ក្នុងឱកាសចូលរួមវេទិកា ៤.០ លើកទី៥ ស្តីពីការប្រើប្រាស់បច្ចេកវិទ្យាក្នុងវិស័យសុខាភិបាល កាលពីពេលថ្មីៗនេះ ឯកឧត្តមវេជ្ជបណ្ឌិត ឡូ វាសនាគីរី រដ្ឋលេខាធិការក្រសួងសុខាភិបាល មានប្រសាសន៍ថា សុខាភិបាលឌីជីថល បានផ្លាស់ប្តូរមុខមាត់ឧស្សាហកម្មថែទាំសុខភាពនៅទូទាំងពិភពលោក ដោយសារភាពរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា ដូចជាការធ្វើរោគវិនិច្ឆ័យតាមបែបឌីជីថល កម្មវិធីទូរស័ព្ទចល័ត សុខាភិបាលអេឡិចត្រូនិក និង Software ដែលដំណើរការដោយទិន្នន័យ។ ក្នុងន័យនេះ ក្រសួងសុខាភិបាល បាននិងកំពុងចាប់យកការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីជំរុញការផ្តល់សេវាថែទាំសុខភាពតាមបែបនវានុវត្ត ជូនប្រជាពលរដ្ឋ ដូចជាសេវាថែទាំសុខភាពបឋម សេវាធ្វើរោគវិនិច្ឆ័យ ព្យាបាល ថែទាំ និងសេវាពាក់ព័ន្ធ ឱ្យកាន់តែមានគុណភាព សុវត្ថិភាព ប្រសិទ្ធភាព និងប្រកបដោយសមធម៌។
បើតាមឯកឧត្តមវេជ្ជបណ្ឌិត ឡូ វាសនាគីរី បច្ចុប្បន្នប្រព័ន្ធសុខាភិបាលសាធារណៈនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បាននិងកំពុងប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន/បច្ចេកវិទ្យាឌីជីថល ក្នុងការគ្រប់គ្រងទិន្នន័យ ដូចជាប្រមូល ចងក្រង រក្សាទុក បញ្ជូន វិភាគ រាយការណ៍ និងផលិតទិន្នន័យ/ព័ត៌មាន សម្រាប់ការប្រើប្រាស់ពហុបំណង ដែលជួយគាំទ្រដល់ការសម្រេចចិត្តផ្នែកគ្លីនិក ឬការផ្តល់សេវាថែទាំសុខភាព ការអង្កេតតាមដាន ឆ្លើយតបនឹងជំងឺឆ្លង និងគ្រោះអាសន្នសុខភាពសាធារណៈ ការរៀបចំគោលនយោបាយ ផែនការ យុទ្ធសាស្រ្ត កិច្ចការរដ្ឋបាល កិច្ចការនិយតកម្ម អន្តរាគមន៍កម្មវិធីសុខភាព ការតាមដាន និងការវាយតម្លៃ ការប្រាស្រ័យទាក់ទងសាធារណៈជាដើម។

សម្រាប់សុខាភិបាលឌីជីថលកម្ពុជា បើតាមប្រសាសន៍របស់ឯកឧត្តមវេជ្ជបណ្ឌិត ឡូ វាសនាគីរី បច្ចុប្បន្ន កំពុងឆ្លងកាត់ដំណាក់កាលផ្លាស់ប្តូរដ៏សំខាន់ ដោយក្រសួងសុខាភិបាល និងតួអង្គពាក់ព័ន្ធ បាន និងកំពុងរៀបចំផែនការ អភិវឌ្ឍប្រព័ន្ធថ្មី ឬកែលម្អប្រព័ន្ធដែលកំពុងមានស្រាប់ឱ្យដំណើរការកាន់តែមានប្រសិទ្ធភាព។
ពាក់ព័ន្ធនឹងដំណើរការធ្វើបរិវត្តកម្មសុខាភិបាលឌីជីថល ឯកឧត្តមរដ្ឋលេខាធិការមានប្រសាសន៍ថា ក្រសួងសុខាភិបាលមានទស្សនវិស័យ ក្នុងការធ្វើបរិវត្តកម្មសុខាភិបាលឌីជីថល ឆ្ពោះទៅចាប់យក និងប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដែលមានលក្ខណៈសក្តិសមទៅនឹងប្រព័ន្ធសុខាភិបាលកម្ពុជាក្នុងបច្ចុប្បន្នកាល និងសម្រាប់អនាគតកាល ស្របតាមបរិបទ និងនិន្នាការវិវត្តនៃសង្គមសេដ្ឋកិច្ចកម្ពុជា តំបន់ និងសកល ពោលគឺ “ប្រជាពលរដ្ឋម្នាក់ មានអត្តសញ្ញាណករសុខភាពតែមួយ កំណត់ត្រាសុខភាពឌីជីថលតែមួយ និងទទួលបានសេវាថែទាំសុខភាពគ្រប់ជ្រុងជ្រោយ” ដែលលទ្ធផលចុងក្រោយនេះអាចសម្រេចបាន តាមរយៈយុទ្ធសាស្រ្តនៃការកសាង ការអភិវឌ្ឍ ការរក្សា និងនុវានុវត្តន៍ប្រព័ន្ធអេកូសុខាភិបាលឌីជីថលមួយ ប្រកបដោយសមានគតិភាព និងនិរន្តរភាពយូរអង្វែង។

គួរជំរាបជូនថា ការលើកកម្ពស់សុខភាព និងសុខមាលប្រជាជន គឺជាអាទិភាពមួយ នៃការអភិវឌ្ឍមូលធនមនុស្ស (មុំទី១ នៃយុទ្ធសាស្រ្តបញ្ចកោណ) ដែលផ្តោតលើការបន្តកាត់បន្ថយការឈឺ និងស្លាប់ ដោយសារជំងឺ ជាពិសេសជំងឺមិនឆ្លង និងការកែលម្អសេវាសុខភាពមាតា ទារក កុមារ តាមរយៈអន្តរាគមន៍ជាអាទិភាពមួយចំនួន ក្នុងនោះរួមមាន ការពង្រឹងសមត្ថភាពស្ថាប័នក្នុងការដឹកនាំអភិបាលកិច្ច និងបរិវត្តកម្មឌីជីថលក្នុងវិស័យសុខាភិបាល ព្រមទាំងការពង្រឹងប្រព័ន្ធផ្តល់សេវាសុខភាពប្រកបដោយនវានុវត្តន៍៕































