ទិវាកុមារអន្តរជាតិ និង​ទិវាកុមារកម្ពុជាឆ្នាំនេះ ប្រារព្ធក្រោមប្រធានបទ «យើង​រួមគ្នាថែរក្សាការពារ និង​អភិវឌ្ឍកុមារគ្រប់រូបក្រោម​ម្លប់សន្តិភាពក្នុងយុគសម័យឌីជីថល»

ភ្នំពេញ – ក្រោយ​អាក់ខានរយៈ​ពេល​៣ឆ្នាំ ដោយសារ​ការឆ្លង​រីករាល​ដាល នៃជំងឺកូវីដ១៩ នៅ​ឆ្នាំ​២០២៣នេះ ព្រះរាជាណាចក្រ​កម្ពុជានឹង​ប្រារព្ធទិវាកុមារអន្តរជាតិ១មិថុនា និង​ទិវាកុមារ​កម្ពុជា ឡើងវិញ ក្រោមប្រធានបទ «យើង​រួម​គ្នា​ថែរក្សា​ការពារ និងអភិវឌ្ឍ​កុមារ​គ្រប់រូបក្រោម​ម្លប់សន្តិភាព​ក្នុង​យុគសម័យឌីជីថល»។

តាមរយៈសារលិខិត អបអរខួបលើកទី៧៤ទិវាកុមារអន្តរជាតិ១មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៣ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា លើក​ឡើងថា កុមារ​គឺជាធនធាន​ដែលមិន​អាចខ្វះបាន​សម្រាប់​ការ​អភិវឌ្ឍប្រទេស​ជាតិ។ នៅ​ក្នុងគ្រប់ដំណាក់កាលទាំងអស់នៃការអនុវត្តយុទ្ធសាស្រ្តចតុកោណ រាជរដ្ឋាភិបាល​កម្ពុជា​បានកំណត់​យក «មនុស្ស» ជាវិស័យ​អាទិភាព​ចម្បងបំផុត ហេតុនេះហើយ​ការ​យកចិត្ត​ទុកដាក់ចំពោះសុខមាលភាព សុវត្ថិភាព និង​ការ​អភិវឌ្ឍកុមារ គឺជាគ្រឹះដ៏សំខាន់ក្នុងការ​កសាងមូលធន​មនុស្សប្រកបដោយ​សក្តានុពល សម្រាប់ការ​អភិវឌ្ឍកម្ពុជានាពេលអនាគត។

សម្តេចតេជោបន្តថា ការរីកចម្រើន​ផ្នែកបច្ចេកវិទ្យាឌីជីថល បាននាំមកនូវកាលានុវត្តភាព​ការងារ នយោបាយ សេដ្ឋកិច្ច និងសង្គម​កិច្ច ព្រមទាំង​បាន​លើក​កម្ពស់គុណភាពជីវិត ការងារ បង្កើនទំនាក់ទំនង និង​កិច្ចសហការ​ល្អជាមួយ​បណ្តា​ប្រទេស​នានាក្នុងតំបន់ និង​ជុំវិញ​ពិភពលោក​។ ប៉ុន្តែទន្ទឹមនឹងការរីកចម្រើន​នៃបច្ចេកវិទ្យាឌីជីថលនេះ ក៏​មានការលេចឡើងនូវ​បញ្ហា​ប្រឈម​ជាច្រើន ដូចជា ការចាប់ជំរិត ការ​ជួញដូរខុសច្បាប់ ការ​កេងប្រវ័ញ្ច ការ​រំលោភបំពាន និង​ឧក្រិដ្ឋកម្មផ្សេងៗ​ទៀត ជាពិសេស​តាម​ប្រព័ន្ធអនឡាញ​ដែលបាន​កើត​មាន​ឡើង និង​បានក្លាយ​ជាបរិបទថ្មីមួយ ដែល​អាចមានផល​ប៉ះពាល់ធ្ងន់ធ្ងរ​ដល់ស្រ្តី និង​កុមារ ទាំងផ្លូវកាយ ទាំងផ្លូវចិត្ត ហើយ​បញ្ហា​នេះ កំពុងរីករាលដាលនៅលើពិភពលោក រួមទាំងប្រទេសកម្ពុជាផងដែរ ។

