ធ្មេចបើកៗពេលវេលានៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបនៅមិនច្រើនទៀតទេ ដែលតម្រូវឱ្យប្អូនៗជាបេក្ខជនប្រឡងត្រៀមខ្លួនឱ្យបានរួចរាល់ និងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពក្នុងរយៈពេល២ថ្ងៃនៃការប្រឡងនេះ។ ទន្ទឹមគ្នានេះ ប្រហែលជា២សប្ដាហ៍មុនប្រឡងបាក់ឌុប អាចមានបេក្ខជនមួយចំនួនក៏បានត្រៀមខ្លួនរួចរាល់ ហើយបេក្ខជនមួយចំនួនទៀតនៅមិនទាន់ត្រៀមខ្លួនរួចរាល់ មានអារម្មណ៍ភ័យ ឬស្ទាក់ស្ទើរនៅឡើយ។
លោក បូរ៉ា វិច្ឆិកា ជាគ្រូបង្រៀននៅអនុវិទ្យាល័យសម្ដេចតេជោ ហ៊ុន សែន ចាន់ស ខេត្តសៀមរាប និងជាអតីតសិស្សបាក់ឌុបឆ្នាំ២០១៦ មានប្រសាសន៍ថា ការប្រឡងបាក់ឌុបប្រៀបដូចជាសារមួយដែលដាស់តឿនរំលឹកថា យើងបានបញ្ចប់ការសិក្សាថ្នាក់ចំណេះទូទៅ ហើយក៏ក្លាយជាមនុស្សធំ ជាអ្នកដែលត្រូវជ្រើសរើសជំនាញណាមួយសិក្សាបន្តស្របទៅតាមចំណេះជំនាញ ឬក៏ការស្រឡាញ់ពេញចិត្តរបស់យើង។
គ្រូបង្រៀននៅអនុវិទ្យាល័យ សម្ដេចតេជោ ហ៊ុន សែន ចាន់ស ខេត្តសៀមរាប រូបនេះ បន្ថែមថា សម្រាប់រយៈពេលពីរសប្ដាហ៍មុនប្រឡងបាក់ឌុប សិស្សានុស្សមិនគួរសម្រុកមើលមេរៀនខ្លាំងពេកនោះទេ មានន័យថា យើងបានមើលមេរៀនពីដើមឆ្នាំបន្តបន្ទាប់មកហើយ នៅពេលជិតដល់ថ្ងៃប្រឡង មិនគួរសម្រុកមើលមេរៀនដល់យប់ជ្រៅ គឺយើងត្រូវសម្រាក់ឱ្យបានគ្រប់គ្រាន់ ។ ទន្ទឹមគ្នានេះ សិស្សានុសិស្សអាចរំលឹកឡើងវិញនូវមេរៀនណាដែលមានភាពស្ទាក់ស្ទើរ ឬខ្វះចន្លោះ ជាពិសេសមើលមេរៀនណាដែលពាក់ព័ន្ធជាមួយមុខវិជ្ជាណាដែលទន្ទេញ។
តាមបទពិសោធន៍លោក បូរ៉ា វិច្ឆិកា លើកឡើងថា ដើម្បីឱ្យការប្រឡងបាក់ឌុបទទួលបាននិទ្ទេសល្អ ទី១. ត្រូវមានមូលដ្ឋានគ្រឹះពីថ្នាក់ក្រោមដើម្បីទទួលបានលទ្ធផលល្អប្រសើរក្នុងការប្រឡង។ ទី២. ចំពោះមុខវិជ្ជាវិទ្យាសាស្រ្ត គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា ត្រូវអនុវត្តលំហាត់ឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន ។ ទី៣. ចំពោះមុខវិជ្ជាទន្ទេញ យើងត្រូវចេះច្បិចយកនូវចំណុចសំខាន់ៗ ឬមានគន្លឹះក្នុងការទន្ទេញឱ្យងាយចាំ។ ទី៤. ត្រូវជ្រើសរើសអាហារបរិភោគដែលមិនប៉ះពាល់ដល់សុខភាព ថែរក្សាសុខភាពឱ្យបានល្អ ដើម្បីឱ្យការប្រឡងរបស់យើងដំណើរការបានរលូន។
