ពិព័រណ៌ការងារ និងផលិតភាពជាតិឆ្នាំ២០២៣ បានចាប់ផ្តើមជាផ្លូវការហើយនៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ដោយមានក្រុមហ៊ុន រោងចក្រ និងសហគ្រាសធំៗចំនួន១៥០ នឹងផ្តល់ឱកាសការងារប្រមាណជាង២ម៉ឺនកន្លែង សម្រាប់យុវជន សិស្ស និស្សិត និងអ្នកស្វែងរកការងារធ្វើ។ ពិព័រណ៍ការងារ និងផលិតភាពជាតិដែលត្រូវចាត់ទុកថា ជាព្រឹត្តិការណ៍ការងារធំជាងគេប្រចាំឆ្នាំ នឹងប្រព្រឹត្តទៅរយៈពេល២ថ្ងៃជាប់គ្នា គឺថ្ងៃទី១០-១១ ខែវិច្ឆិកា នៅអគារពិព័រណ៍កោះពេជ្រ ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៨យប់។
ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា ពិព័រណ៍ការងារ និងផលិតភាពជាតិ បានធ្វើអស់រយៈពេល១២ឆ្នាំមកហើយ បើក្រឡេកត្រឡប់ទៅខាងក្រោយ យើងនឹងឃើញថា ពិព័រណ៍ការងារ និងផលិតភាពជាតិ តែងតែត្រូវបានចាប់អារម្មណ៍ពីដៃគូពាក់ព័ន្ធនានាកាន់តែច្រើនទៅៗ ជាក់ស្តែងនៅក្នុងឆ្នាំ២០១១ ដែលយើងបានចាប់ផ្តើមដំបូង គឺមានតែស្តង់សម្រាប់អ្នកចូលរួមគឺមានតែ៣០ ហើយអ្នកដែលបានមកទស្សនាមានខ្ទង់ប្រមាណ ៥ពាន់នាក់ ហើយយើងមានសម្ភាសន៍ការងារនៅទីតាំងជាក់ស្តែងតែ២ពាន់កន្លែងទេ។ ប៉ុន្តែជាក់ស្តែងនៅថ្ងៃនេះ យើងមានស្តង់ដែលចូលរួម១៥០ក្រុមហ៊ុន បូកជាមួយនឹងស្ថាប័នពាក់ព័ន្ធ គឺយើងមានរហូតដល់ទៅ ១៨៨ស្តង់ រីឯឱកាសការងារ គឺមានរហូតដល់ទៅ២ម៉ឺនកន្លែង ដែលនេះបង្ហាញឱ្យឃើញពីវឌ្ឍនៈភាព។

បើតាមការបញ្ជាក់របស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងការងារ ជារួមគោលដៅចុងក្រោយ គឺចង់ឃើញព្រឹត្តិការណ៍នេះ ក្លាយជាព្រឹត្តិការណ៍មួយដែលទាំងអ្នកស្វែងរកការងារធ្វើ ក៏ដូចជាអ្នកដែលកំពុងត្រូវការកម្លាំងពលកម្មអាចជួបគ្នាបាន ហើយអាចសម្រេច និងចាប់យកឱកាសនេះជាមួយគ្នា។ «ក្រុមហ៊ុនឯកជន អាចយកឱកាសនេះ ជាឱកាសរកបាននូវបុគ្គលិកដែលមានសមត្ថភាព រីឯយុវជន ក្មួយៗយើងដែលកំពុងស្វែងរកការងារ នេះជាឱកាសមួយ ជាកន្លែងមួយ ដែលប្អូនៗអាចដើរមើល ដើរសម្លឹង តើអាជីពការងារណាមួយដែលប្អូនៗស្រឡាញ់ពេញចិត្ត»។
សូមបញ្ជាក់ថា សម្រាប់ឱកាសការងារជាង ២ម៉ឺនកន្លែង នៅក្នុងឱកាសពិព័រណ៍ការងារ និងផលិតភាពជាតិ ដែលប្រព្រឹត្តទៅរយៈពេល២ថ្ងៃនៅអគារពិព័រណ៍កោះពេជ្រ គឺមានការងារមកពីវិស័យសំខាន់ៗដូចជា ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធានារ៉ាប់រង សេវាកម្មលក់ដុំនិងរាយ ទេសចរណ៍ និងបដិសណ្ឋារកិច្ចម្ហូបអាហារ និងភេសជ្ជៈ អចលនទ្រព្យនិងសំណង់ ទូរគមនាគមន៍និងបច្ចេកវិទ្យាព័ត៌មានវិទ្យា ឧស្សាហកម្មនិងកម្មន្តសាល ព្រមទាំងវិស័យសេវាកម្មផ្សេងៗ ជាដើម។



សម្រាប់យុវជន សិស្ស និស្សិត និងអ្នកស្វែងរកការងារធ្វើទាំងអស់ អាចដាក់ពាក្យដោយផ្ទាល់ និងត្រូវបានសម្ភាសន៍ជ្រើសរើសភ្លាមៗដោយក្រុមហ៊ុន-សហគ្រាស ដែលចូលរួមតាំងបង្ហាញក្នុងបញ្ជរចំនួនជាង ១៨៨។
ក្រៅតែពីឱកាសការងារ នៅក្នុងឱកាសពិព័រណ៍ការងារ និងផលិតភាពជាតិ ក៏មានការរៀបចំផងដែលនូវសិក្ខាសាលាផលិតភាពដើម្បីលើកកម្ពស់ការយល់ដឹងស្តីពីការបង្កើនផលិតភាពការងារដោយមានការចែករំលែកចំណេះដឹង និងបទពិសោធន៍ពីវាគ្មិនជំនាញជាច្រើន៕































