ផ្លែចេក គឺជាផ្លែឈើដែលប្រជាជនខ្មែរនិយមទទួលទាន ហើយមានដាំស្ទើរតែគ្រប់ផ្ទះនៅតាមទីជនបទ, ដោយឡែកផ្លែប៉ោម មិនអាចដាំដុះនៅក្នុងប្រទេសកម្ពុជាបានទេ ដោយផ្លែឈើនេះត្រូវបាននាំចូលពីក្រៅប្រទេស។ តែយ៉ាងណាផ្លែឈើទាំងពីរប្រភេទនេះ សុទ្ធតែជាជម្រើសដ៏ពេញនិយមបំផុតសម្រាប់អ្នកស្រឡាញ់សុខភាព។ បើប្រៀបធៀបចំពោះផ្លែឈើទាំងពីរនេះ តើមួយណាល្អចំពោះសុខភាពជាង?
យោងតាមគេហទំព័រ loseit.com ការទទួលទានផ្លែចេក ឬផ្លែប៉ោមនៅពេលព្រឹក នឹងជួយផ្ដល់ថាមពលដល់រាងកាយ ដើម្បីបំពេញការងារបានយ៉ាងល្អបំផុត។ ផ្លែឈើទាំងពីរប្រភេទនេះ សុទ្ធតែមានផ្ទុកនូវកាបូអ៊ីដ្រាត (Carbs) ព្រមទាំងមានវីតាមីន C, ប៉ូតាស្យូម, ម៉ាញេស្យូម និងសារធាតុ Phytochemicals ផងដែរ។
អត្ថប្រយោជន៍សុខភាព របស់ផ្លែចេក
ផ្លែចេកសម្បូរទៅដោយម៉ាញេស្យូម ប៉ូតាស្យូម និងជាតិរ៉ែផ្សេងៗទៀត ដែលធ្វើឱ្យវាក្លាយជាប្រភពថាមពលរហ័ស និងជួយទ្រទ្រង់សាច់ដុំ ទោះបីជាវាមានជាតិកាបូអ៊ីដ្រាតខ្ពស់បន្តិចក៏ដោយ។ ផ្លែចេក ជាពិសេសនៅពេលវានៅមិនទាន់ទុំល្អ មានផ្ទុកនូវម្សៅធន់ (Resistant starches) ដែលជួយពន្លឿនការបឺតស្រូបជាតិកាបូអ៊ីដ្រាត និងបង្កើនភាពស៊ាំទៅនឹងអាំងស៊ុយលីន។ នៅពេលវាទុំ វានៅតែផ្តល់នូវសមាសធាតុដែលមានឥទ្ធិពលប្រឆាំងអុកស៊ីតកម្ម និងអាចជួយកាត់បន្ថយភាពតានតឹងអុកស៊ីតកម្ម (Oxidative stress)។ សម្រាប់អ្នកហាត់ប្រាណ ឬត្រូវការថាមពលភ្លាមៗ ផ្លែចេកគឺជាជម្រើសដ៏ស័ក្តិសមបំផុត។

អត្ថប្រយោជន៍សុខភាព របស់ផ្លែប៉ោម
ប្រសិនបើអ្នកចង់បានអារម្មណ៍ឆ្អែតបានយូរ និងគ្រប់គ្រងជាតិស្ករ ផ្លែប៉ោមគឺជាជម្រើសល្អ។ ផ្លែប៉ោម មានជាតិសរសៃ (Fiber) ខ្ពស់ ជួយឱ្យប្រព័ន្ធរំលាយអាហារដើរស្រួល និងកាត់បន្ថយការឃ្លាន។ ប៉ោម ក៏ជួយដល់សុខភាពបេះដូង ព្រោះវាសម្បូរទៅដោយសារធាតុ Polyphenols ដែលជួយបញ្ចុះជាតិខ្លាញ់អាក្រក់ (LDL) និងការពារសរសៃឈាម។

យ៉ាងណាក៏ដោយជាដំបូន្មានពីអ្នកជំនាញ ពិសេសសមាគមបេះដូងអាមេរិក (AHA) ណែនាំឱ្យទទួលទានផ្លែឈើឱ្យបាន ៤ ចំណែកក្នុងមួយថ្ងៃ។ ដូច្នេះ ការទទួលទានទាំងផ្លែចេក និងផ្លែប៉ោមផ្លាស់ប្តូរគ្នា គឺជាវិធីដ៏ល្អបំផុតដើម្បីទទួលបានជីវជាតិគ្រប់មុខ៕






























