នៅមួយផ្នែក បណ្ដាញសង្គម ផ្ដល់នូវចំណេះដឹងយ៉ាងសម្បូរបែប ទាំងគំនិតអាជីវកម្ម ចំណេះដឹងសុខភាព ការទំនាក់ទំនង និងព័ត៌មានវិជ្ជមានផ្សេងៗ ប៉ុន្តែនៅមួយផ្នែកទៀត បណ្ដាញសង្គមគឺជាកន្លែងបំពុលផ្លូវចិត្ត តាមរយៈរូបភាពអវិជ្ជមាន ការគំរាមកំហែងតាមអ៊ីនធឺណិត អំពើហិង្សា ការឈ្លោះប្រកែក និងវិបត្តិផ្សេងៗ។ ដោយមានទាំងផ្នែកវិជ្ជមាន និងអវិជ្ជមាន អ្នកជំនាញចិត្តសាស្ត្រ ណែនាំឱ្យអ្នកប្រើប្រាស់បណ្ដាញសង្គម ត្រូវចេះជ្រើសរើសមាតិកាតាមដានឱ្យបានត្រឹមត្រូវ។
លោក ហឿ សេធុល ប្រធានសមាគមអ្នកប្រឹក្សា និងអ្នកចិត្តសាស្រ្តកម្ពុជា និងជាស្ថាបនិកសេវាប្រឹក្សាយោបល់ និងអប់រំផ្លូវចិត្ត (KCPS) លើកឡើងថា ការប្រើបណ្ដាញសង្គមមិនបានត្រឹមត្រូវ អាចបង្កហានិភ័យដល់សុខភាពផ្លូវចិត្តអ្នកប្រើប្រាស់។ ជាពិសេស នៅពេលដែលអ្នកប្រើចំណាយពេលច្រើនពេក តាមដានមាតិកា ដែលអាចបំពុលផ្លូវចិត្ត។

លោក សេធុល បានចាត់ទុក មាតិកាបំពុលផ្លូវចិត្ត គឺជាប្រភេទមាតិកាទាំងឡាយណា ដែលប៉ះទង្គិចផ្លូវចិត្តអ្នកមើល ដូចជា ការប្រើអំពើហិង្សា ការវាយដំ ការបាញ់ប្រហារ គ្រោះថ្នាក់ចរាចរណ៍ ការឈ្លោះគ្នា និងការប្រើពាក្យពេចន៍អសុរសជាដើម។ បើតាមការបញ្ជាក់របស់អ្នកចិត្តសាស្ត្ររូបនេះ មាតិកាទាំងនោះ មិនបានផ្ដល់ជាចំណេះដឹង ដែលអាចផ្ដល់ជាប្រយោជន៍ដុំកំភួន សម្រាប់អ្នកតាមដាននោះទេ ប៉ុន្តែបែរជានាំឱ្យខាតពេលវេលា ប៉ះពាល់អារម្មណ៍ និងផ្លូវចិត្តទៅវិញ។
“ក្នុងសម័យបច្ចេកវិទ្យានេះ បើសិនយើងមិនចេះបែងចែកព័ត៌មាន ដើម្បីតាមដានទេ បច្ចេកវិទ្យានឹងបំពុលយើង។ គេបង្កើតមាតិកាឈ្លោះគ្នា យើងមើលរឿងគេឈ្លោះគ្នា យើងខឹងគេ ឡើងវីយូ គេកើនវីយូ គេទទួលបានអត្ថប្រយោជន៍ យើងទទួលបានបញ្ហា យើងខឹង យើងមួរម៉ៅ ចំណាយពេលជាច្រើន លើរឿងទាំងអស់ហ្នឹង…”
ផ្ទុយទៅវិញ ប្រធានសមាគមអ្នកប្រឹក្សា និងអ្នកចិត្តសាស្រ្តកម្ពុជា លើកទឹកចិត្តឱ្យអ្នកប្រើប្រាស់បណ្ដាញសង្គម គួរតាមដានចំណេះដឹង និងព័ត៌មានវិជ្ជមានឱ្យបានច្រើន ដូចជាការថែទាំសុខភាព គំនិតថ្មីៗ ទស្សនៈអាជីវកម្ម និងគន្លឹះអភិវឌ្ឍខ្លួនជាដើម។ ព្រោះចំណេះដឹង និងព័ត៌មានប្រភេទនេះ នឹងជួយពង្រឹងថាមពលផ្លូវចិត្តផង និងផ្ដល់ជាពុទ្ធិបន្ថែមសម្រាប់ការរស់នៅផង។ ហេតុនេះ អ្នកលេងបណ្ដាញសង្គម ត្រូវរៀនរើស រៀនសាប់ស្ក្រែប មាតិកាមួយចំនួន ដែលល្អៗ ព្រោះវានឹងជួយយើងរៀនបានរឿងថ្មីៗជាច្រើនពីបណ្ដាញសង្គម។

ស្របនឹងបញ្ហានេះ លោក សេធុល បានអំពាវនាវឱ្យអ្នកផលិតមាតិកា និងអ្នកសារព័ត៌មាន គួរផ្ដោតលើការផលិតមាតិកា ដែលផ្ដល់គុណតម្លៃ ចំណេះដឹង និងប្រយោជន៍សម្រាប់សង្គម ដើម្បីចូលរួមទប់ស្កាត់ព័ត៌មានដែលអាចបង្កភាពចលាចល និងរូបភាពអវិជ្ជមានក្នុងសង្គម៕































