ភ្នំពេញ – ការឱ្យទូរស័ព្ទទៅកុមារមើល ឬលេង ស្ទើរតែក្លាយជាទម្លាប់របស់ឪពុកម្តាយនាសម័យបច្ចេកវិទ្យា បើទោះបីជាគេដឹងថា ទង្វើនេះបានធ្វើឱ្យកុមារមានបញ្ហាខាងផ្នែកសុខភាព ឬអារម្មណ៍ក៏ដោយ។ បើតាមអ្នកជំនាញផ្នែកអប់រំ ឪពុកម្តាយទាំងឡាយគួរតែផ្លាស់ប្តូរទម្លាប់មួយនេះចោល ដោយគួរតែបង្រៀនកូនៗឱ្យមានទម្លាប់អានសៀវភៅវិញ។
លោកស្រី ហ៊ុយ ឆេងរតនា មន្រ្តីបច្ចេកទេសជាន់ខ្ពស់ផ្នែកសម្ភារៈអំណានអប់រំបរិយាបន្ននៅបឋមសិក្សា (IPEA) មានប្រសាសន៍ថា ឪពុកម្ដាយមួយចំនួនតែងតែលើកឡើងថា គ្មានលទ្ធភាពទិញសៀវភៅឱ្យកូនអាន ប៉ុន្តែបើយើងគិតថា ការទិញសៀវភៅជាអាទិភាពសម្រាប់ការសិក្សារបស់កូន គឺនៅតែអាចទិញបាន ព្រោះពេលខ្លះពួកគាត់ទិញរបស់ផ្សេងៗបានថ្លៃជាងសៀវភៅផង ហើយពេលខ្លះវាក៏មិនសូវមានសារៈសំខាន់ផងក៏ពួកគាត់នៅតែហ៊ានទិញ។ លោកស្រីថា នេះមកពីឪពុកម្ដាយច្រើនរំពឹងតែលើសៀវភៅសិក្សាគោលដែលកូនរៀននៅសាលា ប៉ុន្តែផ្ទុយទៅវិញក្មេងនៅសាលាគាត់រៀនសៀវភៅសិក្សាគោលរួចហើយ នៅពេលមកផ្ទះវិញពួកគេចង់បានអ្វីដែលថ្មី ដូចជា អានសៀវភៅរឿងថ្មីៗ ឬសៀវភៅរូបភាពជាដើម។ ហើយប្រសិនជាគ្មានសៀវភៅឱ្យកូនអាន គឺជៀសមិនផុតពីកូនកាន់ទូរស័ព្ទលេងនោះឡើយ ។
“ឪពុកម្ដាយខ្លះច្រើននិយាយថា កូនៗរបស់គាត់ចូលចិត្តលេងទូរស័ព្ទយូរៗ នេះគឺមកពីយើងគ្មានសៀវភៅកុមារសម្រាប់កូនអាន ឬបង្រៀនកូនឱ្យមានទម្លាប់អាន ព្រោះប្រសិនបើយើងមានសៀវភៅឱ្យកូនអាន មានសៀវភៅផាត់ពណ៌ឱ្យកូន នោះពួកគេនឹងមិនលេងទូរស័ព្ទទៀតទេ នេះបើតាមបទពិសោធន៍ជាម្តាយ”។
លោកស្រី ហ៊ុយ ឆេងរតនា មន្រ្តីបច្ចេកទេសជាន់ខ្ពស់ផ្នែកសម្ភារៈអំណានអប់រំបរិយាបន្ននៅបឋមសិក្សា (IPEA)