អ៊ីនធឺណេត និង​ទំនើបកម្ម​នៃឧបករណ៍ឌីជីថល បានក្លាយ​ជា​មធ្យោបាយងាយស្រួលសម្រាប់ជនខិលខូចនៅទូទាំងពិភពលោក​ប្រើប្រាស់ ដើម្បីរំលោភបំពាន និងកេងប្រវ័ញ្ចផ្លូវភេទ។ កុមារ និង​យុវជន បានក្លាយ​ទៅជា​គោលដៅ​របស់ជនខិលខូចក្នុង​ការ​អូសទាញឱ្យ​ប្រព្រឹត្ត ឬទទួលរងការកេងប្រវ័ញ្ច និង​ការ​រំលោភបំពានផ្លូវភេទ​តាមប្រព័ន្ធអនឡាញ។ ដោយ​មើលឃើញអំពីបញ្ហា​ប្រឈម និងផលប៉ះពាល់ជាអវិជ្ជមានទាំងអស់នេះ ក្នុងបរិបទជាសាកល រាជរដ្ឋាភិបាលកម្ពុជាបានចូលជាភាគីហត្ថលេខី នៃសេចក្តីថ្លែងការណ៍វីប្រូធិក (WeProtect) នៅទីក្រុងអាប៊ុយដាប៊ី នៃប្រទេស​អេមីរ៉ាត់អារ៉ាប់រួម​ក្នុងឆ្នាំ​២០១៥ ពាក់ព័ន្ធនឹងសកម្មភាព​ទប់ស្កាត់​ការ​កេងប្រវ័ញ្ច និង​ការ​រំលោភបំពានកុមារ​តាមប្រព័ន្ធអនឡាញ និង​បានចូលរួម​អនុម័តសេចក្តីថ្លែងការណ៍​អំពាវនាវឱ្យ​រដ្ឋជាសមាជិកអាស៊ានទាំងអស់ប្រើប្រាស់បទដ្ឋានកម្រិតខ្ពស់ ដើម្បីការពារកុមារទាំងអស់​នៅ​ក្នុង​អាស៊ានពីការ​កេងប្រវ័ញ្ច និង​ការ​រំលោភបំពាន​ផ្លូវភេទ​តាម​ប្រព័ន្ធអនឡាញក្នុងកិច្ចប្រជុំកំពូល កាលពីថ្ងៃទិ២ ខែវិច្ឆិកា ឆ្នាំ​២០១៩ និង​បានចូលជាសមាជិក នៃប្រទេស​ភាពជាដៃគូសកល ដើម្បីលុបបំបាត់អំពើហិង្សា​លើ​កុមារ​នៅ​ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ​២០១៩។

បើតាមប្រសាសន៍​លើក​ឡើងរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ឧស្សាហកម្មបច្ចេកវិទ្យាឌីជីថល​នៅ​ក្នុង​ប្រទេស​កម្ពុជា មានតួនាទីយ៉ាងសំខាន់​ក្នុង​ការ​រក្សា​សុវត្ថិភាពរបស់កុមារ​នៅ​លើ​ប្រព័ន្ធអនឡាញ​នៅ​ក្នុងក្របខណ្ឌស្តីពីសិទ្ធិកុមារ។ ទន្ទឹមនេះ ដើម្បីឆ្លើយតប​ទៅនឹង​ដំណើរការ នៃបដិវត្តន៍​ឧស្សាហកម្ម​ជំនាន់ទី៤ កម្ពុជា​បាន​ត្រៀម​ខ្លួន​រួចជាស្រេចដើម្បីផ្សារភ្ជាប់វិស័យ​នយោបាយ សេដ្ឋកិច្ច និ​ងសង្គម​កិច្ច​ជាមួយ​វិស័យ​បច្ចេកវិទ្យាឌីជីថលថ្មីៗ ។ ជាមួយ​គ្នានេះ រាជរដ្ឋាភិបាល​ក៏​បានដាក់ចេញនូវក្របខណ្ឌអក្ខរកម្មឌីជីថល និង​ភាពជាពលរដ្ឋឌីជីថល ដែលផ្តោត​សំខាន់លើជំនាញ នៃការប្រើប្រាស់ប្រព័ន្ធឌីជីថលប្រកបដោយសុវត្ថិភាព។

ផ្អែក​លើគោល​ការណ៍ណែនាំថ្នាក់ជាតិស្តីពី​កិច្ច​ការពារ​កុមារ​តាមប្រព័ន្ធអនឡាញ ក្រសួងប្រៃសណីយ៍ និង​ទូរគមនាគមន៍​ដែលជា​សេនាធិការរបស់រាជរដ្ឋាភិបាល ក៏បាន​និងកំពុង​រៀបចំគោល​ការណ៍ណែនាំស្តីពី​កិច្ចការពារកុមារ​នៅ​កម្ពុជា​តាម​ប្រព័ន្ធអនឡាញ​សម្រាប់​ក្រុមហ៊ុន​ឧស្សាហកម្មបច្ចេកវិទ្យាឌីជីថលផងដែរ។

