ក្រោយពីប្រឡងជម្រុះវគ្គទី៣ដោយជោគជ័យ ទីបំផុតគណៈកម្មការ នៃកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ២០២៥ បានជ្រើសរើសបេក្ខជនឆ្នើម៤រូប ដែលមានសមត្ថភាពជជែកដេញដោលមតិ និងពោរពេញដោយវោស័ព្ទឆ្នើម បន្តទៅវគ្គប្រកួតនិយាយជាសាធារណ:ក្នុងកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ២០២៥ ខាងមុខ។
បេក្ខជនវោស័ព្ទឆ្នើមទាំង៤រូប រួមមាន ១.បេក្ខជន យូ រិទ្ធីវ៉ាន់ ជាសិស្សមកពីវិទ្យាល័យពោធិ៍សាត់, ២. បេក្ខនារី ខឿន រក្សា ជាសិស្សមកពីវិទ្យាល័យសម្ដេចតេជោ ហ៊ុនសែន សំពៅលូន ខេត្តបាត់ដំបង, ៣. បេក្ខនារី ហៀង លីហ្សា ជាសិស្សមកពីវិទ្យាល័យ ព្រះបាទសុរាម្រឹត ខេត្តកំពង់ឆ្នាំ និង ៤. បេក្ខនារី ហុក ស៊ាវអ៊ីញ ជាសិស្សមកពី វិទ្យាល័យ ទ្រៀល ខេត្តកំពង់ធំ។
បេក្ខជន យូ រិទ្ធីវ៉ាន់ ជាសិស្សមកពីវិទ្យាល័យ ពោធិ៍សាត់ ខេត្តពោធិ៍សាត់ បានប្រាប់ឱ្យដឹងថា កត្តាដែលជំរុញរូបគេ ជាប់ជាបេក្ខជនត្រៀមប្រកួតនិយាយជាសាធារណៈ ក៏ដោយសារតែការនិយាយមានភាពជឿជាក់ និងយល់ច្បាស់ពីប្រធានបទ។
បេក្ខជន យូ រិទ្ធីវ៉ាន់ បន្ថែមថា ក្នុងដំណាក់កាលត្រៀមប្រកួតនិយាយជាសាធារណៈនេះ រូបគេក៏បានប្រើប្រាស់បច្ចេកវិទ្យាមួយចំនួនសម្រាប់ជំនួយផងដែរ ដូចជា បញ្ញាសិប្បនិម្មិត (AI), Google, YouTube ជាដើម ដើម្បីស្វែងរកឯកសារ។ រិទ្ធីវ៉ាន់ បន្តថា បច្ចេកវិទ្យាទាំងនេះ រូបគេគ្រាន់តែប្រើជាជំនួយប៉ុណ្ណោះ ដោយទាមទារឱ្យមានការសំយោគគំនិតរបស់ខ្លួនឯងបន្ថែម។
សិស្សមកពីវិទ្យាល័យ ពោធិ៍សាត់ ខេត្តពោធិ៍សាត់ រូបនេះ រំពឹងថា រូបគេនឹងយកជ័យលាភីក្នុងការប្រកួតឱ្យបាន ដោយគេបន្តស្រាវជ្រាវ និងថែរក្សាសុខភាពផងដែរ។
ជាមួយគ្នានេះ បេក្ខនារី ខឿន រក្សា ជាសិស្សមកពីវិទ្យាល័យ សម្ដេចតេជោ ហ៊ុនសែន សំពៅលូន ខេត្តបាត់ដំបង លើកឡើងដែរថា ការជាប់ទៅវគ្គប្រកួតនិយាយជាសាធារណៈនេះ ក៏ដោយសាររូបនាងមានសិល្បៈក្នុងការនិយាយ ការបង្ហាញខ្លួនបានល្អ ក៏ដូចជាការបង្ហាញអំពីគំនិតសំខាន់ក្នុងខ្លឹមសារនិយាយបានល្អ។
បេក្ខនារី ខឿន រក្សា បញ្ជាក់បន្ថែមថា សម្រាប់រូបនាងផ្ទាល់បានត្រៀមខ្លួនរួចជាស្រេចក្នុងការប្រកួតនិយាយជាសាធារណៈនេះ ដោយបន្តអាន ស្រាវជ្រាវឯកសារផ្សេងៗ និងរៀនពីគំរូនិយាយរបស់សិស្សច្បង ដោយព្យាយាមកែលម្អចំណុចខ្វះខាតក្នុងការនិយាយជាសាធារណៈ។ រក្សា បន្តថា សម្រាប់នាងក៏ប្រើប្រាស់កម្មវិធីបច្ចេកវិទ្យាឆ្លាតវៃជំនួយដែរ ប៉ុន្តែនាងយល់ថា ការមានចំណេះដឹងមូលដ្ឋានច្រើនប្រសើរជាង។
សិស្សមកពីវិទ្យាល័យ សម្ដេចតេជោ ហ៊ុនសែន សំពៅលូន ខេត្តបាត់ដំបង រូបនេះ សង្ឃឹមខ្ពស់ថា អាចធ្វើបានក្នុងការប្រកួតនិយាយជាសាធារណៈ ក្នុងកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ២០២៥ ខាងមុខនេះ។
គួរជំរាបជូនថា កម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ ត្រូវបានរៀបចំឡើងក្នុងគោលបំណងបណ្តុះបណ្តាលសមត្ថភាពយុវជនកម្ពុជា លើបំណិនសតវត្សរ៍ទី២១ ពោលគឺពង្រឹងបំណិនស្រាវជ្រាវ បំណិនត្រឹះរឹះពិចារណា នវានុវត្តន៍ ការនិយាយជាសាធារណៈ មូលដ្ឋានចំណេះដឹង ឌីជីថល ការដោះស្រាយបញ្ហា ការធ្វើការងារជាក្រុម ការប្រាស្រ័យទាក់ទងប្រកបដោយសន្តិសហវិជ្ជមាន ដើម្បីក្លាយខ្លួនជាពលរដ្ឋល្អដែលមានទំនួលខុសត្រូវក្នុងសង្គមជាតិ៕
































