,៨% ខណៈអត្រាបញ្ចប់ការសិក្សា មានចំនួន៩២,៤៩% ការឆ្លងភូមិសិក្សាកំរិតបឋមសិក្សាមានចំនួន ៧៦.៩% ហើយអត្រាបោះបង់ការសិក្សាមានចំនួន៩,១%។ ក្នុងនោះដែល អត្រាបញ្ចប់ការសិក្សាមធ្យមសិក្សាបឋមភូមិមានចំនួនត្រឹមតែ ៤៧,២៩% ប៉ុណ្ណោះ ខណៈអត្រាបោះបង់ការសិក្សានៅតែមានកម្រិតខ្ពស់រហូតដល់ ១៧,២% ខណៈភូមិសិក្សានៅកំរិតមធ្យមសិក្សាទនីយភូមិមានចំនួន ៧៦,៨១%។

គួរជម្រាបជូនថា គម្រោង “ការលើកកម្ពស់ការរៀនពេញមួយជីវិត” មានរយៈពេលអនុវត្ត​ចំនួន៣ឆ្នាំ ចាប់ពីខែកក្កដា ឆ្នាំ២០២៤ ទៅដល់ខែមិថុនា ឆ្នាំ២០២៧ ដើម្បីចូលរួមធ្វើការដោះស្រាយបញ្ហាប្រឈមផ្នែកអប់រំសំខាន់ៗមួយចំនួន ដែលកុមារ និងក្មេងពេញវ័យកំពុងជួបប្រទះ ជាពិសេសនៅសហគមន៏ដាច់ស្រយាល។ គម្រោងនឹងធានាឱ្យក្មេងស្រីវ័យជំទង់ និងស្រ្តីវ័យក្មេងទទួលបានសិទ្ធិនៃការអប់រំ និងការអភិវឌ្ឍជំនាញប្រកបដោយគុណភាពពេញលេញដែលគាំទ្រដល់ការរៀនសូត្រពេញមួយជីវិត និងទទួលបានការងារសមរម្យ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាវជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/03/2024

វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ប្រកាសជ្រើសរើសបេក្ខជនសិក្សាវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (១,៥ លាននាក់)។ អាហា...

ក្រុមប្រឹក្សា​យុវជនឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក (AYC) ជ្រើសរើសសមាជិកជំនាន់ទី១៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/02/2026

ជាឱកាស​សម្រាប់យុវជន​ក្នុងការ​ពង្រឹងភាពជាអ្នកដឹកនាំ ចូល​រួម​ក្នុង​សកម្មភាព​សហគមន៍ និង​ចែករំលែក​ទស្សនៈ​របស់ខ្លួន ក្នុងការ​ពិភាក្សា​ប្រកបដោយអត្ថន័យ។

អាហារូបករណ៍ថ្នាក់ក្រោយឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ GIST ប្រទេសកូរ៉េខាងត្បូងឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងកម្មវិធី MS&PhDរួមបញ្ចូលគ្នា នៅវិទ្យាស្ថានវិទ្យាសាស្ត្រ និបច្ចេកវិទ្យាGwangju (GIST)សាធារណកូរ៉េពីកម្មវិធីអាហា.....

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលតួកគី ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/01/2024

ស្ថានទូតតួកគីប្រចាំនៅកម្ពុជាប្រកាសជូនដំណឹងអាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សានៅប្រទេសតួកគីឆ្នាំសិក្សា២០២៤។ កម្មវិធីអាហារូបករណ៍ជាការផ្ដល់ជូនពីរដ្ឋាភិបាលតួកគីផ្ដល់...

មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​រតនគិរី ផ្តល់​ការ​សិក្សា​ជំនាញ១១ ដោយ​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/11/2024

មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​រតនគិរី បានប្រកាស​ផ្តល់​ការ​សិក្សា​ជំនាញ​ចំនួន១១ ដោយ​ឥតគិតថ្លៃ ដល់យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និងគ្រួសារ​ងាយ​រង​ហានិភ័យ​ ក៏​ដូចជា​កម្មករ​និយោជិក​ក្រៅ​ប្រព័ន្ធ។

អាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យជាតិសេអ៊ូលប្រទេសកូរ៉េខាងត្បូងឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2023

សាកលវិទ្យាល័យជាតិសេអ៊ូល នៃប្រទេស​កូរ៉េ​ខាងត្បូង បានប្រកាស​ផ្តល់អាហារូបករណ៍សម្រាប់និស្សិតបរទេស​ដែល​មក​ពី​ប្រទេស​កំពុង​អភិវឌ្ឍន៍ ដែល​រួម​មានទាំងកម្ពុជាផង...

ឱកាសអាហារូបករណ៍ថ្នាក់ Master នៅកាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/06/2025

កម្មវិធីអាហារូបករណ៍ McCall MacBain Scholarships 2026 កំពុងស្វែង​រក​បេក្ខជន​ដែលមាន​សក្តានុពល ដើម្បីមក​បន្ត​ការ​សិក្សា​ថ្នាក់ Master នៅតាមសាកលវិទ្យាល័យ​នានា ក្នុង​ប្រទេស​កាណាដា។

អាហារូបករណ៍សាច់ប្រាក់សិក្សានៅសហរដ្ឋអាមេរិកផ្នែកវេជ្ជសាស្ត្រពីសមាគមសុខាភិបាលខ្មែរនៅអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2023

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ប្រចាំឆ្នាំពីសមាគមសុខាភិបាលខ្មែរនៅអាមេរិក (CHPAA)ទៅសិក្សាផ្នែកវេជ្ជសាស្ត្រនៅសហរដ្ឋអាមេរិក ។ បេក្ខជនជ័យលាភីអាហារូបករណ៍....