ថ្លែងក្នុងសិក្ខាសាលាភាពជាដៃគូអភិវឌ្ឍន៍កម្ពុជា-កូរ៉េ ស្ដីពី «ការផ្តល់អំណាចដល់គ្រូបង្រៀនបឋមសិក្សាកម្ពុជា៖ ការអភិវឌ្ឍវិជ្ជាជីវៈ ភ្នាក់ងារ និងសុខុមាលភាព» នៅរាជបណ្ឌិត្យសភាកម្ពុជា កាលពីពេលថ្មីៗនេះ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា មានប្រសាសន៍ថា ការអប់រំនៅបឋមសិក្សាសំខាន់ ហើយគ្រូបឋមសិក្សា បានដើរតួនាទីដ៏សំខាន់ ដើម្បីលើកកម្ពស់ប្រសិទ្ធភាព និងគុណភាពនៃផលិតភាពធនធានមនុស្ស ដែលជាសមិទ្ធផលដ៏ថ្លៃថ្លារបស់លោកគ្រូ អ្នកគ្រូ ជាមាតាបិតាសិស្សទីពីរ។
លោកបណ្ឌិតមានប្រសាសន៍ថា វិស័យអប់រំ ដើរតួនាទីយ៉ាងសំខាន់ ដើម្បីឆ្លើយតបបរិវត្តឧស្សាហកម្ម៤.០ ហើយជាមូលដ្ឋានគ្រឹះក្នុងការចាប់យកវិជ្ជាជីវៈប្រចាំជីវិត និងបង្កើនសមត្ថភាព ដើម្បីប្រកបការងារ ក៏ដូចជាបន្តរៀនសូត្រពេញមួយជីវិត។
អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា លើកឡើងថា ប្រទេសជាតិទទួលបានការរីកច្រើន គឺអាស្រ័យលើគុណភាពអប់រំ ជាពិសេសធនធានមនុស្សដែលផលិតបានពីគ្រូបង្រៀន។ លោកបណ្ឌិតមានប្រសាសន៍ថា ប្រសិនបើគ្រូបង្រៀនខ្វះចំណេះដឹង ខ្វះសីលធម៌ ឬការបំពេញភារកិច្ចរបស់ខ្លួន មិនគោរពក្រមសីលធម៌វិជ្ជាជីវៈ មិនបានផ្ដល់ការអប់រំដែលមានគុណភាព ឬធនធានមនុស្សដែលមិនទទួលបានសម្បទាពេញលេញ នឹងបង្កផលលំបាកសម្រាប់សិស្សដែលជាទំពាំងស្នងឫស្សីសម្រាប់ប្រទេសជាតិទាំងមូល។
បើតាម បណ្ឌិត យង់ ពៅ គ្រូបង្រៀនជាតួអង្គសំខាន់ ប៉ុន្តែគ្រូបង្រៀនត្រូវការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំផងដែរ ដោយសារគ្រូបង្រៀនដែលមានសមត្ថភាពខ្ពស់ និងមានទេពកោសល្យក្នុងការបង្ហាត់បង្រៀន គឺជាកត្តាសំខាន់បំផុតក្នុងការសម្រេចគោលនយោបាយអប់រំកម្ពុជា។
ជាមួយគ្នានេះ លោកបណ្ឌិត យង់ ពៅ មើលឃើញថា នៅមិនទាន់មានការសិក្សាណាមួយ ដែលផ្ដោតលើស្ថានភាពជាក់ស្ដែងទាក់ទងនឹងគន្លងអាជីព ព្រមទាំងសុខមាលភាពគ្រូបង្រៀនបឋមសិក្សាក្នុងប្រទេសកម្ពុជានៅឡើយទេ។ ហេតុនេះ ទើបមានការសិក្សាស្រាវជ្រាវរួមគ្នារវាងរាជបណ្ឌិត្យសភាកម្ពុជា និងវិទ្យាស្ថានកូរ៉េសម្រាប់ការអប់រំ ដោយធ្វើការស្ទាបស្ទង់មតិតាមអនឡាញជាមួយគ្រូបង្រៀនចំនួន ១៣៧៧នាក់ និងបានចុះសម្ភាសន៍នាយកសាលា និងគ្រូបង្រៀនបឋមសិក្សា ដែលជាប់ជ័យលាភីជាសាលារៀនគំរូ ដើម្បីស្វែងយល់ពីស្ថានភាពជាក់ស្ដែងពាក់ព័ន្ធនឹងការអនុវត្តវិជ្ជាជីវទីភ្នាក់ងារ និងសុខមាលភាពគ្រូបង្រៀននៅកម្ពុជា។

លោកបណ្ឌិត យង់ ពៅ បញ្ជាក់ថា រាជបណ្ឌិត្យសភាកម្ពុជា ក្នុងនាមជាស្ថាប័នស្រាវជ្រាវ និងផ្ដល់ធាតុចូលជ្រុងតូចមួយជូនដល់ភាគីពាក់ព័ន្ធតែប៉ុណ្ណោះ ជាពិសេសជំរុញឱ្យមានអ្នកស្រាវជ្រាវ។
គួរជំរាបជូនថា សិក្ខាសាលាដែលរៀបចំដោយរាជបណ្ឌិត្យសភាកម្ពុជា កាលពីពេលថ្មីៗនេះ មានការចូលរួមពីអ្នកស្រាវជ្រាវ អ្នករៀបចំគោលនយោបាយ និងអ្នកពាក់ព័ន្ធផ្សេងទៀត ដោយបានរួមគ្នាពិភាក្សាដូចជា ១. កំណត់បញ្ហាប្រឈមរួម និងដោយឡែក អំពីស្ថានភាពគ្រូបង្រៀនបឋមសិក្សានៅកម្ពុជា, ២. ប្រមូលទស្សនៈ បទពិសោធន៍ អនុសាសន៍ និងយុទ្ធសាស្រ្តដើម្បីជំរុញប្រសិទ្ធភាព ព្រមទាំងលើកកម្ពស់ការអភិវឌ្ឍវិជ្ជាជីវៈ និងសុខមាលភាពគ្រូបង្រៀនបឋមសិក្សានៅកម្ពុជា, ៣. កំណត់យន្តការសម្រាប់កិច្ចសហប្រតិបត្តិការដែលអាចមានដើម្បីដោះស្រាយបញ្ហារួម និង ៤. ជំរុញអន្តរកម្មប្រកបដោយការស្ថាបនារវាងអ្នកស្រាវជ្រាវ និងអ្នកធ្វើគោលនយោបាយ៕































