បន្ថែមពីការប្រើប្រាស់វ៉ែនតាដើម្បីការពារពន្លឺ ឬប្រើកញ្ចក់លែនការពារភ្នែក គឺនៅមិនទាន់គ្រប់គ្រាន់នោះទេ ព្រោះសូម្បីតែការសម្លឹងអ្វីមួយចំៗក្នុងរយៈពេលយូរក៏អាចប៉ះពាល់ដល់ភ្នែកផងដែរ។ យោងតាមគេហទំព័រ CNET បានបង្ហាញគន្លឹះ១០ចំណុច ក្នុងការថែរក្សាភ្នែក និងការពារភ្នែកដោយទម្លាប់សាមញ្ញៗប្រចាំថ្ងៃ ៖
១. ប្រើវ៉ែនតាការពារពន្លឺថ្ងៃ ៖ អត្ថប្រយោជន៍ ដែលទទួលបានពីការប្រើប្រាស់វ៉ែនតាមានសមត្ថភាពការពារពន្លឺ (UV) គឺអាចកាត់បន្ថយហានិភ័យនៃជំងឺភ្នែកដូចជា ភ្នែកឡើងបាយ មហារីកបាតភ្នែក និងកត្តាជាច្រើនដែលបណ្ដាលឱ្យភ្នែកមានបញ្ហា។

២. សម្រាកពីការសម្លឹងអេក្រង់ ៖ ក្រោយពេលដែលប្រើប្រាស់ស្រ្គីន មានពន្លឺក្នុងរយៈពេលច្រើនម៉ោងពេក គឺបណ្តាលឱ្យភ្នែកមានសភាពស្ងួតខុសសព្វមួយដង ដោយបង្ហាញនូវអាការៈមួយចំនួនដូចជា ឈឺឬចុករោយនៅត្រង់ក ស្មារ ឈឺក្បាល ឬមើលទៅទីតាំងវាលលំហមិនច្បាស់ជាដើម។ ក្នុងស្ថានភាពបែបនេះ អ្វីដែលលោកអ្នកគួរធ្វើ គឺរក្សាគម្លាតភ្នែកពីស្គ្រីនដែលមានពន្លឺ ឬសម្លឹងទៅកាន់អ្វីមួយផ្សេងទៀតរៀងរាល់ម្ភៃនាទីម្តង ដោយអាចចោលកន្ទុយភ្នែក សម្លឹងមើលទៅជុំវិញខ្លួន ក្នុងចន្លោះ២០វិនាទីយ៉ាងតិច។
៣. សម្រាកពីការសម្លឹងសៀវភៅដូចគ្នា ៖ ត្រឹមតែរក្សាគម្លាតពីអេក្រង់ទូរស័ព្ទ ឬស្រ្គីនកុំព្រូទ័រនៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ ត្បិតថាការសម្លឹងសៀវភៅមានផលប៉ះពាល់ទៅកាន់ភ្នែកតិចជាពន្លឺជះចាំងពីស្រ្គីនពិតមែន ប៉ុន្តែនៅពេលដែលសម្លឹងសៀវភៅយូរម៉ោងពេក វានឹងបង្កភាពស្រវាំង ហើយជាដំដោះស្រាយ គឺកុំមើលក្នុងរយៈពេលយូរពេក ឬជិតពេក។
៤. ធ្វើឱ្យរាងកាយមានចលនា ៖ ហាត់ប្រាណបានទៀងទាត់ ត្រូវបានបញ្ជាក់ថាផ្តល់សុខភាពទូទាំងរាងកាយ ក្នុងនោះក៏រាប់បញ្ចូលទាំងសុខភាពភ្នែកផងដែរ ដូចជាការពារនិងកាត់បន្ថយជំងឺទឹកដក់ក្នុងភ្នែកជាដើម។ ដូច្នេះការចំណាយពេលយ៉ាងហោចណាស់ មួយថ្ងៃចំនួន១៥០នាទីក្នុងការធ្វើឱ្យរាងកាយមានចលនា គឺដើម្បីពង្រឹងសុខភាពភ្នែក។
៥. ចេញទៅក្រៅ ៖ ជារឿយៗ មនុស្សដែលស្ថិតក្នុងវ័យកុមារ ជំទង់ ត្រូវការចេញទៅក្រៅជាញឹកញយ ទោះបីជាត្រូវបានលើកទឹកចិត្តឱ្យធ្វើលំហាត់ប្រាណក្នុងបរិវេណបិទជិតក៏ដោយ ។ ហើយការសិក្សាមួយបានបង្ហាញថា នៅពេលដែលកុមារ មនុស្សវ័យជំទង់ ឬយុវវ័យមានឱកាសក្នុងការចេញទៅក្រៅបានច្រើន គឺអាចអភិវឌ្ឍន៍ភាពមុតច្បាស់ នៃការសម្លឹងមើលអ្វីមួយ។ សូមចាំថា នៅពេលដែលចេញទៅក្រៅ កុំភ្លេចប្រើប្រាស់វ៉ែនតា ដើម្បីការពារពន្លឺផង។
៦. មិនជក់បារី ៖ ជក់បារី ជាទូទៅត្រូវបានគេដឹងជាច្រើនមកថា វាប៉ះពាល់ទៅកាន់សុខភាព ប៉ុន្តែនៅពេលដែលនិយាយពីផលប៉ះពាល់ទៅកាន់សុខភាពភ្នែកក៏មានច្រើនដែរ ព្រោះការជក់នេះ វាបណ្តាលឱ្យមានហានិភ័យដូចជា ភ្នែកឡើងបាយ និងជំងឺទឹកដក់ក្នុងភ្នែកជាដើម។

