ការគេង ធ្វើឱ្យស្ថានភាពនៃសកម្មភាពផ្លូវចិត្ត និងរាងកាយ ត្រូវបានកាត់បន្ថយ ដែលក្នុងនោះស្មារតីរបស់យើងត្រូវបានផ្លាស់ប្តូរ ហើយសកម្មភាពនៃអារម្មណ៍ត្រូវបានរារាំងក្នុងកម្រិតជាក់លាក់មួយ។ ជាទូទៅមនុស្សពេញវ័យត្រូវគេងយ៉ាងតិចណាស់ ៧ ទៅ ៩ ម៉ោងក្នុងមួយថ្ងៃ។ ខណៈពេលដែលកំពុងគេង រាងកាយរបស់យើងនឹងអនុវត្តដំណើរការជួសជុល និងថែទាំជាច្រើនស្ទើរតែគ្រប់ផ្នែកនៃរាងកាយ។ ជាលទ្ធផល ការគេងលក់ស្កប់ស្កល់អាចផ្តល់អត្ថប្រយោជន៍ដល់រាងកាយ និងផ្លូវចិត្តរបស់យើងដូចជា ធ្វើឱ្យយើងមានអារម្មណ៍ប្រសើរឡើង បេះដូងមានសុខភាពល្អ គ្រប់គ្រងជាតិស្ករក្នុងឈាម ធ្វើឱ្យមុខងារផ្លូវចិត្តប្រសើរឡើង ស្តារប្រព័ន្ធការពាររាងកាយ បំបាត់ភាពតានតឹង និងរក្សាទម្ងន់សមស្របសម្រាប់សុខភាពល្អ និងពង្រឹងសមត្ថភាពកីឡារបស់យើងផងដែរ។
ខាងក្រោមនេះជាគន្លឹះមួយចំនួនសម្រាប់ការបង្កើតទម្លាប់ នៃការគេងដើម្បីទទួលបាននូវសុខភាពល្អ ៖
១. កំណត់ពេលវេលាគេងឱ្យទៀងទាត់ ៖ ត្រូវចូលគេងឱ្យបានទៀងទាត់ជារៀងរាល់យប់ ហើយក្រោកពីដំណេកនៅពេលដូចគ្នាជារៀងរាល់ព្រឹក (ឧទាហរណ៍៖ គេងម៉ោង ៩:០០ យប់ និងភ្ញាក់ ៥:០០ ព្រឹក) ដើម្បីទទួលបាននូវទម្លាប់នៃការគេងដ៏ល្អ។

២. បង្កើតបរិយាកាសគេងឱ្យបានល្អ ៖ ត្រូវប្រាកដថាបន្ទប់គេងរបស់អ្នកស្ងប់ស្ងាត់ ងងឹតគ្រប់គ្រាន់ ដូច្នេះសូមបិទពន្លឺ ឬប្រើវាំងននដើម្បីលើកកម្រិតអរម៉ូនគេង (មេឡាតូនីន), ជៀសវាងសំឡេងរំខាន ឬប្រើសំឡេងធម្មជាតិ (ដូចជាសំលេងភ្លៀង), រក្សាសីតុណ្ហភាពបន្ទប់គេងឱ្យត្រជាក់ (ប្រហែល ១៨-២២°C), ជ្រើសរើសខ្នើយ និងគ្រែដែលគាំទ្រខ្លួនប្រាណឱ្យបានត្រឹមត្រូវ។
៣. ជៀសវាងសកម្មភាពដែលរំខានដល់គេង ៖ ដើម្បីឱ្យការគេងទទួលបានភាពស្កប់ស្កល់ សូមកុំមើលទូរទស្សន៍ ប្រើកុំព្យូទ័រ ឬទូរស័ព្ទដៃ នៅរយៈពេល១ ឬ២ម៉ោងមុនគេ។ ជាមួយគ្នានេះ ក៏សូមជៀសវាងទទួលទានអាហារច្រើន ទទួលទានជាតិកាហ្វេ ឬគ្រឿងស្រវឹងមុនពេលចូលគេង។

៤. ធ្វើលំហាត់ប្រាណជាប្រចាំថ្ងៃ ៖ ធ្វើលំហាត់ប្រាណខ្លះៗនៅពេលថ្ងៃអាចជួយឱ្យអ្នកគេងលក់ស្រួលនៅពេលយប់ ប៉ុន្តែសូមជៀសវាងការធ្វើលំហាត់ប្រាណខ្លាំងៗមុនពេលគេង។
៥. ធ្វើឱ្យខ្លួនស្ងប់មុនគេង ៖ ការអានសៀវភៅ ស្តាប់តន្ត្រី ឬកត់ត្រាអ្វីមួយ ជាវិធីដើម្បីធ្វើឱ្យអ្នកមានអារម្មណ៍ស្ងប់ ហើយនាំទៅដល់ការគេងស្កប់ស្កល់៕