អ្នកជំនាញផលិតសម្ភារៈ និងសៀវភៅអំណាននៃគម្រោងអប់រំបរិយាបន្ននៅបឋមសិក្សា បន្ថែមថា បច្ចុប្បន្នមានវិធីសាស្រ្តជាច្រើនដែលអាចស្វែងរកសៀវភៅឱ្យកូនអាន ឬអានឱ្យកូនស្ដាប់បានទោះជាឪពុកម្ដាយគ្មានលទ្ធភាពទិញសៀវភៅក៏ដោយ គឺទី១.ឱ្យកូនខ្ចីសៀវភៅពីបណ្ណាល័យយកទៅអាននៅផ្ទះ ពីព្រោះនៅក្នុងបណ្ណាល័យអាចអាននៅក្នុងសាលាក៏បាន ខ្ចីទៅអាននៅផ្ទះក៏បាន ទី២. បច្ចុប្បន្នយើងមានការរីកចម្រើននៃបច្ចេកវិទ្យា មានបណ្ណាល័យនៅតាមកម្មវិធីអេប (App) ឬកម្មវិធីកុមាររៀនកុមារចេះ មានជា PDF ជាសៀវភៅរឿងថ្មីៗមានរូបភាព ដែលឪពុកម្ដាយអាចចូលទៅទាញយកមកអានឱ្យកូនស្ដាប់បាន និងទី៣. បណ្ណាល័យឌីជីថល Let’s Read ដែលមានរឿងរាប់រយរាប់ពាន់ ទាំងភាសាខ្មែរ និងភាសាអង់គ្លេស និងមានទាំងរឿងរបស់ខ្មែរ និងទាំងរឿងបកប្រែពីភាសាបរទេស។
បើតាមលោកស្រី ហ៊ុយ ឆេងរតនា ដើម្បីជំរុញលើកទឹកចិត្តកូនឱ្យចេះអានសៀវភៅ គឺទី១.ឪពុកម្ដាយគួរផ្ដល់ឱកាសឱ្យកូនដោយជួយនាំកូនៗមកចូលរួមកម្មវិធីដូចជាទិវាសៀវភៅកុមារអន្តរជាតិ ទិវាជាតិអំណាន ពិព័រណ៌សៀវភៅកម្ពុជា និងពិព័រណ៍សៀវភៅផ្សេងៗទៀត ព្រោះនៅក្នុងកម្មវិធីទាំងនេះ មានកម្មវិធីផ្សេងៗដែលទាក់ទាញកុមារឱ្យចូលចិត្តអានសៀវភៅ ហើយនៅក្នុងកម្មវិធីនោះ ក៏មានការលក់សៀវភៅបញ្ចុះតម្លៃផងដែរ ។ ទី២. ការនាំកូនទៅកំសាន្តខាងក្រៅ ឬការនាំកូនទៅទិញសៀវភៅនៅបណ្ណាល័យក៏ជាការកំសាន្តរបស់កូនៗ គឺជួយផ្លាស់ប្ដូរបរិយាកាសរបស់កូន ហើយចំណេញដល់ការអានសៀវភៅរបស់កូនផងដែរ។

តាមបទពិសោធន៍របស់ លោកស្រីដែលធ្លាប់មានកូនតូចអានសៀវភៅ បានលើកឡើងថា ដើម្បីជួយឱ្យកូនមានទម្លាប់អានសៀភៅបានលុះត្រាតែកុមារអាចធ្វើអ្វីតាមដែលគាត់ស្រឡាញ់ និងចូលចិត្ត គឺទី១. ឪពុកម្ដាយអាចបណ្ដាយឱ្យកូនរើសសៀវភៅដែលពួកគេចង់បានសិន ទី២.ឪពុកម្ដាយពិនិត្យបន្ថែមថាសៀវភៅនោះតើត្រូវនឹងកម្រិតអានរបស់កូនដែរឬអត់។ លើសពីនេះ នៅពេលអានដំបូង សូមកុំបង្ខំកូនឱ្យអានច្រើនៗ ហើយនៅពេលកូនមិនទាន់ចេះអានសៀវភៅ គឺឪពុកម្ដាយអាចអានឱ្យកូនស្ដាប់សិន ដែលហៅថា អំណានឮ៕