៧. បរិភោគអាហារឱ្យមានតុល្យភាព ៖ ជ្រើសរើសអាហារដែលមានសារធាតុចិញ្ចឹម និងមានជាតិវិតាមីនចម្រុះប្រភេទ និងមានជាតិអូមេហ្គាផងដែរ ។ វិតាមីន A មានដូចជា ការ៉ុត ដំឡូងផ្អែម និងស្វាយ ។ វិតាមីនC មាននៅក្នុងក្រូចថ្លុង ក្រូចឆ្មារ ក្រូចឃ្វិច និងប៉េងប៉ោះជាដើម។ ចំពោះវីតាមីន E វិញមាននៅក្នុងផ្លែប៊័រ គ្រាប់ស្រូវសាលី និងគ្រាប់ផ្កាឈូករ័ត្ន ហើយនិងមានក្នុងផ្នែកដទៃទៀត។ ដោយឡែកជីវជាតិ អូមេហ្គា៣វិញមាននៅក្នុងត្រីសាលម៉ុង ត្រីធូណា ឬត្រីប្រា។
៨. ជៀសវាងត្រដុសភ្នែក ៖ មូលហេតុដែលត្រូវជៀសវាងពីការត្រដុសភ្នែក គឺដោយហេតុថា បណ្តាលឱ្យឆ្លងមេរោគ ឈឺភ្នែក បង្កឱ្យមានសភាពស្ងួតភ្នែកជាដើម។ ជំនួយឱ្យការជូត ឬត្រដុសភ្នែកខ្លាំងៗ លោកអ្នកគួរប្រើប្រាស់ទឹកលាងភ្នែក ដើម្បីផ្តល់សំណើមទៅកាន់ភ្នែក។
៩. ឧស្សាហ៍លាងដៃ ៖ លោកអ្នកគួរតែលាងដៃឱ្យបានញឹកញាប់ ជាពិសេសមុនពេលទៅប៉ះពាល់ភ្នែក។ ការលាងដៃបានទៀងទាត់ មិនត្រឹមតែជួយឱ្យភ្នែកមានសុខភាពល្អប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយកាត់បន្ថយហានិភ័យ នៃជំងឺផ្លូវដង្ហើមផងដែរ។

១០. លាងសម្អាតគ្រឿងសម្អាងពីរង្វង់ភ្នែក ៖ សូមកុំរក្សាគ្រឿងសម្អាងនៅលើផ្ទៃមុខយូរពេក ជាពិសេសនៅត្រង់រង្វង់ភ្នែក មួយវិញទៀត មិនគួរប្រើគ្រឿងសម្អាងក្នុងត្របកភ្នែក និងប្រើប្រាស់ផលិតផលរួមគ្នាជាមួយអ្នកដទៃ បើសិនជាអាចជៀសវាងបាន៕




























