ក្នុងពិធីបិទសិក្ខាសាលាពិគ្រោះយោបល់ស្តីពីសេចក្តីព្រាងយុទ្ធសាស្រ្តការអប់រំឌីជីថលសម្រាប់សាលារៀន នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ ខេត្តកំពង់ចាម កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣កន្លងទៅ ឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានផ្ដល់អនុសាសន៍មួយចំនួនជូនដល់លោកនាយក លោកស្រីនាយិកាមកពីសាលារៀននានា ដើម្បីត្រៀមខ្លួនការអនុវត្តយុទ្ធសាស្ត្រការអប់រំឌីជីថលសម្រាប់សាលារៀន។

ឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ដើម្បីត្រៀមខ្លួនការអនុវត្តយុទ្ធសាស្ត្រការអប់រំឌីជីថលសម្រាប់សាលារៀន គឺត្រូវបន្តសិក្សាស្វែងយល់លើការអប់រំតាមបែបឌីជីថលឱ្យបានកាន់តែស៊ីជម្រៅ។ លើសពីនេះ ផ្សព្វផ្សាយដល់លោកគ្រូ អ្នកគ្រូនៅសាលារៀនឱ្យបានទូលំទូលាយដើម្បីឱ្យពួកគាត់យល់ដឹង និងត្រៀមខ្លួនក្នុងការអនុវត្តពេលដែលយុទ្ធសាស្ត្រការអប់រំឌីជីថលសម្រាប់សាលារៀនត្រូវបានដាក់ឱ្យអនុវត្ត សម្រាប់បុគ្គល និងអង្គភាព ដោយត្រៀមខ្លួនឱ្យបានរួចជាស្រេចក្នុងការប្រែក្លាយស្ថាប័នរបស់ខ្លួនទៅក្នុងបរិវត្តកម្មឌីជីថល និងរៀបចំក្រុមការងារបច្ចេកទេស សហគមន៍សិក្សាវិជ្ជាជីវៈ ដើម្បីជួយគាំទ្រដល់ការអនុវត្តយុទ្ធសាស្ត្រការអប់រំឌីជីថលសម្រាប់សាលារៀនឱ្យកាន់តែមានប្រសិទ្ធភាព។

រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ក៏បានលើកឡើងពីគុណប្រយោជន៍នៃយុទ្ធសាស្ត្រអប់រំឌីជីថលសម្រាប់សាលារៀនដែលបានរួមបញ្ចូលគុណតម្លៃស្នូលជាច្រើនសម្រាប់អ្នកអប់រំ គ្រូបង្រៀន អ្នកសិក្សា សហគមន៍មាតាបិតា និងអ្នកពាក់ព័ន្ធក្នុងការធ្វើបរិវត្តកម្មអប់រំដូចជា ភាពជាពលរដ្ឋឌីជីថល ការសិក្សាពេញមួយជីវិត ការត្រៀមខ្លួនសម្រាប់អនាគត ភាពងាយស្រួល ភាពជាដៃគូសហប្រតិបត្តិការក្នុងកម្រិតតំបន់ និងកម្រិតជាតិ។
ឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន ក៏បានកោតសរសើរថ្នាក់ដឹកនាំក្រសួង នាយកដ្ឋានពាក់ព័ន្ធ និងភាគីពាក់ព័ន្ធទាំងអស់ដែលបានចូលរួមចំណែកធ្វើឱ្យសិក្ខាសាលានេះប្រព្រឹត្តទៅនិងសម្រេចបានលទ្ធផលគួរជាទីពេញចិត្ត ហើយសូមឱ្យបន្តចូលរួមចំណែក ផ្តល់កិច្ចសហការ និងគាំទ្របន្ថែមទៀតដល់ដំណើរការអភិវឌ្ឍឯកសារយុទ្ធសាស្ត្រការអប់រំឌីជីថលសម្រាប់សាលារៀននេះ ដើម្បីធានានូវការអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់ និងមានភាពឆ្លើយតបនាពេលដ៏ខ្លីខាងមុខនេះ៕































