យុវជនចិនជាច្រើនកំពុងហៅខ្លួនឯងថា «មនុស្សកណ្ដុរ – Rat person» ។ ឃ្លានេះ បានក្លាយជានិន្នាការចុងក្រោយបំផុត ក្នុងចំណោមយុវជនចិន ដែលអត់ការងារធ្វើ ពិសេសយុវជន ជំនាន់ Gen Y និង Gen Z ។
ផ្ទុយពីមនុស្សមានវិន័យខ្ពស់ ដែលជាទូទៅក្រោកម៉ោង ៥ព្រឹក បន្ទាប់មកទៅហាត់ប្រាណ ហើយមានកាលវិភាគការងារមមាញឹកពេញមួយថ្ងៃ។ មនុស្សកណ្តុរ និយាយដោយមានមោទនភាពថា ពួកគេចំណាយពេលពេញមួយថ្ងៃ នៅលើគ្រែ លេងអ៊ីនធឺណិត និងញ៉ាំអាហារកុម្ម៉ង់។
នេះគឺជានិន្នាការ ដ៏ពេញនិយមមួយ ដែលប្រឆាំងនឹងវប្បធម៌ ដែលជំរុញឱ្យយុវជន ត្រូវតែធ្វើការងារ និងសម្រេចសមិទ្ធផលបានច្រើន ហើយជំនួសឱ្យវប្បធម៌នេះ យុវជនចិន ដែលចាត់ទុកខ្លួនឯងជា «មនុស្សកណ្តុរ» ចង់រស់នៅក្នុងជីវិតសាមញ្ញ និងគ្មានមហិច្ឆតា។

យុវជនចិន បង្កើតនិន្នាការ ដើម្បីប្រឆាំងនឹងការធ្វើការរយៈពេល ៧២ម៉ោងក្នុងមួយសប្ដាហ៍ ដែលត្រូវបានគេហៅថា វប្បធម៌ «996» តម្រូវឱ្យមនុស្សធ្វើការពីម៉ោង ៩:០០ ព្រឹក ដល់ ៩:០០ យប់ មួយសប្ដាហ៍៦ថ្ងៃ។
នារីវ័យក្មេងម្នាក់ និយាយក្នុងរូបភាពបង្ហោះលើបណ្ដាញសង្គម RedNote ដែលនាងហៅថា ថ្ងៃទី៨៣ ដែលដេកក្នុងបន្ទប់ថា នាងមិនខ្មាសអៀនក្នុងការពឹងផ្អែកលើគ្រួសារនោះទេ ហើយនៅតែបន្តការពារ ពាក្យថា មនុស្សកណ្ដុរ នេះ។ នាងបន្តថា បន្ទាប់ពីប្រឹងប្រែងធ្វើការរយៈពេល ៣ឆ្នាំ ទីបំផុត ខ្ញុំបានធ្វើឱ្យឪពុកម្ដាយខ្ញុំដឹងថា ការមានការងារ មិនមែនជាមធ្យោបាយ ក្នុងការបង្កើតទ្រព្យសម្បត្តិសម្រាប់ជីវិតនាងនោះទេ។
ការប្រឆាំងនឹងវប្បធម៌អស់ថាមពលទាំងផ្លូវកាយ និងផ្លូវចិត្ត (Burn-out counterculture)
វប្បធម៌ នៃការធ្វើការងារលើសកម្រិត ដើម្បីសម្រេចសមិទ្ធផលច្រើន ត្រូវបានគេមើលឃើញថា មានលក្ខណៈខុសៗគ្នា ក្នុងរយៈពេលប៉ុនា្មនឆ្នាំចុងក្រោយនេះ។ ចលនាប្រឆាំងនឹងការធ្វើការលើសកម្រិតស្ដែងឡើងតាមរយៈសកម្មភាពមនុស្សវ័យក្មេង ដែលសម្រេចចិត្តបោះបង់ការតាំងចិត្ត និងតស៊ូសម្រេចក្ដីស្រមៃរបស់ខ្លួន ហើយអ្នកខ្លះទៀត សុខចិត្តលាលែងពីការងារ ត្រឡប់ទៅរស់នៅជាមួយឪពុកម្ដាយ។
បន្ទាប់ពីជំងឺរាតត្បាតកូវីដវាយលុក ចលនាប្រឆាំងនឹងវប្បធម៌ ដែលជំរុញឱ្យយុវជន ត្រូវតែធ្វើការងារ និងសម្រេចសមិទ្ធផលបានច្រើន បានក្លាយជានិន្នាការលេចធ្លោនៅលើប្រព័ន្ធផ្សព្វផ្សាយចិន ដែលវាបានបង្កឱ្យមានការភ្ញាក់ផ្អើលនៅក្នុងទីក្រុងប៉េកាំង ខណៈដែលរដ្ឋាភិបាល បានព្យាយាម ធ្វើឱ្យសេដ្ឋកិច្ច ដែលកំពុងមានបញ្ហា ប្រសើរឡើងវិញ។
ទស្សនៈសង្គមចំពោះនិន្នាការនេះ
អ្នកនិយមលេងបណ្ដាញសង្គមមួយចំនួន កំពុងបារម្ភពីភាពពេញនិយម នៃការរស់នៅក្នុងរបៀបជាមនុស្សកណ្ដុរ ដោយទម្លាប់នេះ អាចនាំឱ្យអាកប្បកិរិយាអវិជ្ជមាន កាន់តែកប់ជ្រៅនៅក្នុងសង្គមចិន។
លោក Zhang Yong អ្នកធ្វើការងារផ្នែកសង្គម មកពីខេត្ត Hubei ភាគកណ្ដាលប្រទេសចិន បានប្រាប់កាសែតចិន The South China Morning Post ថា ទម្លាប់រស់នៅដូចសត្វកណ្តុររបស់យុវជន បានបង្ហាញពីនិន្នាការ កាន់តែទូលំទូលាយ នៃការដកខ្លួនចេញពីសង្គម ក្នុងចំណោមមនុស្សវ័យក្មេង។

លោកបន្តថា នេះជាយុទ្ធសាស្ត្រមួយ ក្នុងការមើលថែខ្លួនឯងបន្ទាប់ពីមានវិបត្តិអ្វីមួយ ដោយពួកគេអាចកាត់បន្ថយការទំនាក់ទំនងក្នុងសង្គម និងធ្វើឱ្យជីវិតមានភាពសាមញ្ញ ដើម្បីព្យាបាលខ្លួនឯង។ ប៉ុន្តែការរស់នៅបែបនេះ នឹងមិនធ្វើឱ្យជីវិតមាននិរន្តភាពនោះទេ។
លោក Yong លើកទឹកចិត្ត ដល់យុវជន ដែលកំពុងរស់នៅក្នុងសភាពជាមនុស្សកណ្តុរថា បន្ទាប់ពីសម្រាករយៈពេលវែង ពួកគេគួរតែងាកមកភ្ជាប់ទំនាក់ទំនងក្នុងសង្គមឡើងវិញ ហើយធ្វើការងារ ដែលពួកគេចូលចិត្ត និងចូលរួមយ៉ាងសកម្មភាពក្នុងសកម្មភាពជីវិតម្ដងទៀត៕































