ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសយុជនចំនួន១៥រូប ឱ្យចូលរួមកម្មវិធីនាវាយុជនអាស៊ីអាគ្នេយ៍ និងជប៉ុន លើកទី៤៨ ដែលមានរយៈពេល៣៨ថ្ងៃ គឺចាប់ពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ដល់ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខ។
លោកស្រីណ្ឌិត ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា កម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន ជាកម្មវិធីមួយដែលបានរៀបចំឡើងតាមរយៈសេចក្ដីថ្លែងការរួមក្នុងខែមករា ឆ្នាំ១៩៧៤ រវាងប្រទេសជប៉ុន និងប្រទេសសមាជិកអាស៊ាន រួមមាន ឥណ្ឌូនេស៊ី ម៉ាឡេស៊ី សិង្ហបុរី ហ្វីលីពីន និងប្រទេសថៃ។
អ្នកនាំពាក្យក្រសួងអប់រំ បន្ថែមថា កម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន រៀបចំឡើងក្នុងទិសដៅដើម្បីបំផុសក៏ដូចជាពង្រឹងសមត្ថភាព សាមគ្គីភាព ការយោគយល់គ្នាទៅវិញទៅមករវាងយុវជន នៃប្រទេសអាស៊ាន និងយុវជននៃប្រទេសជប៉ុន ដើម្បីពង្រឹងទស្សនៈវិស័យលើឆាកអន្តរជាតិ។ ទន្ទឹមគ្នានេះ ផ្ដល់ឱកាសដល់យុវជនទាំងអស់ក្នុងការសិក្សាស្វែងយល់ពីគ្នាទៅវិញទៅមកក្នុងទិសដៅអាចចូលរួមពង្រឹងសមត្ថភាពខ្លួនឯងក៏ដូចជាចែករំលែកចំណេះដឹងទៅកាន់ពិភពលោក ក៏ដូចជាយុវជនមកពីប្រទេសសដែលចូលរួមកម្មវិធីឱ្យបានយល់ពីគ្នាទៅវិញទៅមកដែលនាំមកនូវកិច្ចសហប្រតិបត្តិការល្អក្នុងពេលបច្ចុប្បន្ន និងអនាគត។
លោកស្រីបណ្ឌិត ឃួន វិច្ឆិកា បញ្ជាក់ថា ដោយសារកន្លងមកមានយុវជនចាប់អារម្មណ៍ចង់ចូលរួមច្រើន ដូច្នេះហើយទើបក្រសួងអប់រំរៀបចំឱ្យមានការជ្រើសរើសយុជនចូលរួមកម្មវិធីនាវាយុជនអាស៊ីអាគ្នេយ៍ និងជប៉ុន លើកទី៤៨។ ជាក់ស្ដែង កាលពីឆ្នាំ២០២៣កន្លងទៅ មានបេក្ខជនដែលបានដាក់ពាក្យចូលរួមចំនួនរហូតដល់ទៅ ៥៥៨នាក់ ក្នុងនោះក្រសួងជ្រើសរើសយុវជនចំនួន១១នាក់ប៉ុណ្ណោះ ដើម្បីចូលរួមក្នុងកម្មវិធីនេះ។
កម្មវិធីនាវាយុវជនអាស៊ីអាគ្នយ៍និងជប៉ុន លើកទី៤៨ ឆ្នាំ២០២៤នេះ នឹងពិភាក្សាលើប្រធានបទ រួមមាន អំណាចទន់ និងការទូតយុវជន, កំណើនសេដ្ឋកិច្ច និងសហគមន៍ប្រកបដោយចីរភាព, ការពង្រឹងអំណាចសកល និងការប្រែប្រួលអាកាសធាតុ, ការកាត់បន្ថយហានិភ័យ គ្រោះមហន្តរាយ និងការស្តារឡើងវិញ សុខភាព និងសុខមាលភាព និងសង្គមឌីជីថល។
លក្ខខណ្ឌជ្រើសរើស យុវជនត្រូវមានអាយុចាប់ពី ១៨ ទៅ ៣០ឆ្នាំ, មានចំណេះដឹងភាសាអង់គ្លេសល្អ, មានចំណាប់អារម្មណ៍ និងចំណេះដឹងជ្រៅជ្រះ ទាក់ទងនឹងអាស៊ាន និងជប៉ុន, មានសុខភាពល្អទាំងផ្លូវកាយ និងផ្លូវចិត្ត។
សម្រាប់យុវជនដែលចាប់អារម្មណ៍ក្នុងកម្មវិធីនាវាយុវជនអាស៊ីអាគ្នយ៍និងជប៉ុន លើកទី៤៨ អាចដាក់ពាក្យចូលរួមតាមរយៈតំណភ្ជាប់ https://forms.gle/MxpQ1apo7kCED3yw6 ។ ផុតកំណត់ទទួលពាក្យនៅថ្ងៃចន្ទ ទី២០ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ៥:០០ រសៀល។ ស្វែងយល់បន្ថែមអំពីកម្មវិធី តាមរយៈ https://www8.cao.go.jp/youth/kouryu/en/sseayp/sseayp.html ៕

































