សមាជិកម្នាក់នៃគ្រួសារ Samsung Group បានបង្កការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលទូទាំងប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីរូបគេទទួលបានពិន្ទុស្ទើរតែល្អឥតខ្ចោះនៅក្នុងការប្រឡង ដែលមានការប្រកួតប្រជែងខ្ពស់បំផុតនៅប្រទេសកូរ៉េខាងត្បូង ដែលគេស្គាល់ថា Suneung ។
យុវជនម្នាក់នេះ មានឈ្មោះថា Lim គឺជាកូនប្រុសរបស់ លោក Lee Boo-jin ជានាយកប្រតិបត្តិសណ្ឋាគារ Hotel Shilla និងជាក្មួយប្រុសរបស់លោក Lee Jae-yong ប្រធានក្រុមហ៊ុន Samsung បច្ចុប្បន្ន។
យុវជន Lim ជាសិស្សឆ្នាំទី៣ នៅវិទ្យាល័យ Whimoon ត្រូវបានគេរាយការណ៍ថា បានខកខានធ្វើសំណួរ តែមួយប៉ុណ្ណោះក្នុងការប្រឡង។

ព័ត៌មានអំពីយុវជន Lim ត្រូវបានចែករំលែកជាសាធារណៈលើកដំបូងនៅលើហ្វេសប៊ុក ដោយលោកស្រី Park Sun-young ប្រធានគណៈកម្មការការពិត និងការផ្សះផ្សាថ្មី (New Truth and Reconciliation Commission)។
ការបង្ហោះរបស់លោកស្រី បានកត់សម្គាល់ថា Lim ត្រូវបានគេរាយការណ៍ថា ឆ្លើយខុសតែមួយសំណួរប៉ុណ្ណោះក្នុងការប្រឡង Suneung ឆ្នាំនេះ ដោយលោកស្រីបន្ថែមថា យុវជនរូបនេះ ជាប់ចំណាត់ថ្នាក់កំពូល អំឡុងពេលរៀនពេញមួយឆ្នាំ នៅសាលាថ្នាក់មធ្យមសិក្សា Whimoon, នេះបើយោងតាម The Korea Herald ។
រឿងដែលគួរឱ្យចាប់អារម្មណ៍ពីយុវជន Lim គឺ សាធារណៈជន មានការចាប់អារម្មណ៍ពីរូបគេខ្លាំង ត្រង់ថា កូនៗអ្នកមាន ដែលកើតក្នុងគ្រួសារអភិជនភាគច្រើនសិក្សានៅបរទេស ប៉ុន្តែ Lim បានបញ្ចប់ការសិក្សាថ្នាក់បឋម និងមធ្យមសិក្សា នៅក្នុងស្រុក។
ការសម្រេចចិត្តសិក្សាក្នុងស្រុកនេះ គឺដើម្បីមានឱកាសសិក្សាក្នុងប្រព័ន្ធសិក្សាដ៏តឹងរ៉ឹងរបស់ប្រទេសកូរ៉េ ដែលនាំឱ្យមានការកោតសរសើរយ៉ាងទូលំទូលាយពីសាធារណជន ទាំងក្នុងស្រុក និងសហគមន៍កូរ៉េនៅបរទេស, នេះបើយោងតាមកាសែត Korea Times។ ខណៈអ្នកប្រើប្រាស់អ៊ីនធឺណិតជាច្រើន មើលឃើញពីភាពជោគជ័យរបស់ យុវជន Lim ថា ជាភស្ដុតាងនៃប្រសិទ្ធភាពនៃប្រព័ន្ធអប់រំកូរ៉េ និងជាឧទាហរណ៍មួយ បង្ហាញពីតម្លៃនៃការខិតខំប្រឹងប្រែង និងភាពជាប់លាប់នៃការសិក្សាមិនបោះបង់។

ការប្រឡង CSAT គឺជាភារកិច្ចដ៏ចាំបាច់ ដែលសិស្សគ្រប់រូបត្រូវប្រឡង ដើម្បីមានសិទ្ធិចូលរៀននៅសាកលវិទ្យាល័យកំពូលៗ ដែលត្រូវបានគេចាត់ទុកថា ជាច្រកទ្វាចូលទៅកាន់ជីវិតមួយដែលល្អប្រសើរ សន្តិសុខសេដ្ឋកិច្ច និងឋានៈជាឥស្សរជន ដោយនៅឆ្នាំនេះ មានសិស្សជាង ៥៥០,០០០នាក់ បានធ្វើតេស្ត។ ការប្រឡងនេះ តម្រូវឱ្យធ្វើតេស្តលើមុខវិជ្ជាស្នូល ដូចជា ភាសាកូរ៉េ គណិតវិទ្យា និងភាសាអង់គ្លេស និងមុខវិជ្ជាជ្រើសរើសមួយចំនួនទៀត។
បើតាមកាសែត The Korea Herald អ្នកជំនាញក្នុងវិស័យអប់រំ យល់ថា ជាមួយនឹងពិន្ទុស្ទើតែល្អឥតខ្ចោះបែបនេះ យុវជន Lim នឹងត្រូវបានអនុញ្ញាតឱ្យចូលរៀនក្នុង មុខវិជ្ជា គ្រប់គ្រងពាណិជ្ជកម្ម (Business Administration program) នៅសាកលវិទ្យាល័យជាតិ សេអ៊ូល (SNU) ដែលជាសាកលវិទ្យាល័យ លំដាប់កំពូលរបស់ប្រទេសកូរ៉េខាងត្បូង៕































