បណ្តាញគ្រឹះស្ថានអប់រំ និងបណ្តុះបណ្តាលវេសឡាញ អេឌ្យូខេសិន គ្រុប (WEG) និងស្ថាប័ន RBS Intellect កាលពីពេលថ្មីៗនេះ បានប្រកាសពីកិច្ចសហប្រតិបត្តិការអប់រំ តាមរយៈបង្កើនភាពជាដៃគូរវាងសាលារៀន និងគ្រឹះស្ថានឧត្តមសិក្សាអន្តរជាតិ ការផ្លាស់ប្តូរការសិក្សាអន្តរជាតិ ការផ្តល់សេវាប្រឹក្សាយោបល់ និងរៀបចំឯកសារសម្រាប់ការសិក្សា និងធ្វើការនៅប្រទេស New Zealand។
ឧកញ៉ា ប៉ិច បូឡែន អគ្គនាយកបណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប បានមានប្រសាសន៍ថា តាមរយៈសេវាកម្មប្រឹក្សា និងរៀបចំទៅសិក្សានៅអន្តរជាតិរបស់វិទ្យាស្ថានអភិវឌ្ឍវិស័យអប់រំ (EDI) វេសឡាញ បានសម្រួលផ្តល់នូវការធ្វើតេស្តសមត្ថភាព និងភាសាអង់គ្លេសដូច TOEFL Test Pearson Test ជាដើម ដល់សិស្សានុសិស្សជាច្រើន ដើម្បីបន្តការសិក្សានៅក្រៅប្រទសជាង១០ឆ្នាំមកហើយ ហើយការសហការជាមួយ RBS Intellect នេះ មិនត្រឹមតែផ្តល់ឱកាសដល់សិស្សានុសិស្សអាចបន្តការសិក្សាបន្តនៅក្រៅប្រទេសប៉ុណ្ណោះទេ តែនឹងផ្តល់ឱ្យសិស្សអាចសិក្សាជាមួយគ្រឹះស្ថានឧត្តមសិក្សាដៃគូដទៃពីការកំណត់ក្រេឌីតមុខវិជ្ជា ដើម្បសិក្សាបន្តនៅសាកលវិទ្យាល័យ ឬអាចនឹងបង្កើតឱ្យមានវគ្គសិក្សាវិជ្ជាជីវៈមួយចំនួននៅវិទ្យាស្ថានអភិវឌ្ឍវិស័យអប់រំដោយមានការទទួលស្គាល់ជាអន្តរជាតិ។

លោកឧកញ៉ាបានបញ្ជាក់ថា ចំពោះប្អូនៗ ដែលមានបំណងចង់ផ្ទេរការសិក្សាថ្នាក់វិទ្យាល័យទៅសិក្សានៅប្រទេស New Zealand ឬនៅក្រៅប្រទេស ប្អូនៗក៏អាចមកប្រឹក្សា (EDI) ដើម្បីទៅសិក្សាជាមួយសាលា ឬសាកលវិទ្យាល័យដៃគូល្បីជាច្រើនទៀតផងដែរ។
ក្រុមហ៊ុន RBS Intellect គឺជាស្ថាប័នដែលមានទីស្នាក់ការការិយាល័យកណ្តាលនៅទីក្រុង Auckland និងមានប្រតិបត្តិការ អន្តរជាតិចំនួន២០ ប្រទេស ផ្សេងទៀត រួមមាន Singapore, Malaysia, Mozambique, Thailand, China, India, Nepal, Sri Lanka, Turkey, Nigeria, the Philippines, South Africa, Bangladesh, Indonesia, Cambodia, Myanmar, Bhutan, Latin America, the UK, និង the UAE។
គួររំឮកផងដែរ នាពេលកន្លងមកបណ្តាញគ្រឹះស្ថានអប់រំ និងបណ្តុះបណ្តាលវេសឡាញ អេឌ្យូខេសិន គ្រុប (WEG) បានផ្សារភ្ជាប់ទំនាក់ទំនងជាមួយស្ថាប័នដៃគូ អន្តរជាតិដើម្បីផ្តល់ឱកាសសិក្សា និងអាហារូបករណ៍សម្រាប់សិស្សានុសិស្ស៕































