ដើម្បីជំរុញល្បឿនកំណែទម្រង់គ្រឹះស្ថានបណ្តុះបណ្តាលគ្រូបង្រៀនបន្ថែម រដ្ឋមន្រ្តីក្រសួងអប់រំ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានស្នើឱ្យមានការបន្តធ្វើ់បច្ចុប្បន្នភាពកម្មវិធីសិក្សា និងទំនើបកម្មវិធីសាស្រ្តបង្រៀន ដើម្បីធានាដល់គុណភាព និងប្រសិទ្ធភាពនៃការបណ្តុះបណ្តាលគ្រូសតវត្សទី២១ ពិសេសការបញ្រ្ជាបការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) និងបច្ចេកវិទ្យាអប់រំថ្មីៗ ក្នុងការរៀន និងបង្រៀន។
ក្នុងឱកាសធ្វើជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងាររបស់វិទ្យាស្ថានគរុកោសល្យបាត់ដំបង កាលពីសប្តាហ៍កន្លងទៅនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានកោតសរសើរចំពោះសមិទ្ធផលសម្រេចបានគួរឱ្យកត់សម្គាល់របស់វិទ្យាស្ថានក្នុងរយៈពេល ០១ ឆ្នាំ កន្លងមកនេះ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត បញ្ញា ស្មារតី ក្នុងការបំពេញការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីចូលរួមជាមួយក្រសួងក្នុងការអនុវត្ត កម្មវិធីកំណែទម្រង់គ្រឹះស្ថានបណ្តុះបណ្តាលគ្រូបង្រៀន ជាពិសេស ការប្រែក្លាយវិទ្យាស្ថានគរុកោសល្យបាត់ដំបង ជាគ្រឹះស្ថានអប់រំគ្រូបង្រៀនសតវត្សទី២១ ប្រកបដោយឧត្តមភាព។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានផ្តល់អនុសាសន៍ដល់វិទ្យាស្ថានគរុកោសល្យបាត់ដំបង សម្រាប់ទិសដៅការងារបន្តក្នុងឆ្នាំ២០២៦នេះ ដោយបន្តយកចិត្តទុកដាក់លើកកម្ពស់ធនធានគ្រូឧទ្ទេស តាមរយៈការជ្រើសរើសអ្នកដែល មានសមត្ថភាពដើម្បីបំពេញការងារនៅវិទ្យាស្ថាន។ ពង្រីកវិសាលភាពនៃកម្មវិធីបណ្ដុះបណ្ដាលដំបូង និងកម្មវិធីវិក្រឹតការគ្រូបង្រៀនពិសេសកម្មវិធីលើកកម្ពស់គុណវុឌ្ឍិគ្រូបង្រៀនដែលបញ្ចប់ការសិក្សាតាមរយៈប្រព័ន្ធ១២+២ ឱ្យទទួលបានកម្រិតបរិញ្ញាបត្រ។
ក្នុងនោះ ក៏ត្រូវលើកកម្ពស់វប្បធម៌ស្រាវជ្រាវ និងនវានុវត្តន៍ (R&I culture) ក្នុងចំណោមគ្រូឧទ្ទេស និងគរុនិស្សិត។ បន្តពង្រឹងប្រព័ន្ធធានាគុណភាពផ្ទៃក្នុង និងការទទួលស្គាល់គុណភាពអប់រំទាំងក្នុងកម្រិតគ្រឹះស្ថាននិងកម្មវិធីការកសាងប្រព័ន្ធលើកទឹកចិត្តបុគ្គលិក យន្តការតាមដានវាយតម្លៃ (M&E) យន្តការអធិការកិច្ចការរៀន-បង្រៀន និងការអនុវត្តកម្មវិធីរង្វាយតម្លៃលទ្ធផលការងាររបស់បុគ្គលិក។
ជាពិសេស បន្តពង្រីកវិសាលភាពកម្មវិធីបំប៉នសមត្ថភាពក្នុងចំណោមគ្រូឧទ្ទេស (ក្រុមគ្រូជួយគ្រូ) គរុនិស្សិត(ក្លឹបសិក្សាក្រៅម៉ោង), ពង្រីកកិច្ចសហប្រតិបត្តិការជាតិ-អន្តរជាតិ ដើម្បីពង្រឹងគុណភាពអប់រំគ្រូ និងគោលនយោបាយ អន្តរជាតូបនីយកម្ម។ ពង្រឹងកម្មវិធីប្រឹក្សាគរុកោសល្យ និងការរៀបចំបាឋកថាចែករំលែកចំណេះដឹង និងឧត្តមានុវត្តន៍នៃការអនុវត្តវិធីសាស្របង្រៀន ការស្រាវជ្រាវ និងកសាងប្រព័ន្ធអភិបាលកិច្ចវៃឆ្លាត ។ល។

ឯកឧត្តមរដ្ឋមន្រ្តីក៏បានណែនាំដល់វិទ្យាស្ថាន ត្រូវធ្វើឱ្យប្រសើរឡើងកម្មវិធីស្រាវជ្រាវ-នវានុវត្តន៍របស់វិទ្យាស្ថាន ជាពិសេសការស្រាវជ្រាវលើវិធីសាស្រ្តបង្រៀន ការផលិតសម្ភារៈឧបទ្ទេសគាំទ្រការបង្រៀននៅបឋមសិក្សា ការចងក្រងឧត្តមានុវត្តន៍ល្អៗដែលជាមូលដ្ឋានក្នុងការពង្រឹងគុណភាពគ្រូបង្រៀន និងការលើកកម្ពស់លទ្ធផលសិក្សារបស់សិស្ស៕































