ក្រសួងអប់រំប្រកាសប្រកួតជ្រើសរើសស្នាដៃគំនូរកុមារគាំទ្រយុទ្ធនាការ “Beyond the Games” មូលបទ “បេះដូងលោតក្នុងចង្វាក់តែមួយ”

ភ្នំពេញ- ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសពីការប្រកួតជ្រើសរើសស្នាដៃគំនូរកុមារគាំទ្រយុទ្ធនាការ “Beyond the Games” ក្រោមមូលបទ “បេះដូងលោតក្នុងចង្វាក់តមួយ” សម្រាប់​សិស្សានុសិស្សដែលកំពុងសិក្សានៅគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនទាំងអស់ ក្នុងកម្រិតបឋមសិក្សាចាប់ពីថ្នាក់ទី១ ដល់ថ្នាក់ទី៦។

សិស្សានុសិស្សអាចជ្រើសរើសគូរគំនូរតាមប្រធានបទណាមួយក្នុងចំណោមប្រធានបទចំនួន៣ គាំទ្រដល់យុទ្ធនាការ “Beyond the Games” ក្រោមមូលបទ “បេះដូងលោតក្នុងចង្វាក់តែមួយ” ដូចជា៖

ទី១. “សេចក្តីស្រឡាញ់រួមគ្នាសម្រាប់ប្រទេសជាតិនិងមាតុភូមិ” ប្រធានបទនេះ សំដៅដល់គំនូរទាំងឡាយណាដែលពាក់ព័ន្ធនឹងការរួបរួមគ្នា ទាំងកម្លាំងចិត្ត កាយ បញ្ញា និងស្មារតី ដើម្បីបង្ហាញពីក្ដីស្រឡាញ់សម្រាប់ប្រទេសជាតិ និងមាតុភូមិ ដោយបង្ហាញពីភាពចំរុះនៃជាតិសាសន៍ សាសនា អាយុ ការងារ របស់ប្រជាពលរដ្ឋកម្ពុជាដែលរួបរួមសាមគ្គីគ្នា និងដោយមាន “បេះដូងលោតក្នុងចង្វាក់តែមួយ” ប៉ុន្តែរួមគ្នាធ្វើអ្វីមួយសម្រាប់កម្ពុជា ជាសកម្មភាពសង្គម បរិស្ថាននិងធម្មជាតិ ប្រពៃណី មនុស្សធម៌…។ ក្នុងន័យលើកកម្ពស់ការអប់រំដែលប្រកបដោយបរិយាបន្ន សិស្សានុសិស្សអាចគូររូបដែលមានបញ្ចូលនូវការចូលរួមរបស់កុមារឬជនដែលមានពិការភាព ក៏ដូចជាជាតិសាសន៍ឬសាសនាផ្សេងគ្នា នៅក្នុងរូបគំនូរ។

ទី២. “ស្មារតីកីឡា នាំមកនូវសុខភាព មិត្តភាព និងសាមគ្គីភាព” ប្រធានបទនេះ សំដៅដល់រូបគំនូរទាំងឡាយណាដែលពាក់ព័ន្ធនឹងអត្ថន័យនៃស្មារតីកីឡា ដែលបង្ហាញពីការកសាងនិងអភិវឌ្ឍរាងកាយនិងសុខភាព ការរាប់អានគ្នាប្រកបដោយមិត្តភាព ការមិនរើសអើងចំពោះពិការភាពឬជាតិសាសន៍ ក៏ដូចជាសាមគ្គីភាព ដែលកើតចេញពីការចូលរួមក្នុងសកម្មភាពកីឡា។ រូបគំនូរទាក់ទងនឹងប្រធានបទនេះអាចបង្ហាញពីស្មារតីកីឡា នាំមកនូវសុខភាព មិត្តភាព និងសាមគ្គីភាព ទាំងក្នុងពេលប្រកួតកីឡា ឬនៅក្នុងជីវភាពប្រចាំថ្ងៃ ដែលស្មារតីនេះគឺប្រៀបដូចជា “លើសពីការប្រកួតកីឡា” ។

