របាយការណ៍ថ្មីមួយរបស់អង្គការយូណេស្កូបានផ្តល់អនុសាសន៍ថា ស្មាតហ្វូនត្រូវតែហាមឃាត់មិនឱ្យប្រើក្នុងថ្នាក់រៀន ដើម្បីជៀសវាងការរំខានដល់សិស្ស និងប៉ះពាល់ដល់ការសិក្សារបស់ពួកគេ។ លទ្ធផលនៃការស្រាវជ្រាវរបស់ទីភ្នាក់ងារ អប់រំ វិទ្យាសាស្ត្រ និងវប្បធម៌ នៃអង្គការសហប្រជាជាតិ បានឱ្យដឹងថា សូម្បីតែការដាក់ទូរស័ព្ទនៅក្បែរខ្លួនក៏ធ្វើឱ្យសិស្សបែកអារម្មណ៍ដែរ ព្រោះគេតែងតែលឺសំឡេង សារជូនដំណឹងផ្សេងៗពីក្នុងទូរស័ព្ទ។ លើសពីនេះ សិស្សត្រូវចំណាយពេលរហូតដល់ ២០នាទីឯណោះ ដើម្បីផ្តោតទៅលើការរៀនសូត្រឡើងវិញបន្ទាប់ពីឮសំឡេងរំខាន។

មានប្រទេសចំនួន ១៤ ដែលមានរកឃើញថា ការអនុញ្ញាតឱ្យសិស្សទុកទូរស័ព្ទក្បែរខ្លួន គឺមានផលអវិជ្ជមានដល់ការសិក្សារបស់ពួកគេ។ ក្នុងនោះមានសាលាមួយចំនួនក្នុងប្រទេសប៊ែលហ្សិក អេស្ប៉ាញ និងចក្រភពអង់គ្លេស បានហាមមិនឱ្យសិស្សយកស្មាតហ្វូនទៅសាលារៀន ហើយជាលទ្ធផលឃើញថា លទ្ធផលនៃការសិក្សារបស់សិស្សប្រសើរឡើង។
អង្គការយូនីស្កូ បានឱ្យដឹងថា វាចាំបាច់ណាស់ ដែលត្រូវមានការណែនាំឱ្យបានច្បាស់លាស់ អំពីការប្រើប្រាស់បច្ចេកវិទ្យាសម្រាប់ការអប់រំ ដើម្បីធានាថាបច្ចេកវិទ្យា មិនប៉ះពាល់ដល់សុខភាពសិស្ស និងសង្គមទាំងមូល។ ជាមួយគ្នានេះ បណ្ដារប្រទេសនានា ត្រូវបញ្ជាក់ឱ្យច្បាស់ថា បច្ចេកវិទ្យាណាខ្លះ ដែលត្រូវបានអនុញ្ញាតឱ្យប្រើក្នុងសាលារៀន និងបច្ចេកវិទ្យាណាខ្លះ ដែលត្រូវហាមឃាត់។
ក្នុងរបាយការណ៍ក៏បានលើកឡើងដែរថា ការប្រើបច្ចេកវិទ្យាឌីជីថលច្រើនលើសលប់ អាចធ្វើឱ្យមនុស្សផ្ដាច់ខ្លួនពីសង្គម បាត់ម្ចាស់ការលើខ្លួនឯង ងាយរងការវាយប្រហារតាមអនឡាញ និងបង្ករឱ្យមានជម្លោះតាមប្រព័ន្ធអនឡាញ។ ម្យ៉ាងទៀត ការចំណាយពេលយូរសំឡឹងអេក្រង់ក៏មានឥទ្ធិពលអវិជ្ជមានទៅលើសុខុមាលភាពមនុស្សផងដែរ ដូចជាកាត់បន្ថយការចង់ដឹងចង់យល់ អសមត្ថភាពអារម្មណ៍ ការថប់បារម្ភខ្ពស់ និងជំងឺធ្លាក់ទឹកចិត្ត។

ជាមួយគ្នានេះ ការសិក្សាបង្ហាញថា មានសាលាបឋមសិក្សាត្រឹមតែ ៤០% នៅទូទាំងពិភពលោកប៉ុណ្ណោះ ដែលមានអ៊ីនធឺណិត ហើយគេនឹងចំណាយទឹកប្រាក់ប្រមាណ ១ ពាន់លានដុល្លារក្នុងមួយថ្ងៃ ដើម្បីតភ្ជាប់បណ្ដាញសម្រាប់ការអប់រំនៅក្នុងប្រទេសក្រីក្រ។ ប៉ុន្តែទោះបីជាគេអាចតភ្ជាប់បណ្ដញបានក៏ដោយ ក៏នៅតែមានសំណួរ ដែលត្រូវឆ្លើយដែរថា តើបច្ចេកវិទ្យាឌីជីថលពិតជាល្អបំផុត ដើម្បីផ្តល់នូវការរៀនសូត្រ និងស្រាវជ្រាវប្រកបដោយប្រសិទ្ធភាពមែនទេ? ខណៈដែលការចំណាយពេលនៅមុខអេក្រង់ច្រើនពេក គឺមានផលអវិជ្ជមានជាច្រើន។
ស្របនឹងបញ្ហាដែលបានលើកឡើង សម្ព័ន្ធសកលសម្រាប់សុវត្ថិភាពឌីជីថលនៃវេទិកាសេដ្ឋកិច្ចពិភពលោក បង្កើតឱ្យមានកិច្ចប្រជុំមេដឹកនាំមកពីប្រទេសជាច្រើន ក្នុងគោលបំណងពន្លឿនកិច្ចសហប្រតិបត្តិការសាធារណៈ និងឯកជន ដើម្បីដោះស្រាយខ្លឹមសារដែលបង្កគ្រោះថ្នាក់ និងដំណើរការលើអ៊ីនធឺណិត។ ដោយរួមគ្នាបង្កើតបរិយាកាសអនឡាញដែលមានសុវត្ថិភាព ទំនុកចិត្ត និងការរួមបញ្ចូល៕































