របាយការណ៍របស់យូនីសេហ្វ (UNICEF) បង្ហាញថា ៩០% នៃសាលារៀននៅកម្ពុជា មានសេវាទឹកស្អាតសម្រាប់បរិភោគនៅកម្រិតមូលដ្ឋាន ខណៈសេវាកន្លែងលាងដៃក៏មានការរីកចម្រើនដល់៩១% ប៉ុន្តែការផ្គត់ផ្គង់បង្គន់អនាម័យនៅតែមានគម្លាត ដែលត្រូវការការយកចិត្តទុកដាក់បន្ថែម។
យោងតាមទិន្នន័យចុងក្រោយរបស់កម្មវិធីត្រួតពិនិត្យរួមរបស់អង្គការសុខភាពពិភពលោក និងយូនីសេហ្វ (WHO/UNICEF Joint Monitoring Programme-JMP) សម្រាប់ទឹកស្អាត អនាម័យ និងសុខភាពនៅតាមសាលារៀន បានបង្ហាញថា សាលារៀននៅកម្ពុជាភាគច្រើនមានលទ្ធភាពទទួលបានសេវាទឹកស្អាតសម្រាប់បរិភោគ។
ទិន្នន័យដដែលបង្ហាញថា ៩១% នៃសាលារៀនមានកន្លែងលាងដៃដែលមានទឹក និងសាប៊ូ ខណៈសេវាអនាម័យនៅកម្រិតមូលដ្ឋានមានត្រឹម ៦១% នៃសាលារៀនប៉ុណ្ណោះ។
ក្នុងរយៈពេល៥ឆ្នាំ ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៥ សេវាទឹកស្អាតសម្រាប់បរិភោគនៅតាមសាលារៀនបានកើនឡើងពី ៨៥% ទៅ ៩០% ខណៈកន្លែងលាងដៃដែលមានទឹក និងសាប៊ូកើនពី ៦៦% ទៅ ៩១%។ ចំណែកសេវាបង្គន់អនាម័យបានកើនពី ២៧% ទៅ ៦១% ក្នុងរយៈពេលដូចគ្នា។

សម្រាប់សាលាមត្តេយ្យ ទិន្នន័យបង្ហាញថា ប្រមាណ ២៣% នៅមិនទាន់មានការផ្គត់ផ្គង់ទឹកស្អាតសម្រាប់បរិភោគ ខណៈ ៨៣% មានកន្លែងលាងដៃ និងប្រមាណ ១២% មិនទាន់មានកន្លែងលាងដៃ។
យូនីសេហ្វបានគូសបញ្ជាក់ថា ការបំពេញគម្លាតផ្នែកបង្គន់អនាម័យ គួរធានាឱ្យបង្គន់មានសុវត្ថិភាព អាចប្រើប្រាស់បានល្អ មានភាពឯកជន និងមានការបែងចែកដាច់ដោយឡែករវាងសិស្សប្រុស និងសិស្សស្រី។
យូនីសេហ្វបន្ថែមថា ការថែទាំ និងប្រតិបត្តិការជាប្រចាំ គឺមានសារៈសំខាន់ ដើម្បីធានាថា ប្រព័ន្ធទឹកស្អាត បង្គន់ និងកន្លែងលាងដៃនៅតាមសាលារៀនអាចដំណើរការបានល្អ និងផ្តល់បរិយាកាសសិក្សាដែលមានសុខភាពល្អ សុវត្ថិភាព និងមានភាពថ្លៃថ្នូរសម្រាប់កុមារគ្រប់រូប។
លោក ព្រឿន ចំរើន នាយកសាលាបឋមសិក្សាស្រីវិបុលកេរ្តិ៍ ស្ថិតនៅក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប បានសាទរចំពោះរបាយការណ៍ខាងលើ ដែលបង្ហាញពីភាពប្រសើរឡើងក្នុងការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យនៅតាមសាលារៀន។
យ៉ាងណាក៏ដោយ លោកបានឱ្យដឹងថា សាលារៀននៅតំបន់មួយចំនួននៅតែប្រឈមនឹងការខ្វះទឹកប្រើប្រាស់ ដោយសារខ្វះប្រភពទឹក និងឧបករណ៍ប្រព័ន្ធទឹកស្អាត។ លោកបានអំពាវនាវឱ្យមានការគាំទ្រ និងឧបត្ថម្ភបន្ថែមដល់សាលារៀននៅតំបន់ឆ្ងាយដែលនៅខ្វះប្រព័ន្ធទឹកស្អាត។

ដោយឡែក លោក ឯម ស្រស់ នាយកសាលាបឋមសិក្សាអន្លង់ត្រាច ក្នុងខេត្តបាត់ដំបង បានឱ្យដឹងថា ការប្រើប្រាស់ទឹកស្អាតរបស់សិស្សមានគ្រប់គ្រាន់តាមរដូវកាល ប៉ុន្តែនៅរដូវប្រាំង សាលានៅតែប្រឈមនឹងការខ្វះទឹកប្រើប្រាស់ ដោយសារខ្វះឧបករណ៍ និងប្រព័ន្ធទឹក ព្រមទាំងសម្ភារៈទឹកស្អាតមួយចំនួនខូចខាត។ លោកបានបញ្ជាក់ថា ចំណែកការប្រើប្រាស់បង្គន់អនាម័យនៅសាលា មានភាពគ្រប់គ្រាន់សម្រាប់សិស្ស៕











































































