ទំនាក់ទំនង ជាជំនាញមួយសំខាន់ ក្នុងការជួយឱ្យបុគ្គលនីមួយៗ មានឱកាសផ្លាស់ប្តូរគំនិតគ្នា ពង្រឹងភាពរីកចម្រើន និងការរៀនរស់នៅជាមួយគ្នា។ យ៉ាងណាមិញ ដើម្បីឱ្យការប្រាស្រ័យទាក់ទង កាន់តែមានប្រសិទ្ធភាព គឺត្រូវការយកចិត្តទុកដាក់លើចំណុចមួយចំនួនដូចជា គិតមុននិយាយ ស្គាល់កាលៈទេសៈ ការប្រើប្រាស់ពាក្យសម្ដី ភាសាកាយវិការ និងការគ្រប់គ្រងអារម្មណ៍។ តាមរយៈគេហទំព័រ Inc.NewsLetter បានរៀបរាប់លម្អិតអំពីចំណុចសំខាន់ៗទាំងនេះដូចខាងក្រោម។
១. គិតមុននឹងនិយាយ ៖ កាលដែលនិយាយលឿនពេកដោយមិនទុកចន្លោះក្នុងការពិចារណា បណ្តាលឱ្យប៉ះពាល់ទៅដល់ជំនាញស្ដាប់ ថែមបង្កឱ្យប៉ះទង្គិចផ្លូវចិត្តអ្នកដទៃបានយ៉ាងឆាប់រហ័ស។ ការទុកចន្លោះស្វែងយល់អំពីអ្នកដទៃ ដូចជាប្រភពកំណើត អំពីស្ថានភាពរស់នៅ និងទស្សនៈនៃការយល់ឃើញរបស់បុគ្គលដែលត្រូវនិយាយជាមួយជាមុនសិន ដើម្បីជាការបើកឱកាសស្វែងយល់អំពីភាគីដែលយើងមានបំណងចង់ជជែកជាមួយ។ ការគិតមុននឹងនិយាយ បានកាត់បន្ថយការប្រើសំដីលើសហួសប្រមាណ ឬសំដីបង្កនូវភាពស្ដាយក្រោយ។

២. ស្គាល់កាលៈទេសៈ ៖ ការដឹងអំពីពេល និងទីកន្លែងដែលត្រូវនិយាយ ជាសមត្ថភាពមួយជួយឱ្យលោកអ្នក ចេះប្រើប្រាស់ពាក្យពិតស្របពេលដែលត្រូវការ។ មុននឹងអធិប្បាយអ្វីមួយ ត្រូវប្រាកដចិត្តថា បានសិក្សានិងស្គាល់អំពីបរិយាកាសនៅទីនោះជាមុនសិន។ ជាកិច្ចបន្ទាប់ក៏ត្រូវដឹងអំពីប្រភេទមនុស្សដែលខ្លួននឹងត្រូវនិយាយជាមួយ។ ជារួមកត្តាដែលសំខាន់នោះគឺ ចាប់អារម្មណ៍អំពីកិច្ចសន្ទនា ឬនិយាយឱ្យត្រូវកាលត្រូវវេលា។
៣. មានសិល្បៈប្រើវោហារកោសល្យ ៖ ការជ្រើសរើសពាក្យប្រើប្រាស់ឱ្យបានល្អ ពាក្យបង្កប់អត្ថន័យវិជ្ជមាន គឺជាកត្តាដែលនាំឱ្យការពង្រឹងប្រយោគនៃការប្រាស្រ័យទាក់ទងគ្នា កាន់តែមានទម្ងន់បន្ថែម មិនថានិយាយដើម្បីផ្តល់ភាពត្រឹមត្រូវចំពោះខ្លួនឯងក៏ដោយ អ្វីដែលសំខាន់គឺនិយាយឱ្យច្បាស់ៗ និងនិយាយពាក្យចាំបាច់ ដោយជៀសវាងការបរិយាយពាក្យដែលមិននាំជាប្រយោជន៍។

៤. ភាសាកាយវិកា ៖ ទន្ទឹមគ្នានឹងការយកចិត្តទុកដាក់ចំពោះការប្រាស្រ័យទាក់ទងគ្នា ការប្រើប្រាស់កាយវិការក៏មានភាពសំខាន់ដូចគ្នាដែរ កែវភ្នែកមិនគួរងាករេចុះឡើងពេលជជែកគ្នា ហើយកំឡុងពេលនិយាយទៀតសោត គឺត្រូវអង្គុយឱ្យត្រង់ និយាយក្នុងសំនៀងធម្មជាតិដែលខ្លួនមាន និយាយមានភាពបត់បែន ដែលបង្ហាញអំពីការគោរព និងការផ្តល់តម្លៃចំពោះគ្នាទៅវិញទៅមក។

៥. គ្រប់គ្រងអារម្មណ៍ ៖ នៅពេលមានអារម្មណ៍ខឹង ឬក៏អាក់អន់ចិត្ត គឺជាស្ថានភាពមួយដែលពិបាកនឹងទាញការជជែកពិភាក្សាឱ្យទទួលបានលទ្ធផលប្រកបដោយប្រសិទ្ធភាព។ ដូច្នេះត្រូវទុកពេលដើម្បីឱ្យចិត្តត្រជាក់បន្តិចសិន សឹមឆ្លើយតបទៅនឹងស្ថានភាពណាមួយ។ វិធីដែលអាចសម្រួលអារម្មណ៍ឱ្យស្រស់បស់ឡើងវិញគឺ ដើរចុះដើរឡើង ក្នុងកន្លែងដែលមានខ្យល់បរិសុទ្ធល្អ ឬក៏សមាធិចាប់ពី១០ទៅ១៥នាទី៕




