ទី៣. “កីឡាដែលប្អូនចូលចិត្ត និងការប្រកួតកីឡាស៊ីហ្គេមនិងប៉ារ៉ាហ្គេម” ប្រធានបទនេះ សំដៅដល់រូបគំនូរទាំងឡាយណាដែលពាក់ព័ន្ធនឹងសកម្មភាពកីឡា ដែលបង្ហាញពីកីឡាណាមួយដែលជាចំណង់ចំណូលចិត្តរបស់សិស្ស ការអប់រំកាយ ការហ្វឹកហាត់កីឡានៅតាមសាលារៀន នៅផ្ទះ ឬនៅតាមទីសាធារណៈ ការប្រកួតកីឡាជាតិនិងអន្តរជាតិនៅកីឡដ្ឋាន។ សិស្សានុសិស្សក៏អាចគូរគំនូរដែលបង្ហាញពីការត្រៀមរៀបចំធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ របស់ប្រទេសកម្ពុជា ដែលប្រកបដោយសេចក្តីសុខ សន្តិភាព និងសុវត្ថិភាព សម្រាប់កីឡាករ និងអ្នកទេសចរណ៏មកពីប្រទេសដទៃ។

សិស្សានុសិស្សដែលមានចំណាប់ចូលរួមគួរគំនូរដើម្បីគាំទ្រយុទ្ធនាការ “Beyond the Games” ក្រោមមូលបទ “បេះដូងលោតក្នុងចង្វាក់តមួយ” ត្រូវគូរគំនូរដោយគោរពតាមការណែនាំរួមមាន ទី១. គូរគំនូរដោយប្រើខ្មៅដៃពណ៌ គូល័រទឹក ឬគូល័រប្រេង ឬប្រភេទផ្សេងទៀតតាមការនិយម ទី២. គូរនៅលើក្រដាសទំហំ A3 (297 x 420 mm) ជាលក្ខណៈបញ្ឈរឬផ្តេក ទី៣. គំនូរត្រូវរៀបចំលើក្រដាសដែលមានផ្ទៃពណ៌ស ឬផ្ទៃពណ៌ស្រាល ទី៤. គូរដោយរក្សាគម្លាតពីគែមសងខាងនៃក្រដាសប្រមាណ៣សង់ទីម៉ែត្រ ដោយមិនត្រូវគូររហូតដល់គែមនៃក្រដាសឡើយ។

ជាមួយគ្នានេះ បេក្ខជនត្រូវសរសេរឈ្មោះជាភាសាខ្មែរ និងឡាតាំង ថ្ងៃខែឆ្នាំកំណើត ទីកន្លែងកំណើត ឈ្មោះសាលារៀនរាជធានីខេត្តនៃសាលារៀន និងលេខទូរសព្ទ ដែលក្រសួងអប់រំ យុវជន និងកីឡា អាចទាក់ទងបាននៅផ្នែកខាងក្រោយនៃក្រដាស ហើយមិនត្រូវសរសេរព័ត៌មានទាំងនេះនៅផ្នែកខាងមុខនៃក្រដាសដែលមានគូរគំនូរឡើយ។ ទន្ទឹមគ្នានេះ ក្រសួងអប់រំ លើកទឹកចិត្តដល់សិស្សានុសិស្សក្នុងការសរសេរអត្ថបទបរិយាយអត្ថន័យនៃផ្ទាំងគំនូររបស់ខ្លួន នៅលើក្រដាស A4 ឬក្រដាសសៀវភៅ ដាច់ដោយឡែក ហើយក៏ភា្ជប់ជាមួយផ្ទាំងគំនូរនោះ។

កាលបរិច្ឆេទនៃការចាប់ផ្តើមទទួលស្នាដៃ ថ្ងៃទី២៥-៣១ ខែមករា ឆ្នាំ២០២៣ ការប្រមូលស្នាដៃថ្ងៃទី២០-២៧ ខែកុម្ភៈ ឆ្នាំ២០២៣ និងការប្រកាសលទ្ធផលនៅថ្ងៃទី០៨-១៥ ខែមីនា ឆ្នាំ២០២៣។ ក្រសួងនឹងផ្តល់រង្វាន់លើកទឹកចិត្ត ដល់ស្នាដៃផ្ទាំងគំនូរ ដែលមានលក្ខណៈពិសេស។ ផ្ទាំងគំនូររបស់កុមារដែលត្រូវបានជ្រើសរើសរួច ក៏នឹងត្រូវតាំងបង្ហាញនៅអំឡុងពេលការប្រកួតកីឡាស៊ីហ្គេម និងប៉ារ៉ាហ្គេម ក៏ដូចជានៅទីសាធារណៈមួយចំនួនទៀត។ ព័ត៌មានបន្ថែមសូមទំនាក់ទំនងលោក ហុង ពិដោរ ប្រធានការិយាល័យសកម្មភាពប្រតិបត្តិ នៃនាយកដ្ឋានបឋមសិក្សា តាមរយៈទូរសព្ទលេខ ០១២៧៣៣៤៦៦៕