លោក បូរ៉ា វិច្ឆិកា បន្ថែមថា ចំពោះអារម្មណ៍ភ័យក្នុងការប្រឡងវិញទាំងលោកផ្ទាល់ និងមនុស្សស្ទើរតែគ្រប់គ្នាតែងតែមានអារម្មណ៍បែបនេះ ប៉ុន្តែយើងត្រូវកាត់បន្ថយភាពភ័យខ្លាចនោះ ដើម្បីកុំឱ្យរំខានដល់ការប្រឡងរបស់យើង ។ លោកបន្តថា ប្រសិនបើសិស្សានុសិស្សបានត្រៀមខ្លួនខំរៀនតាំងពីដើមឆ្នាំ រៀបផែនការរៀនពីដើមឆ្នាំឱ្យរួចជាស្រេច នោះនៅពេលជិតដល់ថ្ងៃប្រឡងនឹងជួយកាត់បន្ថយភាពភ័យខ្លាចបានច្រើន។
លោក បូរ៉ា វិច្ឆិកា ក៏លើកទឹកចិត្តដល់ប្អូនៗដែលត្រូវប្រឡងបាក់ឌុបខាងមុខនេះ ទោះបីជាការសិក្សាមិនសូវល្អ ការរៀនខ្សោយមុខវិជ្ជាណាមួយក្ដី គប្បីខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាព មានន័យថា បើយើងទទួលបានជោគជ័យក្នុងការប្រឡងនេះ យើងនឹងទទួលបានសញ្ញាបត្របាក់ឌុបមួយដែលជាសញ្ញបត្របញ្ជាក់ពីការខិតខំប្រឹងប្រែងរបស់យើងក្នុងរយៈពេល១២ឆ្នាំនៅក្នុងជីវិតជាសិស្សថ្នាក់ចំណេះដឹងទូទៅ។ លើសពីនេះ បើយើងទទួលបានសញ្ញាបត្រនេះ ហាក់ដូចជាស្ពានមួយសម្រាប់ឆ្លងទៅកម្រិតឧត្តមសិក្សា។
“ប្រសិនបើប្អូនៗណារៀនពូកែ ត្រូវខំប្រឹងប្រឡងយកនិទ្ទេសល្អ A, B, C កាលណាយើងទទួលបាននិទ្ទេសល្អ គឺយើងនាំកិត្តិយសជូនខ្លួនឯង ជូនគ្រួសារ ជូនសាលារៀន ហើយក៏មានអាហារូបករណ៍ពីសាលាជាច្រើនរង់ចាំទទួលយកប្អូនៗផងដែរ”។
លោក បូរ៉ា វិច្ឆិកា ជាគ្រូបង្រៀននៅអនុវិទ្យាល័យ សម្ដេចតេជោ ហ៊ុន សែន ចាន់ស
ជាមួយគ្នានេះ លោក វិច្ឆិកា ក៏បានផ្ដាំទៅកាន់ប្អូនៗជាបេក្ខជនប្រឡងបាក់ឌុបនៅថ្ងៃទី០៦ ខែវិច្ឆិកា ខាងមុខនេះ សូមត្រៀមខ្លួនឱ្យបានរួចជាស្រេច និងសូមខិតខំប្រឹងប្រែងហ្វឹកហាត់លំហាត់ផ្សេងៗ ក៏ដូចជាការមើលមេរៀន រំលឹកមេរៀនឡើងវិញ និងរក្សាសុខភាពឱ្យបានល្អ។ «សូមជូនពរប្អូនៗទាំងអស់ទទួលបានលទ្ធផលល្អទាំងអស់គ្នា និងជូនពរប្អូនៗទាំងអស់គ្នាក្លាយជាធនធានដ៏ល្អរបស់ប្រទេសជាតិដើម្បីចូលរួមអភិវឌ្ឍប្រទេសកម្ពុជាឱ្យក្លាយជាប្រទេសជឿនលឿន និងរីកចម្រើនដូចប្រទេសដទៃនៅលើពិភពលោក»៕

