ចុងបញ្ចប់នៃសារលិខិតអបអរខួបលើកទី៧៤ទិវាកុមារអន្តរជាតិ១មិថុនា និងទិវាកុមារកម្ពុជា​ឆ្នាំ២០២៣ សម្តេចតេជោ ក៏បានធ្វើការវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្រ្តីរាជការ នៃក្រុមប្រឹក្សាជាតិកម្ពុជា​ដើម្បីកុមារ ក្រុមការងារដើម្បីកុមារ​នៅ​តាម​ក្រសួង ស្ថាប័ន ក្រុមប្រឹក្សាជាតិកម្ពុជា​ដើម្បីកុមារថ្នាក់រាជធានី ខេត្ត គណៈកម្មការការពារកុមារថ្នាក់ជាតិ កាកបាទក្រហមកម្ពុជា អង្គការមិន​មែនរដ្ឋាភិបាលជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍ វិស័យ​ឯកជន គ្រួសារ និង​សហគមន៍ រួមទាំងកុមារខ្លួន​ឯង ដែលបានយក​អស់កម្លាំង​កាយចិត្ត ប្រាជ្ញា ស្មារតី និងធនធាន​ប្រកបដោយ​ការ​ទទួលខុសត្រូវខ្ពស់ ក្នុងការរួមចំណែក​លើក​កម្ពស់សិទ្ធិកុមារ ដើម្បី​ឱ្យ​ពួកគេ​ទទួលបានសិទ្ធិពេញលេញដូចមានចែងក្នុងច្បាប់ជាតិ និងអន្តរជាតិ។

គួរ​បញ្ជាក់ដែរថា ទិវាកុមារអន្តរជាតិ១មិថុនា ត្រូវបានពិភពលោកប្រារព្ធធ្វើ​ជារៀងរាល់ឆ្នាំ ដើម្បីរំលឹកនូវ​ព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្ត នៃរបបវិនាសកម្ម​របស់ពួកហ្វាសស៊ីសអ៊ីត្លែរ ដែលបានកាប់សម្លាប់ស្រ្តី និង​កុមារ​នៅ​ភូមិ​លីឌីសែ នៃប្រទេសឆេកូស្លូវ៉ាគី និង​នៅ​ភូមិ​អូរាឌូ នៃប្រទេស​បារាំង ក្នុង​កំឡុងឆ្នាំ​១៩៤២-១៩៤៤ នៃសង្រ្គាមលោកលើកទី២ ព្រមទាំង​រួមគ្នាទប់ស្កាត់​អំពើហិង្សា ថែរក្សាសន្តិភាពពិភពលោក និង​ជំរុញ​ការអនុវត្ត​សិទ្ធិកុមារ​នៅ​លើ​សកលលោក៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក​ម្មវិធីអាហារូបករណ៍ DSU ផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Milan ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/08/2023

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យMilanពីកម្មវិធីអាហារូបករណ៍ DSU ប្រទេសអ៉ីតាលី ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ១០កន្លែងសម្រាប់​ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបចំនួន១០កន្លែងតាមរយៈសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញសម្រាប់ឆ្នាំ...

មូលនិធិអាហារូបករណ៍ Mabuchi International ផ្តល់​អាហារូបករណ៍សម្រាប់និស្សិត​កម្ពុជា​ចេះភាសាជប៉ុន ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/11/2025

មូលនិធិ​អាហារូបករណ៍​អន្តរជាតិ​ម៉ាប៊ូឈិ (Mabuchi International Scholarship Foundation) ប្រកា​សផ្តល់អាហារូបករណ៍​សម្រាប់និស្សិត​កម្ពុជា​ដែលចេះភាសាជប៉ុន សម្រាប់ឆ្នាំសិក្សា​២០២៦។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង២១០នាក់ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2024

វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន និងគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្ររងចំនួន២១០កន្លែង...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី British Wellcome Scholarships 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2025

កម្មវិធីអាហារូបករណ៍ British Wellcome Scholarship 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យផ្សេងៗក្នុងចក្រភពអង់គ្លេស។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាពេញលេញ សម្រាប់និស្សិតអន្តរជាតិ...

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីពីកម្មវិធីអាហារូបរកណ៍ Tech Girls សម្រាប់សិស្សវិទ្យាល័យឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/10/2023

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីពីកម្មវិធីអាហារូបករណ៍TechGirlsនៅសហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៤ សម្រាប់ក្មេងស្រីដែលកំពុងសិក្សានៅថ្នាក់វិទ្យាល័យ...

អាហារូបករណ៍សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Monash ចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/08/2023

កម្មវិធីអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យMonash ប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែង ...

ឱកាសសិក្សាជំនាញ AI ពីកម្មវិធី Google Course Artificial Intelligence 2024 តាមរយៈ Online

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/02/2024

កម្មវិធី Google Course Artificial Intelligence 2024 ផ្ដល់ការសិក្សាអំពី Artificial Intelligence(AI) សម្រាប់ឆ្នាំសិក្សា២០២៤ ។ ការសិក្សាវគ្គខ្លីនេះផ្ដល់...

អាហារូបករណ៍វគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេសពីមជ្ឈមណ្ឌលស៊ីមេអូ RELC នៅប្រទេសសឹង្ហបុរី សម្រាប់ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/07/2023

មជ្ឈមណ្ឌលស៊ីមេអូ RELC ប្រកាសផ្ដល់អាហារូបករណ៍សិក្សាវគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេសតាមរយៈការសិក្សាផ្ទាល់នៅប្រទេសសឹង្ហបុរី និងតាមបែបចម្រុះសម្រាប់ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាចំនួន១៦កន្លែងដល់បេក្ខជនដែលជាគ្រូបង្រៀនឯកទេសភាសាអង់គ្លេស ។