ចាប់ផ្តើមកាលពីថ្ងៃទី១៥ ខែធ្នូ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំយុទ្ធនាការ “សារដឹងគុណ និងលើកទឹកចិត្តដល់កងយោធពលខេមរភូមិន្ទលើបណ្ដាញសង្គម” ក្នុងគោលបំណងលើកទឹកចិត្ត និងសម្ដែងការដឹងគុណចំពោះវីរៈភាពរបស់កងទ័ព ដែលបាននិងកំពុងបំពេញបេសកកម្មការពារទឹកដី សន្តិភាព និងសេចក្ដីសុខរបស់ប្រជាជន។
ក្រោយការបើកយុទ្ធនាការនេះ គេឃើញសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ក៏ដូចជាសាធារណជនជាច្រើន បានចូលរួមផ្ញើសារខ្លីៗ ជាអត្ថបទក្តី រូបគំនូរ ឬវីដេអូ ដោយបានសម្តែងទឹកចិត្តអរគុណ និងលើកទឹកចិត្តជូនវីរកងទ័ពនៅជួរមុខ។ សកម្មភាពនេះត្រូវបានសាទរពីអ្នកឃ្លាំមើលសង្គម ដោយថា វាជាការចែករំលែកក្ដីស្រឡាញ់ សាមគ្គីភាព របស់ប្រជាជាតិខ្មែរ។
លោកបណ្ឌិត ឈត ប៊ុនថង ប្រធានផ្នែកទំនាក់ទំនងវប្បធម៌ អប់រំ និងទេសចរណ៍ នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិតសភាកម្ពុជា យល់ថា ការសរសេរជាសារដឹងគុណ និងលើកទឹកចិត្តដល់កងយោធពលខេមរភូមិន្ទលើបណ្ដាញសង្គម គឺជាការបណ្ដុះស្មារតីជាតិនិយម ស្មារតីស្នេហាជាតិ ក៏ដូចជាជួយផ្ដល់កម្លាំងចិត្តដល់វីរកងទ័ពខ្មែរជួរមុខ ឱ្យទទួលបានជ័យជំនះ។ លោកថា ការផ្ញើសារបែបនេះ ឆ្លុះបញ្ចាំងឱ្យឃើញថា ប្រជាជនខ្មែរ ជាពិសេសយុវជនជំនាន់ក្រោយ នៅតែបន្តដឹងគុណ និងគោរពចំពោះវីរៈភាពដ៏អង់អាចក្លាហានរបស់វីរកងទ័ពខ្មែរ។

ប្រធានផ្នែកទំនាក់ទំនងវប្បធម៌ អប់រំ និងទេសចរណ៍ នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិតសភាកម្ពុជា ក៏បានជំរុញឱ្យយុវជនខ្មែរទាំងអស់ បន្តចែករំលែកក្ដីស្រឡាញ់ សាមគ្គីភាព និងការដឹងគុណ តាមរយៈការផ្ញើសារលើកទឹកចិត្តទាំងនេះ ដើម្បីរួមចំណែកជាកម្លាំងស្មារតីដ៏ធំធេងដល់បងប្អូនកងទ័ពយើង។
ជាមួយគ្នានេះ លោក ពៅ សារឿន សាស្រ្តាចារ្យជំនួយ ផ្នែកនីតិសាស្រ្ត នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច (RULE) យល់ឃើញដែរថា យុទ្ធនាការនេះ មិនត្រឹមតែជាការផ្ដល់កម្លាំងចិត្តដល់កងទ័ពប៉ុណ្ណោះទេ តែវាក៏ជាសកម្មភាពមួយដែលបង្ហាញពីការរួបរួមគ្នារបស់ប្រជាជាតិខ្មែរ និងជួយលើកស្ទួយសីលធម៌សង្គម ឱ្យកូនខ្មែរចេះដឹងគុណ និងឱ្យតម្លៃចំពោះអ្នកដែលបានធ្វើពលីកម្មដើម្បីជាតិ។ វាជាការអប់រំដ៏មានប្រសិទ្ធភាពមួយ តាមរយៈបណ្ដាញសង្គម។



លោកជំទាវ ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ក្រសួងអប់រំ បានផ្តួចផ្តើមយុទ្ធនាការនេះឡើង ដោយសារយើងមើលឃើញពីតួនាទីដ៏សំខាន់របស់កងយោធពលខេមរភូមិន្ទ ក្នុងការថែរក្សាសន្តិភាព និងការពារបូរណភាពទឹកដី។ លោកជំទាវបន្តថា ក្រសួងអប់រំចង់ឱ្យសិស្សានុសិស្ស និងយុវជនទាំងអស់ ចូលរួមបង្ហាញពីការដឹងគុណ និងផ្ដល់កម្លាំងចិត្តដល់វីរកងទ័ព ដើម្បីបង្ហាញពីការចូលរួមចំណែកពីគ្រប់ស្រទាប់វណ្ណៈ៕






























